​អាងទឹក​ទំនប់​តំបន់​ស្រុក​ជើងព្រៃ និង​ស្រុក​ព្រៃឈរ ទទួលបាន​ជំនន់​ទឹកភ្លៀង ជាង ៧០ ភាគរយ​

215
ចែករម្លែក

ដោយៈ គង់​ហេង / កំពង់ចាមៈ អាងទឹក​ទំនប់​តំបន់ ដែលមាន​សមត្ថភាព អាច​ផ្ទុក​ទឹកបាន ចំណុះ​ប្រមាណ ១២ លាន​ម៉ែត្រត្រីគុណ សម្រាប់​ផ្គត់ផ្គង់ ដល់​ប្រជាពលរដ្ឋ សរុប​ចំនួន​ជាង ៣.០០០ គ្រួសារ ក្នុងស្រុក​ជើងព្រៃ និង​ស្រុក​ព្រៃឈរ​នោះ បច្ចុប្បន្ន ជំនន់​ទឹកភ្លៀង បាន​ចាក់​ចូល​បាន​ពី ៧០ ទៅ ៧៥ ភាគរយ​ហើយ​។​

​នៅពេល​អាងទឹក​ដ៏​ធំ​មួយ​នេះ ត្រូវការ​ទឹកជំនន់​ទន្លេមេគង្គ ឡើងដល់​កម្រិត​កម្ពស់​ជាង ១៤ ម៉ែត្រ ប៉ុន្តែ​ឥឡូវ នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ ទឹកទន្លេ​នេះ បាន​ឡើងដល់​កម្ពស់​ជាង ១១ ម៉ែត្រ ក៏បាន​ចាប់​ស្រក​ចុះ ជា​បណ្តើរៗ​ទៅវិញ​។​

អាងទឹក​ទំនប់​តំបន់ ដែលមាន​សមត្ថភាព អាច​ផ្ទុក​ទឹកបាន ចំណុះ​ប្រមាណ ១២ លាន​ម៉ែត្រត្រីគុណ

​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ចាម ដែល​បាន​អមដំណើរ​លោក អ៊ុន ចាន់​ដា ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ រដូវវស្សា ស្រុក​ជើងព្រៃ នៅ​ថ្ងៃទី ១៦ តុលា បានឱ្យដឹងថាៈ ទឹក​ក្នុង​អាងទឹក​ទំនប់​តំបន់ ដែល​យើង​មើលឃើញ លិច​ល្ហល្ហាច ដែលមាន​កម្ពស់​ប្រមាណ​ពី ៧០ ទៅ ៧៥ ភាគរយ​នេះ គឺជា​ជំនន់​ទឹកភ្លៀង មិនមែន​ជំនន់​ទឹកទន្លេ​មេគង្គ​ទេ​។​

​លោក​ប្រធាន​មន្ទីរ បានឱ្យដឹង​ទៀតថាៈ យើង​សង្ឃឹមថា ជំនន់​ទឹកភ្លៀង នឹង​ហូរ​ចាក់ចេញ​បន្ថែម បន្តបន្ទាប់​ទៀត យ៉ាងហោចណាស់ ក៏​ទទួលបាន​ស្ទើរ ១០០ ភាគរយ​ដែរ នៃ​ចំណុះ​អាង​សរុប​ចំនួន ប្រហែល ១២ លាន ម៉ែត្រត្រីគុណ​។ ដោយ​អាស្រ័យទៅ លើ​ព្យុះ ទទួល​ឥទ្ធិពល ជា​វិ​សម្ពោធ​ទាប នឹងមាន​ភ្លៀង​ធ្លាក់ ជា​បន្តបន្ទាប់​។​

លោក អ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម និងក្រុមមន្ត្រី ចុះ​ពិនិត្យ​ស្ថានភាពទឹក ដែលផ្ទុកក្នុងអាងទឹក​ទំនប់​តំបន់

​លោក វិបុល បាន​បន្តថាៈ ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​ទឹក យើង​បាន​ណែនាំ​ដល់​មន្ត្រី ក៏ដូចជា អាជ្ញាធរ​នៅ​ទីនោះ ឱ្យមាន​ការប្រុងប្រយ័ត្ន ការពារ​ទឹក ព្រោះ​តំបន់​នោះ ជា​តំបន់​ប្រឈម​ខ្វះ​ទឹក​ខ្លាំង គឺ​ងាយ​រងគ្រោះ ដោយសារ​បញ្ហា​ទឹក ។​

​គួរ​បញ្ជាក់ថា ទំនប់​អាងទឹក​តំបន់ មាន​ប្រវែង ៣.៩០០ ម៉ែត្រ ស្ថិតក្នុង​ឃុំ​សំរោង ស្រុក​ព្រៃឈរ និង​ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ ដោយ​កន្លងមក ទំនប់​មានការ​បាក់ស្រុត ហូរ​ច្រោះ​ដី លើ​ខ្នង​ទំនប់ និង​ទ្វារ​ទឹក ខូច​បាក់បែក​មែន តែ​ក៏​អាច​រក្សា​ទឹកបាន សម្រាប់​បម្រើ​ដល់ ប្រជាកសិករ ចំនួន ៣.២១៣ គ្រួសារ​នោះ ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ស្នើសុំ​ជួសជុល សាងសង់ រហូត​បាន​ហើយ​រួចរាល់ និង​បានដាក់​ដាំ​កូនឈើ ជា​ប្រភេទ​ដើម​ស្តៅ តាម​បណ្តោយ​ជើង​ទំនប់ ដើម្បី​រក្សា​ការបាក់​ច្រោះ​ដី​៕/V

អាងទឹក​ទំនប់​តំបន់ ដែលមាន​សមត្ថភាព អាច​ផ្ទុក​ទឹកបាន ចំណុះ​ប្រមាណ ១២ លាន​ម៉ែត្រត្រីគុណ
លោក អ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម និងក្រុមមន្ត្រី ចុះ​ពិនិត្យ​ស្ថានភាពទឹក ដែលផ្ទុកក្នុងអាងទឹក​ទំនប់​តំបន់
លោក អ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម និងក្រុមមន្ត្រី ចុះ​ពិនិត្យ​ស្ថានភាពទឹក ដែលផ្ទុកក្នុងអាងទឹក​ទំនប់​តំបន់

ទីតាំងផ្សាយពាណិជ្ជកម្ម