ដោយៈ ចាន់តូ / ភ្នំពេញៈ បុរសម្នាក់ ជាមេជាងម៉ៅការ សំណង់ផ្ទះល្វែង ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានចង.ក សម្លាប់ខ្លួន ក្នុងការដ្ឋាន កំពុងសាងសង់ផ្ទះល្វែង បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៦ ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណ សាងសង់បុរី ឡេង ណាវ៉ាត្រា ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថាៈ អត្តឃាតជន ឈ្មោះ ហ៊ិន ពុធ អាយុ៣៩ឆ្នាំ មុខរបរ មេការសំណង់ ក្នុងបុរីឡេងណាវ៉ាត្រា ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិត្រោក ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធ និងកូន ៣ នាក់ នៅក្នុងបន្ទុក។ មុនពេលកើតហេតុ ដោយប្រពន្ធរបស់អត្តឃាតជន បានទៅស្រុក រយៈពេល ២ – ៣ ថ្ងៃ ហើយដោយបុរសនោះ នៅធ្វើការធម្មតា ដូចសព្វដង តែមិនដឹងមូលហេតុអ្វី ទើបនៅព្រឹកថ្ងៃ កើតហេតុ ស្រាប់តែប្រទះឃើញបុរសនោះ បានចង.ក សម្លាប់ខ្លួន ជាប់ចន្លោះផ្ទះល្វែង ដែលកំពុងសាងសង់ ស្លាប់បាត់ទៅហើយ ហើយអ្នកនៅទីនោះ បានរាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនត្យជាក់ស្តែង និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត៕/V