ដោយៈ សរិទ្ធ / ភ្នំពេញៈ អតីតព្រះសង្ឃម្នាក់ នៅវត្តមួយ ក្នុងភូមិអូតាប៉ោង ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានត្រូវតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ដើម្បីរង់ចាំការស៊ើបអង្កេត ជាបន្តទៀត។
ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងបន្ទាប់ពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ចោទប្រកាន់ពីបទរក្សាទុករូបភាព និងសម្ភារអាសអាភាស របស់កុមារ។
តាមការចោទប្រកាន់នេះ ឃើញថា អតីតព្រះសង្ឃរូបនេះ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ពី២ឆ្នាំ ទៅ៥ឆ្នាំ ឬពី ៥ឆ្នាំទៅ ១០ឆ្នាំ ឬពី ១០ឆ្នាំ ទៅ ២០ឆ្នាំ បើសិនជាតុលាការ រកឃើញថា មានពិរុទ្ធភាព ដូចការចោទប្រកាន់ នេះមែន។
អតីតព្រះសង្ឃរូបនេះ ឈ្មោះ នន់ និមល អាយុ៣៧ឆ្នាំ មានទីលំនៅ nOភូមិអូរតាប៉ាង ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាល ចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ពាក់ព័ន្ធករណីលួចផលិត និងរក្សាកាន់កាប់រូបភាព អាសអាភាសកុមារ អាយុក្រោម ១៨ ឆ្នាំ។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើង ដោយកម្លាំងសមត្ថកិច្ចនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញា អមសាលាដំបូង រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ច ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ និងមន្ទីរធម្មការ និងសាសនា ខេត្តព្រះសីហនុ៕/V
