រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បាននិយាយកាលពីថ្ងៃសុក្រទី១៦តុលាថា ចិនបានបញ្ជាក់ច្បាស់ហើយថាខ្លួននឹងខិតខំផលិតវ៉ាក់សាំងតាមសមត្ថភាពរបស់ខ្លួននិងផ្តល់អាទិភាពលើតំរូវការវាពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រួមមានបណ្តាប្រទេសនៅក្នុងសមាគមអាស៊ាន ។

លោកវ៉ាង បាននិយាយដូច្នេះនៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយជាមួយទីភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់ចិន បន្ទាប់ពីលោកបានធ្វើកិច្ចពិភាក្សាកាលពីសប្តាហ៍មុនជាមួយតំណាងប្រធានាធិបតីឥណ្ឌូនេស៊ី និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅក្នុងខេត្តយុនណាន ក្រោពីលោកបានបញ្ចប់ដំណើរទស្សនកិច្ចកាលពីថ្ងៃសុក្រសប្តាហ៍មុននៅអាស៊ីអាគ្នេយ៍ ដែលបាននាំរូបលោកមកកាន់ប្រទេសកម្ពុជា ម៉ាឡេស៊ី ឡាវ ថៃនិងសិង្ហបុរី។
នៅពេលនិយាយអំពីថាតើចិននឹងបំពេញការសន្យារបស់ខ្លួនយ៉ាងណាដើម្បីធ្វើអោយវ៉ាក់សាំងរបស់ខ្លួនក្លាយជាផលប្រយោជន៍សកលមួយ លោកវ៉ាងបាននិយាយថា វីរុសនេះមិនស្គាល់ព្រំដែនទេ និងទាល់តែប្រទេសទាំងអស់កំចាត់ចោលអស់ជំងឺឆ្លងនេះ ទើបការប្រយុទ្ធប្រឆាំងរបស់ពិភពលោកប្រឆាំងនឹងជំងឺកូវីដ១៩នេះទទួលបានជោគជ័យ។«វ៉ាក់សាំងជាសព្វាវុធខ្លាំងបំផុត»ដើម្បីបង្ក្រាបវា។
លោកបានបន្ថែមថា អំពីបញ្ហាពាក់ព័ន្ធនឹងអាយុជីវិតនិងសុខភាពមនុស្ស សហគមន៍អន្តរជាតិគួរសហការគ្នា ដោយ«យើងមិនអាចប្រយុទ្ធប្រឆាំងវាតែឯង …»។
ដោយកត់សំគាល់ថាចិនជាអ្នកឈានមុខគេមួយនៅក្នុងការផលិតវ៉ាក់សាំង លោករដ្ឋមន្ត្រីបាននិយាយថាចិនបានចែករំលែកសំណុំហ្សែនវីរុសនេះជាមួយអង្គការសុខភាពពិភពលោកទាន់ពេលនៅដំណាក់កាលដំបូងនៃការផ្ទុះជំងឺ ដោយបង្កើតបានលក្ខខណ្ឌចាំបាច់សំរាប់ការផលិតវ៉ាក់សាំងសកល។ចិនមានបំណងបំពេញការសន្យាតាំងចិត្តរបស់ខ្លួន ដើម្បីធ្វើអោយវ៉ាក់សាំងចិនក្លាយជាផលិតផលសាធារណៈសកលមួយ នៅពេលខ្លួនផលិតបានវាដោយជោគជ័យនិងដាក់ប្រើវាជាទូទៅ ហើយថែមទាំងចូលរួមចែកចាយវាសំរាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ប្រើប្រាស់វាថែមទៀត៕ប្រែសម្រួល៖វាសនា