ដោយ: បូរិន/ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត នឹងបង្ហាញមុខ ចេញជួយដល់ជនរងគ្រោះដោយទឹកជំនន់នៅលើទឹកដីនៃខេត្តបន្ទាយ មានជ័យ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដោយរួមដំណើរជាមួយវត្តមានសិល្បករមួយចំនួននិងក្រុមគ្រួសារផងដែរ។

សូមបញ្ជាក់ផងដែរថា ៩ ស្រុក និងក្រុង នៃខេត្តបន្ទាយមានជ័យ បាននិងកំពុងទទួលរងនូវការ ប៉ះពាល់ លិចលង់ដោយទឹកជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៨ ខែតុលា មកម្ល៉េះ។ ទឹកជំនន់នេះបាន បំផ្លាញ ផ្ទះ ស្រូវ ដំឡូង និងហេដ្ឋារចនាសម្ព័ន្ធ ហើយមានប្រជាពលរដ្ឋ ស្លាប់អស់ ៣នាក់ ។ នេះបើយោងតាមរបាយការណ៍ របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ។

លោក ជ័យ សុវ៉ាត មានគម្រោងយកជំនួយសប្បរសធម៌ នេះមានដូចជា អង្ករសរុបចំនួន៤តោន ត្រីខ ២០០យួរ និងថវិកាផ្ទាល់ខ្លួន១ពាន់ដុល្លារអាមេរិក ហើយលោកក៏បានអំពាវនាវឲ្យ អ្នកគាំទ្រអាចជួយបន្ថែមរួមជាមួយលោកបានផងដែរ។
លោកបាននិយាយថា លោកពិតជាខ្លោចចិត្តអាណិតប្រជាពលរដ្ឋកម្ពុជាដែលកំពុងជួប នឹងបញ្ហាប្រឈមដោយសារទឹកជំនន់ហើយអ្វីដែលលោកអាចជួយបានគឺការចូលរួមចំណែក បន្តិចបន្តួចជាមួយសប្បុរសជននានា ៕


