នយោបាយ ជា​រឿង​ផ្សេង តែ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជា​រឿង​រួម​ជាតិ​!

ដោយៈ លី ម៉េង​ហួរ​៖ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ លោក កឹម សុខា អតីត​ប្រធាន គណបក្សប្រឆាំង នៅ​កម្ពុជា បានប្រកាស​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រជា ពលរដ្ឋ​ខ្មែរ ក្នុង និង​ក្រៅប្រទេស មានចិត្ត​សប្បុរសធម៌ អាណិត​ស្រឡាញ់​បងប្អូន​រួម​ជាតិ​យើង ដែល​បាន និង​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​បាន​ចូលរួម​ជា​ថវិកា សម្ភារ តាមរយៈ​លោក ដើម្បី ឲ្យ​លោក យកទៅ​ចែកជូន​ផ្ទាល់​ដល់ទី​កន្លែង​រងគ្រោះ​កន្លងមក និង​បន្តទៀត​។

​កាលពី​ថ្ងៃទី​១៦ ខែតុលា លោក កឹម សុខា ដែល​កំពុង​ជាប់ចោទ​ក្នុង​សំណុំរឿង​ក្បត់ជាតិ ក៏បាន​ផ្តល់ជូន​តាមរ​យៈ​រាជរដ្ឋាភិបាល សម្រាប់​ចូលរួម​ការងារ​សង្គ្រោះ​ផលប៉ះពាល់​ដោយ ទឹកជំនន់​នេះ នូវ​ទឹកប្រាក់​ចំនួន ៥.០០០​ដុល្លារ ផងដែរ​។​

​បន្ទាប់ពី​ទទួលបាន​ជំនួយ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លិខិត ថ្លែងអំណរគុណ ជូន​ចំពោះ​លោក កឹម សុខា និង​លោកស្រី ដូច​អ្វីដែល​សម្តេច​បាន​សរសេ​រ លិខិត​ថ្លែងអំណរគុណ​ដូចនេះ ជូន​សប្បុរសជន​ជាច្រើន​ទៀត ដែល​បរិច្ចាគ​ថវិកា​ជូន​សម្តេច ដើម្បី​ចូលរួម​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។​

​ក្នុង​លិខិត ចុះ​ថ្ងៃទី​១៦ ខែតុលា ជូន​លោក​កឹម​សុខា និង​ភរិយា សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​«​ខ្ញុំ​តែងតែមាន​មោទនភាព​យ៉ាង​ជ្រាលជ្រៅ​ដោយសារ​គុណធម៌​ដ៏​ថ្លៃថ្លា របស់​ជនរួមជាតិ​យើង ដែលជា​និច្ចកាល តែងតែ​បង្ហាញ​នូវ​សប្បុរសធម៌ និង​សាមគ្គីធម៌ ជួយ​គ្នា​ទៅវិញទៅមក ក្នុង​គ្រា​មាន​អាសន្ន​»​។​

​សម្តេច​តេ​ជោ​បាន​បន្ថែម​ក្នុង​លិខិត​ថា «​ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ថ្លែង អំណរគុណ​យ៉ាង​ស្មោះ ចំពោះ​ជំនួយ​ជា​ថវិកា​ចំនួន ៥០០០ ដុល្លារ​អាមេរិក ដែល​ឯកឧត្តម និង​លោកជំទាវ បានផ្តល់​ជា​កិច្ច​ជួយ​សម្រាល​ដល់​ការដោះស្រាយ​ផលវិបាក​ដោយសារ​ទឹកជំនន់ ដែល​កើតចេញ​មកពី​គ្រោះធម្មជាតិ ក្នុងពេល​បច្ចុប្បន្ន​»​។​

​គេ​នៅ​ចាំបាន​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​លោក កឹម សុខា បាន​ចូលរួម​បរិច្ចាគ​ថវិកា ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយនឹង​សប្បុរសជន ជាច្រើន​ផ្សេងទៀត ដើម្បី​ដោះស្រាយ​បញ្ហា ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​។​

​កាលពី​ខែមករា ឆ្នាំ​២០២០ លោក កឹម សុខា ក៏បាន​បរិច្ចាគ​ថវិកា ២០០០ ដុល្លារ​ជូន​សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​អ្នករងគ្រោះ ដោយ​ការបាក់​រលំ​អគារ​កម្ពស់ ៧​ជាន់ នៅ​ខេត្ត​កែប កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​។​

​ចំណែក​កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ លោក កឹម សុខា ក៏បាន​បរិច្ចាគ​ថវិកា ៥០០០ ដុល្លារ ជូន​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ សម្រាប់​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​។​

​បន្ទាប់ពី​ទទួល​ថវិកា​ជំនួយ​នេះហើយ រៀងរាល់​លើក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​តែងតែ សរសេរ​លិខិត​ថ្លែងអំណរគុណ​លោក​កឹម​សុខា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​ប្រជាជន​កម្ពុជា​យើង កំពុងតែ​ប្រឈម​នឹង​ហានិភ័យ ដែល​បង្កឡើង​ជំងឺ​រីក​រាលដាល​កូ​វីដ​១៩​។ ក្នុង​ស្មារតី​នេះ រដ្ឋាភិបាល សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ដោយស្មោះ​ចំពោះ​ឯកឧត្តម ដែល​បាន​បរិច្ចាគ​នូវ​ជំនួយ​ជា​ថវិកា​ចំនួន ៥​ពាន់​ដុល្លារ ដល់​រាជរដ្ឋាភិបាល សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​»​។​

​ទោះបីជា​កន្លងមក លោក កឹម សុខា បានធ្វើ​នយោបាយ ក្នុងនាម​គណបក្សនយោបាយ ដើម្បី​ប្រកួតប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​ការបោះឆ្នោត ហើយ​ពេលខ្លះ ក៏​រិះគន់​រាជរដ្ឋាភិបាល ផង​នោះ ក៏​ក្នុង​បំណង​ដើម្បី​តែ​ជាតិ និង​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​។​

​ដូច្នេះ​ការធ្វើ​នយោបាយ មិន​ថា លោក​កឹម​សុខា ឬ​អ្នកនយោបាយ​ឬ​គណបក្សនយោបាយ ណា​នោះទេ គឺមាន​បំណង ដើម្បី​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។ ដូច្នេះ​នៅពេលនេះ សង្គមជាតិ និង​ប្រជាជន ជួប​ការលំបាក ត្រូវការ​ជំនួយ​សង្គ្រោះ​ហើយ ហេតុអ្វី​បានជា​មាន​ពេល មានឱកាស​ហើយ មិន​ចូល​មកជួយ មិន​ចូលមក​បម្រើ និង​សង្គ្រោះ​ប្រជាជន​រងគ្រោះ​ដែល កំពុង​ត្រូវការ​ជំនួយ​?​។​

​ក្នុង​កាលៈទេសៈ​ពេលនេះ ប្រជាពលរដ្ឋ អាច​មើលឃើញ​កាន់តែច្បាស់​ហើយ​ថា អ្នកនយោបាយ ឬ​គណបក្សនយោបាយ​ណា ជួយសង្គ្រោះ ដល់​ប្រជាពលរដ្ឋ​ពិតប្រាកដ ខណៈដែល​កន្លងមក អ្នកនយោបាយ​ស្រែ​កកោកៗ ពី​ការបម្រើ និង​ជួយ​ប្រជាពលរដ្ឋ តែបើ​នៅពេលនេះ​ប្រជាពលរដ្ឋ ជួប​ទុក្ខលំបាក​ហើយ មិន​មកជួយ នោះ​នយោបាយ​កន្លងមក គឺជា​ន​យោ​បោក​ហើយ​។​

​សម្រាប់​លោក កឹម សុខា និង​អតីត​អ្នកនយោបាយ​ប្រឆាំង​ខ្លះ ពេលនេះ អាច​ចូលរួម​បង្ហាញ ដល់​ប្រជាពលរដ្ឋ ជាមួយនឹង​រាជរដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់លំដាប់ ថ្នាក់ ពី​ការចូលរួម​សង្គ្រោះ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជួប​ការលំបាក​ដោយសារ​គ្រោះ ទឹកជំនន់​។ គ្រោះទឹកជំនន់ បង្កដោយ​ទឹកភ្លៀង ដែល​មកដល់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាង ២១​ម៉ឺន​នាក់ នៅ ២៨៣​ឃុំ​សង្កាត់ នៅក្នុង ១៩ ខេត្ត​រាជធានី ហើយ​មាន ១៨​នាក់ បាន​ស្លាប់ ដោយ​លង់ទឹក​៕

សកម្មភាព​ជួយសង្គ្រោះ​ប្រជាជន​ពី​ជំនន់​ទឹកភ្លៀង​(​រូបថត​ផេ​ក​ភាតរ​យុទ្ធជន​)
សកម្មភាព​ជួយសង្គ្រោះ​ប្រជាជន​ពី​ជំនន់​ទឹកភ្លៀង​(​រូបថត​ផេ​ក​ភាតរ​យុទ្ធជន​)
សកម្មភាព​ជួយសង្គ្រោះ​ប្រជាជន​ពី​ជំនន់​ទឹកភ្លៀង​(​រូបថត​ផេ​ក​ភាតរ​យុទ្ធជន​)
សកម្មភាព​ជួយសង្គ្រោះ​ប្រជាជន​ពី​ជំនន់​ទឹកភ្លៀង​(​រូបថត​ផេ​ក​ភាតរ​យុទ្ធជន​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular