ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ប្រជាពលរដ្ឋ ប្រមាណជាង ១ ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ ដែលបានរងគ្រោះ ដោយជំនន់ទឹកភ្លៀង ហើយប្រជាពលរដ្ឋទាំងនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់គ្រប់ពេល មិនថា ការហូបចុក ការស្នាក់នៅ និងការធ្វើអនាម័យ ដើម្បីសុខភាព ល្អប្រសើរនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅពេលលោក និងលោកស្រី អញ្ជើញចែកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀង មកពីស្ទឹងព្រែកត្នោត ជិត ១.០០០ គ្រួសារ នៅសង្កាត់រលួស ខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៧ តុលា នេះ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ។ សម្តេច បានបញ្ជាឱ្យសង្គ្រោះ ប្រជាពលរដ្ឋ ជាមុនសិន រឿងទ្រព្យសម្បត្តិ ចាំគិតក្រោយ ហើយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវអ្នកការពារ ទ្រព្យសម្បត្តិទាំងនោះ ពោលគឺអ្នកដឹកចេញ បើមិនមានប័ណ្ណសំគាល់ យានយន្តច្បាស់លាស់ទេ គេមិនអនុញ្ញាតឱ្យដឹកចេញឡើយ ។

លោកបានបន្តថាៈ ប្រជាពលរដ្ឋ ជាង ១ ម៉ឺនគ្រួសារហើយ ដែលទទួលរងការលិចលង់ នៅក្នុងរាជធានីភ្នំពេញ។ តែសម្រាប់ប្រជាពលរដ្ឋ រងគ្រោះធ្ងន់ និងមានទឹកជ្រៅជាងគេ គឺប្រជាពលរដ្ឋ នៅខណ្ឌដង្កោនេះឯង។ លោកក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ រងគ្រោះទាំងអស់ បើមានបញ្ហាអ្វីមួយ ចង់អោយមានការជួយសង្គ្រោះ សូមទាក់ទងមកកាន់ អាជ្ញាធរមូលដ្ឋាន ដើម្បីអោយអាជ្ញាធរយើង បានជួយសង្គ្រោះ ទាន់ពេលវេលា។
គួរបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលចែកជូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀង មកពីស្ទឹងព្រែកត្នោត នៅសង្កាត់រលួស ខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៧ នេះ មានចំនួន ៨៦៣ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ ឃីត១ ដែលមានទាំង (ភួយ មុង កន្ទេល ខ្នើយ អង្ករចំនួន ២៥ គីឡូក្រាម មី១កេស ទឹបបរិសុទ្ធ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន ៥ ម៉ឺនរៀល៕/V




