ដោយៈ បូ​រិ​ន​/​ភ្នំពេញ​: លោកស្រី​ឧកញ៉ា ស្រី ណា​រួម ហៅ​ម៉ែ​រួយ នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ចូលរួម​បរិច្ចាគ​ថវិកា​មួយ​ម៉ឺន​ដុល្លា​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល រងគ្រោះ​ដោយសារ​ទឹកជំនន់​។​

​កន្លងទៅ​ម៉ែ​រួយ​ក៏បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ចែករំលែក​ការលំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល ដូចជា​ជួយ​ឧ​ប​ត្ថ​ម្ដ​ដល់​កម្មវិធី​ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូ​វីដ​១៩ និង​ជួយ ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ដោយសារ​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​ជាដើម​។​

​សូមជម្រាបថា ជំនន់​ទឹកភ្លៀង​បាន​វាយប្រហារ​ខេត្ត​ជាច្រើន​របស់​កម្ពុជា​។ ទាំង​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​អាជ្ញាធរ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បាននិងកំពុង ចេញ​ប្រតិបត្តិការ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បណ្តា​ខេត្ត​រាជធានី​ខេត្ត​ដែល​រង​ផលប៉ះពាល់​ដោយ សារ​ជំនន់​ទឹកភ្លៀង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​សូម​បន្ត​ចាត់​វិធាន ការចាំបាច់​នានា​ក្នុងការ​ចេញទៅ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ តាម​ភូមិសាស្ត្រ ដែល​ទទួលខុសត្រូវ ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ទប់ទល់​នឹង​គ្រោះទឹកជំនន់​។​ជួយ​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា នូវ​ការលំបាក និង​ផលប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​នានា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​សប្បុរសជន​នានា ដែល​បាន ចូលរួម​ឧបត្ថម្ភ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួលរង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នាពេលនេះ​៕