ទិវា​ឯករាជ្យ​ជាតិ អា​ស៊ែ​បៃ​ហ្ស​ង់

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ អា​ស៊ែ​បៃ​ហ្ស​ង់ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី​១៨ ខែតុលា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ពួកគេ ប្រកាស​ឯករាជភាព ពី​សហភាពសូវៀត កាលពី​ឆ្នាំ ១៩៩១ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ ៖
​សាធារណរដ្ឋ អា​ស៊ែ​បៃ​ហ្ស​ង់ មាន​ផ្ទៃដី ៨៦.៦០០ គីឡូម៉ែត្រ​ក្រឡា ស្ថិត​ចំណុច​បំបែក​គ្នា នៃ ទ្វីបអាស៊ី នារ​តី និង ទ្វីប អឺរ៉ុប អាគ្នេយ៍ មាន​ព្រំដែន​ជាប់​ប្រទេស រុស្ស៊ី ច​ច​ជា អា​ម៉េ​នី អ៊ីរ៉ង់ និង សមុទ្ទ កា​ស្ពី ។ ឆ្នាំ ២០២០ មាន​ប្រជាជន​ជាង ១០ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ។ ភាសាផ្លូវការ គឺ​ភាសា អា​ស៊ែ​បៃ​ហ្ស​ង់ រដ្ឋធានី​គឺ​ទីក្រុង បា​គូ ។​

ប្រវត្តិសាស្ត្រ ៖
​ទឹកដី​ដែលជា​ប្រទេស អា​ស៊ែ​បៃ​ហ្ស​ង់ បច្ចុប្បន្ននេះ បាន​ក្លាយជា​រដ្ឋ​ឯករាជ្យ មួយ​តាំងពី​អំឡុង សតវត្សរ៍​ទី​៤ មុន​គ្រិស្តសករាជ មកម្ល៉េះ ដែល​គ្រប់គ្រង ដោយ​ពួក​ជនជាតិ កូ​កាស អាល់​បា​នី ។ នៅ​ឆ្នាំ ២៥២ ចក្រភព​សា​សាន ( នៃ​ជនជាតិ​ពែ​ក បច្ចុប្បន្ន​គឺ អ៊ីរ៉ង់ ) បាន​យក កូ​កាស អាល់​បា​នី ធ្វើជា​រដ្ឋ​បរិវារ នៅពេលដែល​ស្តេច អួ​ណា​យ័រ នៃ រាជវង្ស អាសា​ស៊ី បាន​ទទួលយក​សាសនា គ្រិស្ត ធ្វើជា​សាសនា​របស់​រដ្ឋ ។​

​បើទោះជា​ត្រូវបាន​ត្រួតត្រា ដោយ​រាជវង្ស សា​សាន​ក្តី ក៏​អាល់​បា​នី នៅតែ​រក្សាបាន​នូវ​របប​រាជា និយម​របស់ខ្លួន ហើយ​ដណ្តើមបាន​នូវ ឋានៈ​ជា​ប្រធាន​លើ ពពួក​រដ្ឋ​ជា​បរិវារ ទាំងពួង​ទៀតផង ។ នៅ​ដើម​សតវត្សរ៍​ទី​៦ ជនជាតិ​អារ៉ាប់ បាន​ឈ្លានពាន តំបន់​ជនជាតិ​ពែ​ក ហើយ​កូ​កាស អាល់​បា​នី ( នៅ​ឋានៈ​ជា​បរិវារ របស់​ចក្រភព​សា​សាន នៅឡើយ ) ក៏មាន​អ្នក​កាន់សាសនា អ៊ិ​ស្លាម វិញ​ខ្លះ ។​

​ស្តេច ចា​វ៉ាន​ហ្សៀ​រ នៃ​អាណាចក្រ​កូ​កាស អាល់​បា​នី ដែលជា​អ្នក​កាន់ គ្រិស្តសាសនា​បានធ្វើ សង្គ្រាម តតាំង​នឹង​ពួក​អារ៉ាប់ ប៉ុន្តែ​ត្រូវបាន​បង្ក្រាប នៅ​ឆ្នាំ ៦៦៧ និង​បាន​រុញច្រាន​បណ្តេញ ពួក​រាជវង្ស សា​សាន និង​ពួក​ប៊ី​ហ្ស​ង់​តាំង ( ជា​អ​តី​តី​រដ្ឋ​ដ៏​ធំ​មួយ នៃ​ចក្រភព​អាល្លឺម៉ង់ )​ចេញពី តំបន់ ត្រង់​កូ​កាស ឬ កូ​កាស ខាងត្បូង ហើយ​បាន​ដណ្តើម អាណាចក្រ កូ​កាស អាល់​បា​នី ទៅជា​រដ្ឋ​បរិវារ ។ នៅ​ដើម​សតវត្សរ៍​ទី ១១ ទឹកដី​នោះ ត្រូវបាន​ដណ្តើម​កាន់កាប់​ដោយ​ពួក អូ​ហ្គូ​ស ទួ​ក​គី ( ទួ​ក​គី ភាគ​ខាងលិច នាពេល​បច្ចុប្បន្ន ) ។ ពួក​ជនជាតិ ទួ​ក​គី ទាំង​នោះបាន​បង្កើត ចក្រភព ដំបូង​ឈ្មោះថា សែ​ល​ជូ​ក នៅលើ​ទឹកដី​ដែលជា​ប្រទេស អា​ស៊ែ​បៃ​ហ្ស​ង់​នាពេល បច្ចុប្បន្ននេះ​នៅ​ឆ្នាំ ១០៦៧ ។​

​នៅ​អំឡុង​សតវត្សរ៍​ទី ១៤ ទឹកដី​នេះ​បាន​ត្រូវ​ឈ្លានពាន និង ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​ជន​ជាតិ ម៉ុង​ហ្គោល ហើយ​បង្កើតបានជា ចក្រភព ទី​មួរ និង មានការ​ផ្លាស់ប្តូរ​ម្ចាស់​តាមរយៈ​សង្គ្រាម​ជា បន្ត​បន្ទាប់មក ដោយមាន​ទាំង​ពួក​រាជ​វង​ស្ស របស់ អ៊ីរ៉ង់ ផង ។​

ធ្លាក់​ក្នុង​ដៃ រុស្ស៊ី​-​សូ​វៀត ៖
​នៅ​អំឡុង​សតវត្សរ៍​ទី ១៨ ចក្រភព រុស្ស៊ី បាន​ក្លាយជា ចក្រភព ដ៏​ខ្លាំងក្លា​ហើយ​ក្លាយជា​អ្នក​ឈ្លា​ន ពាន​ទៅលើ ចក្រភព ២ ផ្សេងទៀត ដែល​នៅ​ជិត​ខ្លួន នៅ​ភាគខាងត្បូង ដែលជា​គូប្រជែង គឺ ចក្រភព អូ​តូ​ម៉​ង់ ( ទួ​ក​គី ) និង អ៊ីរ៉ង់ ។ ចក្រភព​រុស្ស៊ី បាន​ព្យាយាម យ៉ាងសកម្ម​ក្នុងការ​ដណ្តើម កាន់កាប់ តំបន់​កូ​កាស ដែល​ពេលនោះ ភាគច្រើនបំផុត ស្ថិតក្នុង​ដៃ​អ៊ីរ៉ង់ ។​

​នៅ​ឆ្នាំ ១៨០៤ រុស្ស៊ី បាន​ចូល​ឈ្លានពាន និង​កាន់កាប់​ទីក្រុង​អ៊ីរ៉ង់ បាន​បញ្ឆេះ​សង្គ្រាម រុស្ស៊ី​-​ពែ​ក ចាប់ពី​ឆ្នាំ ១៨០៤ ( ដល់​ឆ្នាំ ១៨១៣ ) ហើយ​សង្គ្រាម​នេះ បាន​បញ្ចប់ទៅ ដោយ​ជោគជ័យ ធ្លាក់​ទៅខាង​រុស្ស៊ី ដែលមាន​កងទ័ព ដ៏​ខ្លាំង​មហិមា ។ ចក្រភព​រុស្ស៊ី ក៏បាន​បង្ខំ​ឱ្យ​រដ្ឋ ជាច្រើន​ទៀត ចុះ​ញ៉ម​ផងដែរ ដូចជា​រដ្ឋ ច​ច​ជា និង ដា​ហ្កេ​ស្តង់ អា​ម៉េ​នី ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ ចក្រភព​រុស្ស៊ី តាមរយៈ​សន្ធិសញ្ញា ហ្គូ​លី​ស្តង់ នា​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ១៨១៣ ។ ប្រមាណ​ជា ១ ទសវត្សរ៍ ក្រោយមក ចក្រភព​រុស្ស៊ី បាន​ឈ្លានពាន អ៊ីរ៉ង់ ម្តងទៀត ហើយ​សង្គ្រាម​រវាង ប្រទេស​គូប្រជែង ជាប់​របង​គ្នា ទាំង ២ ក៏បាន​ឆាបឆេះ​ឡើង ម្តងទៀត ចាប់ពី​ឆ្នាំ​១៨២៦ ដល់​ឆ្នាំ​១៨២៨​ដោយ ជោគជ័យ បាន​ធ្លាក់​ទៅខាង​រុស្ស៊ី​ទៀត នាំឱ្យ​ទឹកដី ដែលជា​ប្រទេស អា​ស៊ែ​បៃ​ហ្ស​ង់ ទាំង​ប៉ុន្មាន ដែល​នៅ​សេសសល់ ក្នុង​ដៃ​របស់​អ៊ីរ៉ង់ របូត​ចូលក្នុង​ដៃ​រុស្ស៊ី​ទាំងអស់ ដោយ​រួមទាំង​ទឹកដី តំបន់​កូ​កាស​ទាំ​មូល ក៏​ធ្លាក់​ទៅក្នុង​ដៃ​រុស្ស៊ី ដែរ ។​

សា​ធាណ​រដ្ឋ ប្រជាធិបតេយ្យ អា​ស៊ែ​បៃ​ហ្ស​ង់ ៖
​ការ​ប្រជែង​គ្នា នៃ ពួក​មហាអំណាច ក៏បាន​អូសទាញ ឱ្យ​ប្រទេស​តូចតាច​ក្រោម​អំណាច​របស់ ពួកគេ ធ្លាក់​ក្នុង​ភ្នក់ភ្លើង​សង្គ្រាមលោក លើក​ទី ១ ( ២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨ ) ។ សង្គ្រាម​នោះ បានធ្វើឱ្យ​ចក្រភព​រុស្ស៊ី ( ក៏ដូចជា ប្រទេស​ដទៃ ភាគច្រើនបំផុត ក្នុង​លោក ) ដែល​ធ្លាប់តែ​សម្បូរ​រុងរឿង ក្លាយជា​ប្រទេស​ខ្វះខាត សូម្បីតែ​ស្បៀងអាហារ ក៏​ត្បិតត្បៀត​ដែរ ។ ទីបំផុត ក៏បាន​ផ្ទុះឡើង​នូវ បដិវត្តន៍ ខែកុម្ភៈ ឆ្នាំ​១៩១៧ បាន​ផ្តួលរំលំ​របបរាជានិយម នៃ ចក្រភព​រុស្ស៊ី ជំនួស ដោយ​រដ្ឋាភិបាល បណ្តោះអាសន្ន ( ក្រោយមក គឺ​សាធារណរដ្ឋ​រុស្ស៊ី ) នាំឱ្យ​ប្រទេស​នេះ រវល់​វក់វីរ តែ​នឹង​រឿង​ផ្ទៃក្នុង ដែល​បានសេចក្តីថា អំណាចកណ្តាល នៅ​រុស្ស៊ី មាន​ភាព​រង្គោះរង្គើ យ៉ាងច្រើន ។ ខណៈនោះ សាធារណរដ្ឋ សហព័ន្ធ ប្រជាធិបតេយ្យ ត្រង់​កូ​កាស ( តំបន់​ដែល​បច្ចុប្បន្ន ជា​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ ច​ច​ជា និង អា​ម៉េ​នី​ដែល​កាល ណោះ កំពុង​ត្រូវបាន​ដណ្តើម​កាន់កាប់ ដោយ​ចក្រភព​រុស្ស៊ី ) ឬ សហព័ន្ធ​ត្រង់​កូ​កាស ត្រូវបាន​ប្រកាស​បង្កើត​ឡើង នៅ​ថ្ងៃទី​២២ ខែមេសា ( ដល់​ថ្ងៃទី ២៨ ខែ ឧសភា ) ឆ្នាំ ១៩១៨ ។​

​គណបក្ស បុល​សេ​វិក ( រុស្ស៊ី ) ដោយមាន​ការគាំទ្រ ដោយ​សហព័ន្ធ​បដិវត្តន៍​អា​ម៉េ​នី​បាន​បើក ការកាប់សម្លាប់​គ្នា យ៉ាង​រង្គាល ទៅលើ​ពួក​មូ​ស្ល៊ិ​ម បះបោរ ដោយមាន​គណបក្ស មូ​សាវ៉ាត ជា​ប្រមុខ នៅក្នុង​ទីក្រុង​បា​គូ និង​តំបន់​ជិតៗ​នោះ ចាប់ពី​ថ្ងៃទី ៣០ ខែមីនា ដល់​ថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៩១៨ ដែល​គេ​ហៅថា ព្រឹត្តិការណ៍ ខែ មីនា នោះបាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ប្រមាណ​ជា ១២.០០០ នាក់ ។​

​ពេលនោះ គណបក្ស មូ​សាវ៉ាត បានប្រកាស​ឯករាជភាព ថា​ជា សាធារណរដ្ឋ ប្រជាធិបតេយ្យ អា​ស៊ែ​បៃ​ហ្ស​ង់ ។ សាធារណរដ្ឋ ប្រជាធិបតេយ្យ អា​ស៊ែ​បៃ​ហ្ស​ង់ គឺជា​រដ្ឋ​ទី​១ ក្នុង​ពិភព​មូ​ស្ល៊ី​ម ដែលមាន​សភា​ទំនើប និង​ផ្តល់​សិទ្ធិ ឱ្យ​ស្ត្រី​ស្មើនឹង​បុរស ។ មួយទៀត គឺ​បាន​បង្កើត​សកល វិទ្យាល័យ រដ្ឋ​បា​គូ ដែលជា​សក​វិទ្យាល័យ ទំនើប មុនគេ ក្នុង​ពិភព​មូ​ស្ល៊ី​ម នៅ​បូព៌ា ។​

​ប៉ុន្តែ​ឯករាជភាព​របស់ អា​ស៊ែ​បៃ​ហ្ស​ង់ មាន​អាយុកាល ត្រឹមតែ ២៣ ខែ ប៉ុណ្ណោះ​ដោយសារ​ត្រូវ បាន​កងទ័ព​ក្រហម របស់ សូ​វៀត ចូល​ឈ្លានពាន​ម្តងទៀត ហើយ​បង្កើតជា អា​ស៊ែ​បៃ​ហ្ស​ង់ សាធារណរដ្ឋ សង្គមនិយម សូ​វៀត នៅ​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ១៩២០ ។ សាធារណរដ្ឋ ប្រជាធិបតេយ្យ អា​ស៊ែ​បៃ​ហ្ស​ង់ ក៏បាន​ដល់ទី​អវសាន ។​

សង្គ្រាមលោកលើកទី ២ ៖
​នៅ​អំឡុង​សម័យ​សង្គ្រាមលោក លើក​ទី ២ ( ១៩៣៩-១៩៤៥ ) អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ដើរតួនាទី យ៉ាងសំខាន់ ក្នុង​គោលនយោបាយ ថាមពល​យុទ្ធសាស្ត្រ របស់ សហភាពសូវៀត​ព្រោះ​ប្រេង ឥន្ធនៈ ៨០ ភាគរយ របស់​សហភាពសូវៀត នៅ​សមរភូមិ​មុខ ភាគ​ខាងកើត ត្រូវបាន​ផ្គត់ផ្គង់ ដោយ​ទីក្រុង​បា​គូ ។ អំឡុង​ពេលនោះ ប្រជាពលរដ្ឋ អា​ស៊ែ​បៃ​ហ្ស​ង់ មាន ៣,៤ លាន​នាក់ ។ ពួកគេ​ប្រមាណ​ជា ៦៨១.០០០ នាក់ ដែល​ក្នុងនោះ ប្រមាណ​ជា ១០០.០០០ នាក់ គឺជា​ស្ត្រី បាន​ចេញទៅ សមរភូមិ​មុខ ។ ប្រជាពលរដ្ឋ អា​ស៊ែ​បៃ​ហ្ស​ង់ ប្រមាណ​ជា ២៥០.០០០ នាក់ មិនបាន​យកអាយុ​ជីវិត ចេញពី​សមរភូមិ​ឡើយ ពោលគឺ​ពួកគេ​បាន​ស្លាប់ នៅក្នុង​សមរភូមិ ។​

ខែមករា ដ៏​ខ្មៅ​ងងឹត ៖
​ក្រោយពេល​សង្គ្រាមលោក លើក​ទី ២ បាន​បញ្ចប់ទៅ ក៏​ជា​ពេល​ចាប់កំណើត នៃ​សង្គ្រាមត្រជាក់ រវាង​ក្រុម​ពួក​មហាអំណាច ឈ្នះ​សង្គ្រាមលោក​ដែរ ដោយសារតែ​លទ្ធិ​នយោបាយ​ផ្សេងគ្នា​របស់ ពួកគេ គឺ​ម្ខាង​ជា​សង្គមនិយម ឬ កុ​ម្មុយ​និ​ស្ត​និយម ដោយមាន​សហភាពសូវៀត ជា​បិតា​ស្ថាបនិក ចំណែក​ម្ខាង​ទៀត គឺជា​ពួក​អ្នក​សេរីនិយម ដែលមាន​សហរដ្ឋ អាមេរិក ជា​ប្រមុខ ។​

​បន្ទាប់ពី​ការរត់​ប្រណាំង នៅក្នុង​សង្គ្រាមត្រជាក់ ជាមួយ អាមេរិក និង គូកន ប៉ុន្មាន​ទសវត្សរ៍​មក សហភាពសូវៀត បាន​ខ្សោះ​ស្ទើរ​អស់​ថាមពល​ពី​ខ្លួន នាំឱ្យមាន​ភាពច្របូកច្របល់ ជាច្រើន បាន​លេចឡើង ដែល​ចាំបាច់ ត្រូវតែ​ធ្វើកំណែទម្រង់ ។ មី​ខា​អែល ហ្គោ​បា​ឆូវ​បាន​ឡើងកាន់ អំណាច នៅ​សហភាព សូ​វៀត នៅ​ឆ្នាំ ១៩៨៨ ( ដល់​ឆ្នាំ ១៩៩១ ជាទី​អវសាន នៃ សហភាព សូ​វៀត ជំនួស​ដោយ សហព័ន្ធ រុស្ស៊ី ) ក៏បាន​ដាក់ចេញ នៅ​គោលនយោបាយ ក្លា​សណូ​ស​ត៍ (glasnost) ឬ គោលនយោបាយ បើកចំហ ។ គោលនយោបាយ glasnost នេះ​បានធ្វើ​ឱ្យមាន ភាពច្របូកច្របល់ ជាច្រើន​ទាំង​ក្នុងចំណោម កម្មាភិបាល​របស់ សហភាពសូវៀត​ទាំង​ក្នុង​ផ្នែក ស៊ីវិល និង ការវិវាទ​ទាស់ទែង​ខ្វែងគំនិត​គ្នា រីក​រាលដាល​ពាសពេញ តំបន់​នានា នៃ​ទឹកដី​ក្រោម អំណាច​របស់ សហភាពសូវៀត ។​

​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​១៩៩០ អា​ម៉េ​នី នៃ សហភាពសូវៀត បាន​បោះឆ្នោត ដាក់បញ្ចូល​ដែនដី Nagorno-Karabakh ដែលជា​តំបន់​ស្វយ័ត នៅក្នុង អា​ស៊ែ​បៃ​ហ្ស​ង់ របស់​សូ​វៀត​នៅក្នុង​កញ្ចប់ ថវិកា​របស់ខ្លួន និង អនុញ្ញាតឱ្យ​អ្នករស់នៅ ក្នុង​តំបន់​នោះ បោះឆ្នោត នៅក្នុង​ការបោះឆ្នោត​នានា នៅ​អា​ម៉េ​នី ។ ប្រការ​នោះ បាន​បណ្តាលឱ្យមាន កំហឹង​ផ្ទុះឡើង​ពាសពេញ អា​ស៊ែ​បៃ​ហ្ស​ង់ គឺ​ពួកគេ​គិតថា អា​ម៉េ​នី បាន​អូស​ទាញយក​ទឹកដី Nagorno-Karabakh របស់​ពួកគេ​ទាំង​ស្រស់ ឬថា សហភាពសូវៀត ជា​អ្នក​បណ្តោយឱ្យ អា​ម៉េ​នី យក​ទឹកដី Nagorno-Karabakh របស់​ពួកគេ ។ ដោយហេតុ​នោះ ពួកគេ​បាននាំគ្នា ធ្វើបាតុកម្ម ទាមទារ​ឱ្យ​បណ្តេញ មន្ត្រី​កុ​ម្មុយ​និ​ស្ត ចេញពី អា​ស៊ែ​បៃ​ហ្ស​ង់ ហើយ​អំពាវនាវ រក​ឯករាជភាព អា​ស៊ែ​បៃ​ហ្ស​ង់ ពី​សហភាពសូវៀត ។​

​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​នោះ រណ​សិ​រ្យ​ប្រជាជន បានរៀបចំ​គណៈកម្មាធិកា​រ ការពារជាតិ ដោយមាន​សាខា នៅតាម​រោងចក្រ និង ការិយាល័យ​នានា នៅក្នុង​ទីក្រុង​បា​គូ​ដើម្បី​ប្រមូលផ្តុំ មនុស្ស សម្រាប់​ប្រយុទ្ធ តទល់​នឹង​ជនជាតិ អា​ម៉េ​នី ។ អាជ្ញាធរ​មូលដ្ឋាន​រប​ស់ អា​ស៊ែ​បៃ​ហ្ស​ង់ មិនមាន​លទ្ធភាព​ស្តារ សណ្តាប់ធ្នាប់​ឡើយ ដោយសារតែ​ជម្លោះ និង ការបែកបាក់ ។ អាជ្ញាធរ អា​ស៊ែ​បៃ​ហ្ស​ង់ ថែមទាំង​បានចេញ​បញ្ជា​ឱ្យ​កងទ័ព​ដ៏​ខ្លាំងក្លា ១២.០០០ នាក់ នៃ ក្រសួងមហាផ្ទៃ មិន​ឱ្យធ្វើ​អន្តរាគមន៍​ចំពោះ​កុបកម្ម​ទៀតផង ។ ចំណែក​កងទ័ព សូ​វៀត ដែល​នៅក្នុង​តំបន់​នោះ ក៏​មិនបាន​ចាត់វិធានការ​អ្វី​ដែរ ដោយ​អះអាងថា គ្មាន​បទបញ្ជា​ពី​ក្រុង មូ​ស្គូ ។​

​នៅ​ថ្ងៃទី ១៣ ខែ មករា ក៏មាន​កុបកម្ម​ទ្រង់ទ្រាយ​ធំ ទាំង​កម្រោល ប្រឆាំងនឹង​ជនជាតិ អា​ម៉េ​នី បាន​ផ្ទុះឡើង បណ្តាលឱ្យ​មនុស្ស ប្រមាណ​ជា ៩០ នាក់​ស្លាប់ ខណៈ​មនុស្ស​រាប់ពាន់នាក់ បាន​ភៀសខ្លួន ឬ ត្រូវបាន​ជម្លៀស ដោយ​កងទ័ព​សូ​វៀត ។​

​នៅ​ថ្ងៃទី ១៥ មករា អាជ្ញាធរ​នានា បានប្រកាស គ្រាអាសន្ន​របស់​រដ្ឋ នៅ​តំបន់​ផ្សេងទៀត ប៉ុន្តែ​មិនមែន​នៅ​ទីក្រុង បា​គូ ឡើយ ។ នៅពេលនោះ ដោយ​ក្តីបារម្ភ​អំពី ការអន្តរាគមន៍ ពី​សំណាក់ អាជ្ញាធរកណ្តាល សូ​វៀត ទើប​ពួក​សកម្មជន រណសិរ្ស​ប្រជាជន​បានចាប់ផ្តើម​បិទ ផ្លូវ​កងទ័ព ។​

​នៅ​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ​ដដែល​នោះ ពួក​រណសិរ្ស៍​ប្រជាជន បាន​បញ្ជា​ឱ្យ​អ្នកគាំទ្រ​របស់ខ្លួន រារាំង​នូវ​ផ្លូវ​សំខាន់ៗ​ចូលទៅ​ទីក្រុង បា​គូ ដោយ​ប្រើ​រថយន្ត​តូចធំ រាប់រយ​គ្រឿង​ដាក់​បិទផ្លូវ ។​

​នៅ​ថ្ងៃ​បន្ទាប់ អាជ្ញាធរ​សូ​វៀត បាន​ជម្លៀស​តំណាង និង​មន្ត្រី​មូលដ្ឋាន ទៅ​ដា​ក់នៅ​ទីតាំង​មួយ នៅ​ជាយក្រុង ជាទី​ដែល​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សូ​វៀត លោក ឌី​មី​ទ្រី យ៉ា​ហ្សូ​វ និង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក យ៉ា​ឌី​ម បា​កា​ទីន កំពុង​នៅ ។ នៅ​ថ្ងៃទី​១៩ ក្រុមប្រឹក្សា​កំពូល របស់​សហភាពសូវៀត ដោយមាន​ការចុះហត្ថលេខា ដោយ​លោក មី​ខា​អែល ហ្គោ​បា​ឆូវ បានដាក់​ច្បាប់​គ្រាអាសន្ន ទៅលើ​ទីក្រុង​បា​គូ និង កន្លែង​ផ្សេងៗ​ខ្លះទៀត នៃ អា​ស៊ៃ​បៃ​ហ្ស​ង់ ។​

​រំលង​អ​ធ្រា​ត ថ្ងៃទី​១៩ ឈានចូល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​១៩៩០ កម្លាំង​ពិសេស​របស់ សូ​វៀត បាន​កម្ទេច​ស្ថានីយទូរទស្សន៍​កណ្តាល កាត់ផ្តាច់​ខ្សែ​ទូរស័ព្ទ និង វិទ្យុ ទាំងអស់ ។ បន្ទាប់មក កងទ័ព​សូ​វៀត ២៦.០០០ នាក់ បាន​ចូល​ទីក្រុង​បា​គូ កម្ទេច​នូវ​រាល់​របាំង​នានា ដើម្បី​ចូលទៅ កម្ទេច​រណសិរ្ស​ប្រជាជន ។ ពួក​មនុស្ស ប្រដាប់អាវុធ បាន​បើក​ការបាញ់រះ ទៅលើ​កងទ័ព​សូ​វៀត ទាំងនោះ ។ អង្គការ ខែល ឯករាជ្យ ដែលមាន​ទៅដោយ មេធាវី​មួយក្រុម និង​មន្ត្រី​ជាច្រើន​នាក់ ត្រៀម​ជាស្រេច បាន​អង្កេត​មើល ការបំពាន​សិទ្ធិមនុស្ស នៅក្នុង​ប្រតិបត្តិការ​នានា របស់​កងទ័ព ហើយ​បាន​សរុប​ថា កងទ័ព បាន​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ប្រឆាំង​ប្រជាពលរដ្ឋ​ស៊ីវិល​របស់ខ្លួន ហើយ​បានទាមទារ ឱ្យ​បើក​ការស៊ើបអង្កេត បទ​ឧក្រឹដ្ឋ​ប្រឆាំង​រដ្ឋមន្ត្រី ក្រសួងការពារជាតិ​សូ​វៀត លោក ឌី​មី​ទ្រី យ៉ា​ហ្សូ​វ ដែល​បាន​ដឹកនាំ​ប្រតិបត្តិការ​នេះ ដោយ​ខ្លួនឯង ។​

​មន្ត្រី​ក្រសួងមហាផ្ទៃ អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ជួយ​ដល់​ពួក​សកម្មជន រណសិរ្ស៍ ប្រជាជន​ក្នុងការ​ធ្វើឱ្យ មាន​ភាពច្របូកច្របល់ ដោយ​ការផ្តល់ឱ្យ​ពួកគេ នូវ​សព្វាវុធ សម្ភារ​បច្ចេកទេស និង ផ្តល់ដំណឹង អំពី​សកម្មភាព​កងទ័ព ។ កងទ័ព​បាន​វាយប្រហារ ទៅលើ​បាតុក​ករ ដោយ​ការបាញ់​សំដៅ ទៅលើ​ហ្វូងមនុស្ស ។ ការបាញ់ប្រហារ​ទាំង​ស្រស់ យ៉ាង​គ្មាន​ញញើត​ដៃ​នោះ បានអូសបន្លាយ អស់​រយៈពេល ៣ ថ្ងៃ ។ ពួកគេ​បាន​បន្ត​អនុវត្ត​ច្បាប់ គ្រាអាសន្ន ជា​បទបញ្ជា​របស់​ក្រុមប្រឹក្សា កំពូល ដែល​ចុះហត្ថលេខា​ដោយ មី​ខា​អែល ហ្គោ​បា​ឆូវ អស់​រយៈពេល​ជាង ៤ ខែ​បន្ត​ពី​នោះ ទៅទៀត ។ ទោះយ៉ាងណា បទបញ្ជា​នោះ ត្រូវបាន​បង្ហាញ ជា​សាធារណៈ នៅ អា​ស៊ែ​បៃ​ហ្ស​ង់ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​មានការ​អាក់អន់ចិត្ត បានចាប់ផ្តើម​កើតមានឡើង​នៅពេល ដែល​សាកសព និង មនុស្ស​របួស​ពាសពេញ​ផ្លូវ ក្នុង​មន្ទីរពេទ្យ និង កន្លែង​ដាក់​សព នៃ​ទីក្រុង​បា​គូ ។​

​ថ្ងៃទី​៣ នៃ​ការបាញ់ប្រហារ ពោលគឺ ថ្ងៃទី​២២ ខែមករា មនុស្ស​ស្ទើរតែ​គ្រប់រូប នៃ​ទីក្រុង​បា​គូ បាននាំគ្នា​ចេញទៅ​ប្រមូល​សាកសព កប់​ចោល ។ រយៈពេល ៤០ ថ្ងៃ​ក្រោយមក គ្រឹះស្ថាន និង ស្ថាប័ន​នានា​ទូទាំងប្រទេស មិនមាន​អ្នកណា ចូលធ្វើការ​ឡើយ ដោយ​យក​លេស​ថា​ជាការ កាន់ទុក្ខ ដែល​តាមពិត គឺជា​សញ្ញា នៃ ការជំទាស់​តវ៉ា​ជា​ដុំ ។​

​ចំនួន​មនុស្ស​ស្លាប់ និង របួស នៅក្នុង​ព្រឹត្តិការណ៍​នោះ មិន​ចុះសម្រុង​គ្នា​ទេ​ដោយ​របាយ ការណ៍​ខ្លះ អះអាងថា កងទ័ព អា​ស៊ែ​បៃ​ហ្ស​ង់ ៩៣ និង កងទ័ព សូ​វៀត ២៩ នាក់​បាន​ស្លាប់ ។ របាយការណ៍​ខ្លះ​ទៀតថា កងទ័ព ២១ នាក់ ស្លាប់ និង រងរបួស ៩០ នាក់ ។ ចំណែក​ការ​វាយ តម្លៃ​ខ្លះ​ទៀតថា ជន​ស៊ីវិល ពី ១៣៣ ទៅ ១៣៧ បាន​ស្លាប់ ដោយ​តួលេខ​ក្រៅផ្លូវការ​ថា ឡើងដល់​ទៅ ៣០០ នាក់​ឯណោះ ហើយ​មាន​មនុស្ស ៨០០ នាក់​រងរបួស និង បាត់​ខ្លួន ៥ នាក់ ។

​ក្រុមប្រឹក្សា​ជាន់ខ្ពស់ នៃ សាធារណ​ដ្ឋ​សង្គមនិយម អា​ស៊ែ​បៃ​ហ្ស​ង់ សូ​វៀត បាន​ទម្លាក់​ពាក្យ​ថា ” សង្គមនិយម​សូ​វៀត ” ពី​បាវចនា​ជាតិ​របស់ខ្លួន ហើយ​អនុម័ត​នូវ សេចក្តីប្រកាស​អធិបតេយ្យភាព ទឹកដី នៃ​សាធារណរដ្ឋ អា​ស៊ែ​បៃ​ហ្ស​ង់ និង​បាន​លើក​ទង់ សាធារណរដ្ឋ ប្រជាធិបតេយ្យ អា​ស៊ែ​បៃ​ហ្ស​ង់ ថា​ជា​ទង់​របស់​ជាតិ វិញ ។ ព្រឹត្តិការណ៍​ដ៏​អាប់អួរ ជា​បន្តបន្ទាប់ ដែល​កើតឡើង នៅ​អំឡុង​ខែមករា ឆ្នាំ​១៩៩០ នេះ ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា ” ខែមករា ដ៏​ខ្មៅ​ងងឹត ” ។​

​លោក មី​ខា​អែល ហ្គោ​បា​ឆូវ ត្រូវបាន​បន្ទរ​ដោយ មន្ត្រី​ដទៃទៀត បាន​និយាយថា​វា​ជាការ​ចាំបាច់ ត្រូវ​បញ្ឈប់​នូវ​កុបកម្ម និង អំពើហិង្សា​ប្រឆាំងនឹង​ពលរដ្ឋ អា​ម៉េ​នី និង ត្រូវតែ​ទប់ស្កាត់​នូវ​ជន ជ្រុលនិយម​ដែលមាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល អា​ស៊ែ​បៃ​ហ្ស​ង់ នៃ ពួក​កុ​ម្មុយ​និ​ស្ត ។ ចំណែក រដ្ឋមន្ត្រី​ការពារជាតិ​សូ​វៀត លោក ឌី​មី​ទ្រី យ៉ា​ហ្សូ​វ ពួក​អ្នក​ជាតិនិយម​ទាំងឡាយ​នេះ​មាន គម្រោង​ធ្វើ​រដ្ឋប្រហារ នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ ។​

ប្រកាស​ឯករាជ​ភព អា​ស៊ែ​បៃ​ហ្ស​ង់ ៖
​អាជ្ញាធរ​សហភាពសូវៀត បាន​ទប់ស្កាត់​នូវ រាល់​ការព្យាយាម​ទាំងឡាយណា​ដែល​ចង់​ផ្សព្វ ផ្សាយ​ព័ត៌មាន​ពី អា​ស៊ែ​បៃ​ហ្ស​ង់ ចេញទៅ​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន និង​ទៅ​សហគមន៍ អន្តរជាតិ អំពី​ការបង្ក្រាប នៅ​អំឡុង​ខែមករា ។ ផ្ទុយទៅវិញ ទូរទស្សន៍ និង វិទ្យុជាតិ អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ព្យាយាម​ផ្សព្វផ្សាយ បំប៉ោង​នូវ​ការផ្គត់ផ្គង់ ថាមពល​ទៅ អា​ស៊ែ​បៃ​ហ្ស​ង់ ទៅវិញ ។ ចំណែក​ព័ត៌មាន​បោះពុម្ព ត្រូវបាន​ហាមឃាត់ ។​

​ប៉ុន្តែ​វិទ្យុ​អឺរ៉ុប​សេរី ឬ វិទ្យុ​សេរីភាព ខំ​ជម្នះ​រហូត​ផ្សព្វផ្សាយ អំពី​ស្ថានភាព​នៅ បា​គូ ជាប្រចាំ​ថ្ងៃ បាន​ក្លាយជា​ប្រភពព័ត៌មាន តែមួយគត់ នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ អស់​រយៈពេល​ជាច្រើន​ថ្ងៃ ។ រដ្ឋបាល​ក្រឹម​ឡាំង ( សូ​វៀត ) បាន​ព្យាយាម​បិទបាំង មិនឱ្យ​ប្រជាពលរដ្ឋ នៅក្នុង​អា​ស៊ែ​បៃ​ហ្ស​ង់ និង សហគមន៍​អន្តរជាតិ ដឹង​អំពី​ទង្វើ​ឃោរឃៅ​ព្រៃផ្សៃ របស់​កងទ័ព​ខ្លួន​ឡើយ​ប៉ុន្តែ​កិច្ចខិតខំ ប្រឹងប្រែង​របស់ វិទ្យុ សេរីភាព បានធ្វើឱ្យ​បំណង​របស់ វិមាន​ក្រឹម​ឡាំង បរាជ័យ​ហើយ​ប្រជា ពលរដ្ឋ ក៏បាន​រៀបចំ​បាតុកម្ម​តវ៉ា ។​

​តាម​ការទាមទារ និង​ស្នើសុំ​របស់​សាធារណជន និង​ក្រុម​ពាក់ព័ន្ធ កិច្ចប្រជុំ​បន្ទាន់​មួយ​របស់ អា​ស៊ែ​បៃ​ហ្ស​ង់ ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​១៩៩០ ដើម្បី​វាយតម្លៃ​ទៅលើ ព្រឹត្តិការណ៍ ថ្ងៃទី ២០ ខែមករា កន្លងទៅ និង​ដើម្បី​អនុម័ត​ឯកសារ​នានា​ថ្កោលទោស​នូវ ប្រតិបត្តិ​ការបង្ក្រាប ដោយ​កងទ័ព​សូ​វៀត ។ ព័ត៌មាន​អំពី​ទង្វើ​របស់​កងទ័ព​សូ​វៀត នៅលើ​ទឹកដី អា​ស៊ែ​បៃ​ហ្ស​ង់ បាន​លេចឮ​ចេញទៅ​ក្រៅ ហើយក៏​កាន់តែ​ខ្ទរខ្ទារ ពាសពេញ​ពិភពលោក ហើយក៏​ត្រូវបាន​ថ្កោលទោស ពី​ឆាក​អន្តរជាតិ យ៉ាង​រន្ទឺ​ទៀតផង ។​

​ពួក​មន្ត្រី​សហភាពសូវៀត បាន​បកស្រាយ​ថា គោលបំណង នៃ​អន្តរាគមន៍​យោធា​សូ​វៀត នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ គ្រាន់តែ​មានបំណង ការពារ​ការកម្ទេចរ​ដ្ឋា​ភិ​បាល អា​ស៊ែ​បៃ​ហ្ស​ង់​ដែល ដឹកនាំ​ដោយ​ពួក​កុ​ម្មុយ​និ​ស្ត ពី​សំណាក់ ពួក​អ្នក​ជាតិនិយម​ប៉ុណ្ណោះ ហើយ​ថា គោលដៅ​នេះ មិនមែន​គ្រាន់តែ​សម្រាប់ នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ ប៉ុន្តែ​ក៏​ជា​សារ​ព្រមាន​ដល់​សាធារណរដ្ឋ ផ្សេងៗ​ទៀត ក្រោម​អំណាច​របស់ សហភាពសូវៀត ដែរ ។​

​នៅក្នុង​ចំណោម សមាជិក​កម្មាភិបាល មជ្ឈិម​បក្សកុម្មុយនិស្ត សូ​វៀត ឯណោះ តាំងពី​ប្រ​ធានា ធិបតី និង អគ្គលេខាធិការ​មជ្ឈិម​បក្ស មី​ខា​អែល ហ្គោ​បា​ឆូវ ដាក់ចេញ​នូវ គោលនយោបាយ glasnost ហើយ​ជា​លទ្ធផល នាំឱ្យមាន​ភាព​រំជើបរំជួល បែបនេះ​មក ពួកគេ​មិន​ពេញចិត្ត ទាល់តែសោះ រហូតដល់​រៀបចំ ធ្វើ​រដ្ឋប្រហារ​ទម្លាក់ មី​ខា​អែល ហ្គោ​បា​ឆូវ ពីថ្ងៃ​ទី​១៩​ដល់ ថ្ងៃទី​២២ ខែសីហា ឆ្នាំ​១៩៩១ ។ ប៉ុន្តែ​ជា​អកុសល គោលបំណង​របស់​ពួកគេ បាន​បរាជ័យ ។ អំណាចកណ្តាល​របស់ សហភាពសូវៀត ដែលជា​អាណាព្យាបាល​របស់​រដ្ឋ​ជាច្រើន​បាន​ដល់ នូវ​ភាព​រង្គោះរង្គើ ខ្លាំង​ទៅៗ​ហើយ ។​

​បន្ទាប់ពី​ការជជែក​ដេញដោល ជាច្រើន​មក ហើយ​ស្រប​ពេលដែល អំណាចកណ្តាល​រង្គោះរង្គើ បែបនេះ នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​១៩៩១ សភា​អា​ស៊ែ​បៃ​ហ្ស​ង់ បានប្រកាស​ស្តារ​ឯករាជភាព របស់​ប្រទេស​ឡើងវិញ ដោយ​ជោគជ័យ ។ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ អា​ស៊ែ​បៃ​ហ្ស​ង់ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ ដើម្បី​ដល់​ព្រឹត្តិការណ៍​ថ្ងៃ​នេះឯង ។​

​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​១៩៩១ សហភាពសូវៀត បាន​ដល់ទី​អវសាន ហើយ​ជំនួស​ដោយ សហព័ន្ធរុស្ស៊ី ។ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ ដដែល​នោះ អា​ស៊ែ​បៃ​ហ្ស​ង់ បានរៀបចំ​ការបោះឆ្នោត ធ្វើ​ប្រជាមតិ ។ លទ្ធផល​គឺ ៩៩,៨ ភាគរយ បាន​បោះឆ្នោត​គាំទ្រ ចាក​ចេញពី សហភាពសូវៀត (​ដែល​ពេល នោះ គឺ​ក្លាយជា រុស្ស៊ី បាន ៣ ថ្ងៃ ) ។ ដោយហេតុ​នោះ រុស្ស៊ី ដែលជា​អ្នក​បន្ត​មរតក​ពី​សហភាព សូ​វៀត ក៏បាន​ទ​ទូល​ស្គាល់​ឯករាជភាព​របស់ អា​ស៊ែ​បៃ​ហ្ស​ង់ ដែរ គឺ​ដោយសារ​ពួកគេ ( រុស្ស៊ី ) ក៏​កំពុង​ទប់ខ្លួន មិន​ចង់​ជាប់​ផង ។​

​ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ១៩៩២ ការិយាល័យ​របស់ អគ្គ​រដ្ឋអាជ្ញា អា​ស៊ែ​បៃ​ហ្ស​ង់​បាន​បង្កើត​បណ្តឹង ផ្នែក​ច្បាប់ មាន​គោលដៅ​ទៅលើ បុគ្គល​ទាំងឡាយណា ដែល​បាន​ពាក់ព័ន្ធ​នឹង​ការសម្លាប់​រង្គាល កន្លងទៅ ។ ចាប់ពី​ឆ្នាំ​១៩៩៤ មក ជនរងគ្រោះ​ទាំងអស់ នៃ​ព្រឹត្តិការណ៍ ខែមករា​ដ៏​ខ្មៅ​ង​ងិ​ត នោះ ត្រូវបាន​ចាត់ទុកថា ជន​ទុក្ខរ​ជន ។ ថ្ងៃទី​២០ ខែមករា បាន​ក្លាយជា​ទិវា មរណទុក្ខ​ជាតិ ។ នៅ​ឆ្នាំ​១៩៩៥ លោក មី​ខា​អែល ហ្គោ​បា​ឆូវ បាន​សុំទោស​ជនជាតិ អា​ស៊ែ​បៃ​ហ្ស​ង់ ដោយ​ថ្លែងថា ” ការប្រកាស​ដាក់​គ្រាអាសន្ន​រដ្ឋ នៅក្នុង​ទីក្រុង​បា​គូ គឺជា​កំហុស​ដ៏​ធំ​បំផុត​ក្នុង​អាជីព​នយោបាយ របស់ខ្ញុំ ” ៕ ស្រាវជ្រាវ ប្រែ​សម្រួលៈ មេសា

ទីក្រុង បា​គូ នៃ សាធារណរដ្ឋ អា​ស៊ែ​បៃ​ហ្ស​ង់
សោកនាដកម្ម នៃ ការបង្ក្រាប​នៅក្នុង​ព្រឹត្តិការណ៍ ខែ មករា ដ៏​ខ្មៅ​ងងឹត ទៅលើ​បាតុករ​នៅ អា​ស៊ែ​បៃ​ហ្ស​ង់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular