នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​ធ្វើ​ទស្សនកិច្ច​វៀតណាម​នៅ​ថ្ងៃអាទិត្យ​

249
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា​( Yoshihide Suga )​ដោយ​អមដំណើរ​ដោយ​ភរិយា​របស់​លោក​នឹង​ចាប់ផ្តើម​ធ្វើ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃអាទិត្យ​ទី​១៨​តុលា​នេះ​។​

​ក្រសួងការបរទេ​សវៀ​ត​ណា​ម​ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ផងដែរ​ថា លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កានឹ​ង​ជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក​ង្វៀន សួន ហ្វ៊ុក​( Nguyen Xuan Phuc )​និង​​មេដឹកនាំ​រដ្ឋាភិបាល​មួយចំនួនទៀត​។​

​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា នឹង​ជួប​ផង​ដែរ​ជាមួយ​លោក​ង្វៀន ភូ ទ្រុង​អគ្គលេខាបក្ស​និង​ជា​ប្រធាន​រដ្ឋ​និង លោកស្រី ង្វៀន ធី គីម ង៉ាន ជា​ប្រធានរដ្ឋសភា​។​

​ប្រទេស​វៀតណាម​គឺ​ជា​គោលដៅ​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ជា​ដំបូង​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​ដែល​ទើប​តែងតាំង​ថ្មី​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ដំណើរ​ទស្សនកិច្ច​របស់ លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា​ធ្វើឡើង​ស្របពេល​ដែល​ទំនាក់ទំនង​រវាង​វៀតណាម​-​ជប៉ុន កំពុង​មាន​ភាពល្អប្រសើ​រ​។

​លោកស្រី​អ្នកនាំពាក្យ​បាន​និយាយ​ថា​ជប៉ុន​នៅតែ​បន្ត​ធ្វើ​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​របស់​វៀត​ណា​ម​ដោយ​រួម​ទាំង​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ ។ ប្រទេស​ជប៉ុន​ក៏​ជា​អ្នកវិនិយោគ​ធំ​ទី​២ និង​​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៤ របស់​វៀតណាម​ផងដែរ​។​

​លោកស្រី​បាន​និយាយថា នាយករដ្ឋមន្ត្រី​ជប៉ុន​ចង់​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​វៀតណាម ពិភាក្សា​អំពី​មធ្យោបាយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់​និង​​អន្តរជាតិ ដែល​មាន​ការព្រួយបារម្ភ​ទៅវិញទៅមក​។​

​វៀតណាម​និង​ជប៉ុន​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ក្នុង​ឆ្នាំ ១៩៧៣ ដោយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​ឆ្នាំ ២០០៩ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ក្នុង​ឆ្នាំ ២០១៤ ៕​ប្រែ​សម្រួល​៖​សុខា​/sn

នាយករដ្ឋមន្ត្រី​ជប៉ុន លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា ធ្វើ​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើក​ដំបូង​នៅ​ថ្ងៃ​នៅ​វៀតណាម​នៅ​ថ្ងៃអាទិត្យ​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម