ដោយៈ សាវរក្ស / ភ្នំពេញៈ បងប្អូនសហគមន៍ក្រីក្រ រងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង រស់នៅភូមិព្រែកតាឡុង និងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ចំនួន ១០៥ គ្រួសារ ត្រូវបានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុនី ប្រធានកិត្តិយស គណៈកម្មាធិការ អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទ ក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ទៅចែកជូន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ។
នាឱកាសនោះ លោក ពេជ្រ កែវមុនី បានថ្លែង ដោយអះអាងថាៈ សូមបងប្អូនសហគមន៍ក្រីក្រទាំង ១០៥ គ្រួសារ កុំភ័យព្រួយបារម្ភ ពីព្រោះអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ នៅចាំជួយបងប្អូនប្រជាពលរដ្ឋ គ្រប់ដង្ហើមចេញចូល និងគ្រប់ពេលវេលា មិនអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់ ដាច់អាហារ ឬក៏មានគ្រោះថ្នាក់ ដល់អាយុជីវិត នោះទេ៕/V





