ដោយៈ គង់ហេង / កំពង់ចាម: ទិន្នផលស្រូវរដូវវស្សា ឆ្នាំ២០២០ នេះរបស់ប្រជាកសិករ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានដាំដុះលើផ្ទៃដី ជាក់ស្តែង បានចំនួន ១៦.៩៩៨ ហិកតា គឺលើសផែនការ ចំនួនជាង ៣.០០០ ហិកតា និងផ្តល់ទិន្នផល ជាមធ្យមចំនួន ៣,២ តោន ក្នុងមួយហិកតា។
លោក មាន សម័យ ប្រធានការិយាល័យកសិកម្ម ស្រុកជើងព្រៃ បានប្រាប់កាសែត រស្មីកម្ពុជា នៅក្នុងឱកាស ដែលលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពស្រូវ រដូវវស្សា កាលពីព្រឹក ថ្ងៃទី១៦ ខែតុលាថាៈ នៅក្នុងផែនការការ ដាំដុះដំណាំស្រូវ គឺគ្រោងលើផ្ទៃដី តែចំនួន ១៣.៥០០ ហិកតាទេ ប៉ុន្តែផ្ទៃដីអនុវត្តជាក់ស្តែង ចំនួន ១៦.៩៩៨ ហិកតា គឺស្មើនឹង ១២៦ ភាគរយ នៃផែនការ ក្នុងនោះមានស្រូវស្រាលធម្មតា ចំនួន ៤.៩៣៦ ហិកតា ស្រូវបង្កើនរដូវ ចំនួន ២.៧០០ ហិកតា ដោយក្នុងមួយហិកតា ផ្តល់ទិន្នផល ៣,២ តោន ស្រូវកណ្តាល ចំនួន ៥.៨៩៣ ហិកតា និងស្រូវធ្ងន់ ចំនួន ៣.៤៦៩ ហិកតា។

លោក សឿ សុភាព និងភរិយា កំពុងពរកូន នៅនឹងដៃបណ្តើរ បូមទឹកចេញពីចម្ការអំពៅបណ្តើរ នៅក្នុងភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ បាននិយាយថាៈ គ្រួសាររបស់លោក មានចម្ការអំពៅ ចំនួនពីរកន្លែង ស្មើនិង ៣០ អារ និងស្រែវស្សា ចំនួនបីកន្លែង ស្មើនឹង មួយហិកតា។
បុរសអាយុ៤៨ឆ្នាំ រូបនេះ បានឱ្យដឹងទៀតថាៈ ក្នុងទំហំចម្ការអំពៅ ខាងលើ បើគ្មានបញ្ហាអាកាសធាតុ អាចផ្តល់ផល លក់បានប្រាក់ ក្នុងមួយឆ្នាំ ពីបួន ទៅប្រាំ លានរៀល។ ចំណែកស្រូវ ទំហំមួយហិកតា ប្រើប្រាស់ពូជ៥១ និង ៥៤ ដាំដុះមួយឆ្នាំ ពីរដង បើមិនជួបបញ្ហារាំងស្ងួត និងបញ្ហាគ្រោះទឹកជំនន់ ដូចឆ្នាំ២០២០ នេះ គឺផ្តល់ទិន្នផល លក់បានប្រាក់ប្រមាណ ១.០០០ ដុល្លារ ប៉ុន្តែឆ្នាំនេះ បានជួបគ្រោះធម្មជាតិផ្ទួនៗ ដែលនាំឲ្យគ្រួសារលោក កំពុងតែប្រឈមនឹងបំណុល ៕/V


