បណ្តុះបណ្តាលក្រុមគ្រូពេទ្យនៅ ឃុំទឹកវិល ស្រុកស្អាង ពីអេកូសាស្រ្តជំងឺបេះដូង

293
ចែករម្លែក

ដោយ៖ដេប៉ូ/កណ្តាល៖យ៉ាងហោចណាស់គ្រូពេទ្យ និង មន្ត្រីសុខាភិបាលបម្រើការងារនៅក្នុងមណ្ឌលសុខភាពឃុំទឹកវិលក្នុងស្រុកស្អាង ខេត្តកណ្តាល ចំនួន៥រូប បានទួលការបណ្តុះបណ្តាលផ្នែកអេកូសាស្រ្តជំងឺបេះដូងចំហរបស់កុមារ។

          ក្រៅពីបណ្តុះបណ្តាលក្រុមគ្រូពេទ្យពីជំនាញអេកូសាស្រ្តនេះកុមារមួយចំនួននៅស្រុកស្អាងក៏បានទទួលការត្រួតពិនិត្យរកជំងឺបេះដូងចំហ ដើម្បីបានទទួលការព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិនផងដែរ។

          បញ្ជាក់ក្នុងពិធីដែលបានរៀបចំកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២០ នៅសាលាឃុំទឹកវិល ស្រុកស្អាងខេត្តកណ្តាល លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចពីទំនាក់ទំនងដ៏ល្អជាមួយអង្គការYUNDIដែលតែងបានជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងចំហទទួលបានការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន។ ដោយឡែក វគ្គបណ្តុះបណ្តាលនេះដែរមានគោលបំណងសំខាន់ចំនួន២គឺ៖ ទី១-ផ្សព្វផ្សាយនិងចែករំលែកពីពុទ្ធិនិងបទពិសោធន៍នៃការធ្វើអេកូសាស្រ្តជំងឺបេះដូងពីកំណើតរបស់កុមារ និងទី២-សហការជាមួយនិងអាជ្ញាធរថ្នាក់មូលដ្ឋាន ជួយសម្របសម្រួលជូនដល់កុមារដែលមានជំងឺបេះដូងចំហទៅទទួលបានការវះកាត់និងព្យាបាលពីមន្ទីរពេទ្យបេះដូងFUWAIខេត្តយូណាន ប្រទេសចិន។

ព្រមជាមួយគ្នាលោក ឈីវ  លីម អគ្គលេខាធិការរងនៃអាជ្ញាធរមីន បានថ្លែងនូវការកោតសរសើរនិងសាទរចំពោះអង្គការYUNDIនិងមន្ទីរពេទ្យបេះដូងFUWAIដែលកន្លងមកបានជួយកុមារកម្ពុជាចំនួន៨៧រូបជាសះស្បើយពីជំងឺបេះដូងចំហ។ លោកក៏នៅបន្តការគាំទ្ររដ្ឋបាលសាលាឃុំទឹកវិលដើម្បីចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការYUNDI និងមន្ទីរពេទ្យបេះដូងFUWAI ក្នុងកិច្ចបង្កើនសេវាកម្មលើវិស័យសុខាភិបាលឱ្យបានកាន់ប្រសើរជូនដល់ប្រជាជននៅមូលដ្ឋាន។

ដោយឡែកលោក ជ្រិន សៀង មេឃុំទឹកវិល បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិដែលតែងបានផ្តល់ឱកាសជូនដល់គ្រូពេទ្យ និងមន្ត្រីសុខាភិបាលបម្រើការងារនៅមណ្ឌលសុខភាពឃុំទឹកវិលបានសហការនិងទទួលនូវបទពិសោធន៍ថ្មីៗពីក្រុមគ្រូពេទ្យជនជាតិចិនដែលជាការតម្រង់ទិសដ៏សំខាន់លើជំនាញអេកូសាស្រ្តសម្រាប់ជួយថែមទៀតដល់ការពិនិត្យសុខភាពជូនដល់កុមារដែលមានជំងឺបេះដូងចំហ៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម