ដោយៈទេពកង្រី / កំពង់ឆ្នាំងៈ ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូច លី នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះ បានប្រជុំត្រួតពិនិត្យកម្លាំង ដើម្បីត្រៀមជួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជា ទឹកទន្លេ ដែលគេមើលឃើញថា បានកំពុងហក់ឡើង គួរឲ្យកត់សម្គាល់ នៅពេលភ្លៀង នៅតែបន្តធ្លាក់រាល់ថ្ងៃ។
លោកឧត្តមសេនីយ៍ទោ ខូច លី បានបញ្ជាក់ថាៈ កងកម្លាំងនគរបាលខេត្ត ត្រូវប្រជុំជួរត្រួតពិនិត្យកម្លាំង ជារៀងរាល់ថ្ងៃ ដើម្បីត្រៀមកម្លាំងជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង និងទឹកទន្លេ ដែលគេមើលឃើញផ្នែកខ្លះ ទឹកទន្លេ បានជន់លិច នៅផ្នែកទំនាប តាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ កម្លាំងដែលមានវត្តមាន ចំនួន ៣៤៤នាក់ បានប្រចាំការ ត្រៀមចុះជួយ ប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ។

នៅព្រឹកថ្ងៃទី១៧ តុលា នេះ ស្ថានភាពទឹកហូរកាត់ផ្លូវជាតិលេខ៥នេះ នៅចំណុចគីឡូម៉ែត្រលេខ ៤៩ ចំណុចស្ពានតាងរាង ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានទឹកជំនន់ទឹកភ្លៀង បានហូរមកកាត់ផ្លូវប្រវែង ៣00 ម៉ែត្រ ដោយទំហំទឹកនៅផ្នែកខាងលើខ្លាំង ហើយការកកាយ របស់មន្ត្រីជំនាញ ដើម្បីរំដោះទឹក គឺនៅតែធ្វើបន្ត ។ តែទោះបីជាយ៉ាងណា នៅកន្លែងកើតហេតុខាងលើ គេឃើញមានសមត្ថកិច្ចនគរបាល ជាច្រើន កំពុងសម្រួលចរាចរណ៍ ដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ទៅមកតាមផ្លូវជាតិលេខ ៥ នេះ ។
បើយោងតាមរបាយការណ៍របស់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន បានឲ្យដឹង នៅថ្ងៃទី១៧ តុលានេះថាៈ ស្ថានភាពកម្ពស់ទឹកទន្លេ នៅស្ថានីយជលសាស្ត្រ ផ្សារក្រោម ទឹកមានកម្ពស់ ៦,៩៦ ម៉ែត្រ បើធៀបនឹងឆ្នាំ២០១៩ ទឹកមានកម្ពស់ ៧,៧៥ ម៉ែត្រ ។ កម្ពស់ទឹកទន្លេ ដែលត្រូវប្រកាសអាសន្ន មានកម្ពស់ ១១ ម៉ែត្រ ខេត្តសៀមរាប កំរិតទឹកភ្លៀង មានកម្ពស់ ២.៨0. ១.១0 មីលីម៉ែត្រ ៕/V





