Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​កំពុង...

តុលាការ​កំពុង​សាកសួរ​ជនបង្ក​បើក​រថយន្តបុក​សម្លាប់​មនុស្ស​ម្នាក់​និង​របួស​ម្នាក់​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ជនបង្ក​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើក​រថយន្តបុក​ហើយ​ថយ​មក​កិន បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​មនុស្ស​ម្នាក់ទៀត​រងរបួស​ធ្ងន់ បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូនមក​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ជនបង្ក​ឈ្មោះ យ៉ាន់​ណា លី​ណា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ ពេទ្យធ្មេញ ស្នាក់​នៅផ្ទះ​លេខ​៥ អឹម ក្រុមទី​៤ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ទី​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ត្រូវ​លោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ខុន តុង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ (​ស្លាប់​) និង​អ្នករួមដំណើរ​ឈ្មោះ ពៅ ម៉ត់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់នៅ​ភូមិ​ស្រះកែវ សង្កាត់​ក្រាំងស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ( របួសធ្ងន់ )​។​

​លោក​ឧត្ដមសេនីយ៍ទោ ចេ​វ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ចរាចរ​ណ៍​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើត​ត​ឡើង​នៅ​ចំណុច​ផ្លូវ​១៧៣ កែង​ផ្លូវ​៣២៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង វេលា​ម៉ោង ១១:៣០​នាទី យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ ដោយ​រថយន្ត​ម៉ាក Lexus NX 200 T ស្លាក​លេខ​ភ្នំពេញ 2BH-8494 បាន​បើក​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​។ ចំណែក​ជនរងគ្រោះ​ម៉ូតូ​ម៉ាក Honda C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1AI-3848​។ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនបង្ក នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​។​

​តាមរយៈ​វីដេអូ ដែល​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឃើញថា ជនបង្ក​ពិតជា​មាន​ចរិត​ឃោរឃៅ ព្រៃផ្សៃ​ណាស់​។ បន្ទាប់ពី​បុក​ជនរងគ្រោះ​ពីក្រោយ​មិន​ស្លាប់​ហើយ ជនបង្ក​បាន​បើក​ថយក្រោយ កិន​ជនរងគ្រោះ​បន្ថែម រហូតដល់​ស្លាប់​ពេល​បញ្ជូន​ទៅដល់ មន្ទីរពេទ្យ​។ បច្ចុប្បន្ន សព​ជនរងគ្រោះ​កំពុង​តំកល់​ធ្វើបុណ្យ​នៅ​វត្ត​សំរោង​អណ្ដែត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular