ដោយៈ គ្រញូង / បាត់ដំបងៈ បើគ្មានការប្រែប្រួលទេ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ ជាលើកទី១ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ ការអប់រំ និងសុខភាពកុមារ ជាពិសេស ដើម្បរៃអង្គាសប្រាក់ ជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងជួយដល់សាលារៀន នៅតំបន់ដាច់ស្រយាល ក្នុងខេត្តបាត់ដំបងផ្ទាល់។
រដ្ឋបាលខេត្ត បានប្រកាសពីព្រឹត្តិការណ៍នេះ កាលពីពេលថ្មីៗនេះ ហើយបានអំពាវនាវ ដល់សាធារណជនក្នុង និងក្រៅខេត្ត ដែលស្រឡាញ់ការហាត់ប្រាណ ដោយជិះកង់ ដើម្បីសុខភាព និងការកម្សាន្ត ព្រមទាំងចូលរួមចំណែក លើកស្ទួយវិស័យទេសចរណ៍ និងកិច្ចការមនុស្សធម៌ ចូលរួមកម្មវិធិនេះ ឲ្យបានច្រើន ។ ក្នុងព្រឹត្តិការណ៍ជិះកង់នេះ សាធារណជន អាចទំនាក់ទំនងចុះឈ្មោះ តាមរយៈសមាគមសហគ្រិនឈានមុខ ដែលមានទីតាំងនៅក្នុងបរិវេណ ផ្សាទំនើប ភួ ពុយ និងបណ្ណាគារ ឆេង លី ផ្លូវលេខ២ ជិតសាលាអនុវិទ្យាល័យ សោហឺ ក្រុងបាត់ដំបង ។

លោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ថាៈ រដ្ឋបាលខេត្ត បានត្រៀមសហការជាមួយ គណៈកម្មការរៀបចំព្រឹតិ្តការណ៍នេះ ដើម្បីជំរុញឲ្យ កម្មវិធីជិះកង់ ដើម្បីសុខភាពនេះ ដំណើរការទៅដោយរលូន។ លោកបានជំរុញឲ្យ អ្នកពាក់ព័ន្ធ បន្តជួយផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ ដល់មន្ត្រីរាជការ នៅតាមមន្ទីរអង្គភាព ជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ដើម្បីឲ្យមានអ្នកចូលរួម កាន់តែច្រើនឡើងៗ និងដើម្បីរៃអង្គាសថវិកា ទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងជួយកសាងសាលារៀន នៅតំបន់ដាច់ស្រយាល ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបងផងដែរ។
លោកអភិបាលរងខេត្ត បានបន្តថាៈ កន្លងមក មានខេត្ត ក្រុង មួយចំនួន និងក្រុមយុវជនស្ម័គ្រចិត្តជាច្រើន បានរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីរៃអង្គាសប្រាក់ ក្នុងសកម្មភាពមនុស្សធម៌នេះ បានទទួលជោគជ័យ ជាបន្តបន្ទាប់៕/V

