ព្រះមហាក្សត្រម៉ាឡេស៊ីជំរុញអ្នកនយោបាយឱ្យបញ្ចប់ភាពមិនប្រាកដប្រជា ខណៈការតស៊ូអំណាចនៅតែអូសបន្លាយពេល

200
ចែករម្លែក

ស្តេចម៉ាឡេស៊ីអាល់ស៊ុលតង់ អាប់ឌុលឡាកាលពីថ្ងៃសុក្រទី១៦តុលាបានអំពាវនាវដល់អ្នកនយោបាយកុំអូសទាញប្រទេសធ្លាក់ចូលក្នុងភាពមិនប្រាកដប្រជាផ្នែកនយោបាយបន្ថែមទៀតនិងជំរុញពួកគេឱ្យដោះស្រាយបញ្ហាតាមរយៈការចរចានិងមធ្យោបាយរដ្ឋធម្មនុញ្ញ។

ការលើកឡើងរបស់ព្រះមហាក្សត្រធ្វើឡើងចំពេលមានការតស៊ូដណ្តើមអំណាចគ្នារវាងនាយករដ្ឋមន្រ្តីលោក មូហ៊ីដឌីន យ៉ាស់ស៊ីន និងមេដឹកនាំបក្សប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ពោលទើបតែ ៧ ខែប៉ុណ្ណោះបន្ទាប់ពីជម្លោះនយោបាយមួយផ្សេងទៀតបាននាំឱ្យលោកយ៉ាស់ស៊ីនបង្កើតរដ្ឋាភិបាល។

លោកអាន់វ៉ាបានជួបជាមួយព្រះមហាក្សត្រនៅសប្តាហ៍នេះដើម្បីបង្ហាញថាគាត់មានសំឡេងភាគច្រើនក្នុងការបង្កើតរដ្ឋាភិបាលដោយមានជំនួយពីពួកអ្នកចុះចូលពីរដ្ឋបាលបច្ចុប្បន្ន។ ប៉ុន្តែការប្រជុំបន្ថែមទៀតនៅវរាជវាំងត្រូវបានលុបចោលដោយសារតែការរឹតត្បិតបំលាស់ទីដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគកូរ៉ូណា។

ភាពមិនប្រាកដប្រជាចុងក្រោយនេះបានកើតឡើង នៅពេលដែលប្រទេសម៉ាឡេស៊ីរងការញាំញីដោយវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយវីរុសកូរ៉ូណា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយពីព្រះបរមរាជវាំង ព្រះមហាក្សត្របានណែនាំដល់សមាជិកសភាទាំងអស់ឱ្យ “បង្ហាញភាពចាស់ទុំ” និងជំរុញពួកគេឱ្យដោះស្រាយបញ្ហាតាមរយៈការចរចានិងនីតិវិធីច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

រាជវាំងបាននិយាយថា “ទាក់ទងនឹងការវិវត្តចុងក្រោយនៃស្ថានការណ៍នយោបាយរបស់ប្រទេស ព្រះករុណាបានណែនាំប្រជាជនជាពិសេសអ្នកនយោបាយឱ្យរួមគ្នាដើម្បីធានាថាប្រទេសនេះនឹងមិនត្រូវបានអូសចូលទៅក្នុងភាពមិនប្រាកដប្រជាផ្នែកនយោបាយទៀតឡើយខណៈពេលដែលយើងទាំងអស់គ្នានៅកំពុងជួបបញ្ហាផ្សេងៗនិងអនាគតដ៏លំបាក ដោយសារតែការគំរាមកំហែងពីជំងឺកូវីដ១៩”។

ព្រះមហាក្សត្រមានតួនាទីជាម្លប់ដល់ប្រទេស ប៉ុន្តែព្រះអង្គក៏អាចតែងតាំងនាយករដ្ឋមន្ត្រីបានដែរ តាមរយៈទស្សនៈរបស់ព្រះអង្គយល់ឃើញថាបេក្ខជននោះមានសំឡេងភាគច្រើន។ រដ្ឋាភិបាលថ្មីត្រូវបានបោះឆ្នោតជ្រើសរើសជាធម្មតានៅក្នុងប្រទេសម៉ាឡេស៊ីប៉ុន្តែរាជវាំងដើរតួនាទីសំខាន់ៗជាច្រើន។

ព្រះមហាក្សត្របានតែងតាំងលោកមូហ៊ីដឌីនធ្វើជានាយករដ្ឋមន្រ្តីនៅឆ្នាំនេះបន្ទាប់ពីការលាលែងពីតំណែងមិនបានរំពឹងទុករបស់លោក មហាធៀ មហាម៉ាត់ កាលពីខែកុម្ភៈ ដែលរដ្ឋាភិបាលរបស់លោកបានដួលរលំដោយសារតែជម្លោះផ្ទៃក្នុងបក្ស។

លោកមហាធៀ ដែលបច្ចុប្បន្នស្ថិតក្នុងបក្សប្រឆាំងនិងសមាជិកសភា ៥ រូបផ្សេងទៀតមកពីគណបក្សរបស់គាត់ម្នាក់ៗសុទ្ធតែបានដាក់ជូនញត្តិបង្ហាញការមិនទុកចិត្តលើការដឹកនាំរបស់លោកមូហ៊ីដឌីនកាលពីថ្ងៃសុក្រ។

ដោយឡែក លោកអាន់វ៉ាត្រូវបានកោះហៅឱ្យផ្តល់សេចក្តីថ្លែងការណ៍ដល់ប៉ូលិសអំពីបញ្ជីឈ្មោះសមាជិកសភា ដែលលោកនិយាយថាគាំទ្រការប្រឹងប្រែងរបស់លោកសម្រាប់ការធ្វើជានាយករដ្ឋមន្រ្តីដែលដំណឹងនេះភ្លាមៗបានល្បីពេញប្រព័ន្ធបណ្តាញសង្គម។

លោកអាន់វ៉ាបាននិយាយថាវាគឺជាការប៉ុនប៉ង “ព្យាបាទ” ដើម្បីដាក់សម្ពាធឱ្យគាត់បង្ហាញពីអត្តសញ្ញាណរបស់អ្នកគាំទ្ររបស់គាត់៕ ដោយ ៖ កញ្ញាដាលីស

ស្តេចម៉ាឡេស៊ីអាល់ស៊ុលតង់ អាប់ឌុលឡា ណែនាំដល់សមាជិកសភាទាំងអស់ឱ្យ “បង្ហាញភាពចាស់ទុំ” និងជំរុញពួកគេឱ្យដោះស្រាយបញ្ហាតាមរយៈការចរចានិងនីតិវិធីច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ

ទីតាំងផ្សាយពាណិជ្ជកម្ម