ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ អាជ្ញាធរខេត្ត ស្រុក និងសមត្ថកិច្ចចម្រុះ បានអះអាងថា ទឹកជំនន់ ដែលជន់ហូរលើ កំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៤៩ ចំណុចស្ពានតាងរាង ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានប្រវែង ២០០ ទៅ ៣០០ ម៉ែត្រនោះ បានស្រកចុះទៅវិញហើយ ។
អភិបាលរងស្រុកកំពង់ត្រឡាច លោក អាំ សុគន្ធ បានឲ្យដឹង នៅរសៀល ថ្ងៃទី១៧ តុលា នៅចំណុចដែលត្រូវជនលិច កំណាត់ផ្កូវជាតិលេខ៥ នោះថាៈ តាមការទទួលព័ត៌មានថា ទឹកបានហូរបាក់ លើកំណាត់ផ្លូវជាតិលេខ ៥ នៅវេលាម៉ោងប្រមាណជា ៥ ទៀបភ្លឺ ថ្ងៃទី១៧ តុលានេះ វាគ្រាន់តែហូរតិចៗ លើផ្លូវជាតិ តែវាមានសភាពខ្លាំង នៅវេលាម៉ោង ៨ ទៅម៉ោង ៩ ព្រឹកថ្ងៃនេះ ។

អភិបាលរងស្រុក បានបញ្ជាក់ថាៈ ទឹកដែលហូរធ្លាក់ មកពីខាងលើនេះ គឺមាន ៣ ប្រភព តែប្រភពខ្លាំងនោះ គឺមកពីខាងកើតស្រុកសាមគ្គីមានជ័យ ហើយម្សិលមិញនេះ មានភ្លៀងខ្លាំង ធ្វើអោយទឹក ធ្លាក់តាមស្ទឹង មកលើស្ពានពោធិ នៅពេលស្ពានពោធិ ទឹកច្រើន ហូរមិនទាន់ ទើបទឹក ហូរធ្លាក់ មកស្ពានតាងរាង ធ្វើអោយហូរកាត់ផ្លូវនេះតែម្តង ។
ករណីនេះ លោកអភិបាលរង ស្រុកកំពង់ត្រឡាច បានបញ្ជាក់ទៀតថាៈ មកដល់ពេលនេះ តាមការពិនិត្យជាក់ស្ដែង មិនទាន់មានរបាយការណ៍ បញ្ជាក់ថា បានរងផលប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ប៉ុន្តែនៅផ្នែកខាងក្រោមផ្លូវជាតិវិញ គឺមានរងផលប៉ះពាល់ ដល់ស្រូវរបស់ប្រជាពលរដ្ឋ តែមិនមានសភាពធ្ងន់ធ្ងរនោះទេ ទឹកភ្លៀងនេះ បើរាំងត្រឹមតែពីរ បីថ្ងៃ វានឹងស្រកចុះវិញអស់ហើយ។

លោក អាំ សុគន្ធ បានសូមអធ្យាស្រ័យ ដល់ប្រជាពលរដ្ឋ ដែលបើកបរយានយន្ត ឆ្លងកាត់កន្លែង ខាងលើនេះ មេសូមបង្កើនការប្រុងប្រយ័ត្ន ពីព្រោះសមត្ថកិច្ចនគរខេត្ត និងស្រុក កងរាជអាវុធហត្ថ កម្លាំងអាជ្ញាធរ រួមនឹងក្រុមស្ថាបនា កំណាត់ផ្លូវជាតិលេខ ៥ កំពុងមមាញឹក កាយដាក់លូ ដើម្បីបញ្ចៀសទឹក ទៅតាមព្រែកផ្សេង ។
ស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ក៏បានសំណូមពរ ដល់អ្នកបើកបរយានយន្តទាំងអស់ សូមមេត្តាបើកបរ ក្នុងល្បឿនធម្មតា កុំវ៉ាជែង ព្រោះកន្លែងខ្លះ មានជង្ហុកធំ និងតូច ដែលមានការលំបាក ក្នុងការបើកបរ និងសូមស្ដាប់ការចង្អុលបង្ហាញ ពីសំណាក់កងកម្លាំង មានសមត្ថកិច្ច នៅតាមដងផ្លូវ ខាងលើនេះ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ ។

នៅរសៀលថ្ងៃដដែលនេះ អាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរស្រុក និងសមត្ថកិច្ច ដែលប្រចាំការនៅទីនោះ បានបញ្ជាក់ឲ្យដឹងថាៈ ស្ថានភាពជំនន់ទឹកភ្លៀង ដែលហូរពីលើ ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៤៩ ត្រង់ចំណុចស្ពានស្ពានតាងរាង ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ទឹកបានស្រកចុះ ជាបណ្ដើរៗវិញហើយ ដោយសារនៅផ្នែកខាងលើ មិនមានភ្លៀង ធ្លាក់បន្តទៀត ។ តែបើទោះជាមានការស្រកចុះ ពិតមែន សមត្ថកិច្ចចម្រុះ រួមនឹងអាជ្ញាធរស្រុក ខេត្ត នៅតែឈរជើងប្រចាំការ នៅទីនោះជានិច្ច ព្រោះខ្លាចមានប្រការណាមួយ កើតឡើងជាយថាហេតុ ដោយពុំបានដឹងជាមុន ៕/V





