ដោយៈ បូកគោ / កំពតៈ ដោយសារទំហំទឹកភ្លៀង ហូរចូលអាងស្តុក នៃទំនប់វារីទំនប់វារីអគ្គិសនី កំចាយ មានបរិមាណច្រើននោះ ក្រុមហ៊ុនស៊ីណូហាយដ្រូ អាចនឹងបើកទ្វារបង្ហូរទឹកចេញ ក្នុងកណីចាំបាច់។
យោងតាមសេចក្តីជូនដំណឹង របស់សាលាខេត្តកំពត មានខ្លឹមសារថាៈ គិតត្រឹមវេលាម៉ោង ៧ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹក នៅអាងទំនប់វារីអគ្គិសនី កំចាយ មានកម្ពស់ ១៤៨,៨៩ ម៉ែត្រ ជាមួយនឹងបរិមាណទឹកហូរចូល ៧៣៦,៥០ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី។ អ្នកបច្ចេកទេសរបស់ ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក តាមលក្ខណៈបច្ចេកទេស ដោយសន្សឹមៗ ប្រសិនបើភ្លៀង នៅតែបន្តធ្លាក់ និងកម្រិតទឹកឡើងខ្ពស់ ជាងនេះ។ ម្ល៉ោះហើយ សូមបងប្អូនប្រជាពលរដ្ឋ នៅក្បែរដងព្រែក មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការនូវផលប៉ះពាល់ ជាយថាហេតុ។
សូមបញ្ជាក់ថា សេចក្តីប្រកាសដូចគ្នានេះ បានធ្វើម្តងរួចមកហើយ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ គ្រាដែលកម្ពស់ទឹក នៅអាងស្តុក មានកម្រិត ១៤៦,៧៥ ម៉ែត្រ ខណៈដែលបរិមាណទឹកហូរចូលអាង មានកម្រិត ៥៣១ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី។ ប៉ុន្តែ ការបើកបង្ហូរ បានអាក់ខានវិញ ព្រោះតែស្ថានភាពភ្លៀង បានថមថយ ហើយកម្ពស់ទឹក មិនបន្តកើនឡើងនោះ៕/V




