ទិន្នន័យ​ផលប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀងៈ ស្លាប់​កើន​ដល់ ២៤​នាក់ , ប៉ះពាល់​ជាង ២១ ម៉ឺន​នាក់​

225
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ប្រជាពលរដ្ឋ ចំនួន ២៤ បាន​ស្លាប់ ដោយសារ​ជំនន់​ទឹកភ្លៀង និង​បាន​គំរាមកំហែង រាជធានី ខេត្ត ចំនួន ១៩ ប៉ះពាល់​ប្រជាពលរដ្ឋ ជាង ២១ ម៉ឺន​នាក់ , ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ជាង ២៥.០០០ នាក់ , ផ្ទះ​ប៉ះពាល់​ជាង ៥០.០០០ ខ្នង ។ ប៉ុន្តែ​គិត​ត្រឹម​ល្ងាច ថ្ងៃទី​១៧ ខែតុលា នេះ ជំនន់​ទឹកភ្លៀង បាន​ស្រក​បន្តិច នៅ​ខេត្ត​មួយចំនួន​។​

​លោក ឃុន សុខា អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ថាៈ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៧ ខែតុលា នេះ ជំនន់​ទឹកភ្លៀង បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២៤ នាក់ បាន​ស្លាប់ ក្នុងនោះ មាននៅ​ខេត្តបន្ទាយមានជ័យ ចំនួន​១២​នាក់ ខេត្ត​ព្រះសីហនុ ចំនួន​ពីរ​នាក់ ខេត្តពោធិ៍សាត់ ចំនួន បីនាក់ ខេត្ត​ប៉ៃលិន ចំនួន​មួយ​នាក់ ខេត្តកំពង់ធំ ចំនួន​ពីរ​នាក់ និង​ខេត្តកណ្តាល ចំនួន​បួន​នាក់​។​

លោក​ ឃុន សុខា អ្នកនាំពាក្យ ​គណៈកម្មាធិការ​ជាតិ​ គ្រប់គ្រង​គ្រោះមហន្តរាយ​

​អ្នកនាំពាក្យ​ដដែល បានបញ្ជាក់​ថាៈ ជំនន់​ទឹកភ្លៀង ប៉ះពាល់​រាជធានី ខេត្ត ចំនួន​១៩ , ប៉ះពាល់​ប្រជាពលរដ្ឋ ជាង ២១​ម៉ឺន​នាក់ , ប្រជាពលរដ្ឋ​ជម្លៀស ទៅ​ទីទួល​សុវត្ថិភាព មាន​ចំនួន ២៥.០០០​នាក់ , លំនៅ​ប៉ះពាល់​ជាង ៥១.០០០​ខ្នង , ដំណាំ​ស្រូវ​ជាង ១៣៧.០០០ ហិកតា , ដំណាំ​ជាង ៦៧.០០០ ហិកតា , សាលារៀន ៤៣៩ , ផ្លូវជាតិ ផ្លូវ​ខេត្ត ២៨៤ គីឡូម៉ែត្រ ផ្លូវ​ជនបទ ប្រវែង ១.៤៥៩ គីឡូម៉ែត្រ និង​ស្ពាន​ចំនួន ១៤ កន្លែង ។​

​យោងតាម​របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹងថាៈ រាជធានី ខេត្ត ចំនួន ១៩ ដែល​រង​ផលប៉ះពាល់ មានដូចជាៈ ១.​ខេត្តពោធិ៍សាត់ ២. ខេត្ត​ប៉ៃលិន ៣. ខេត្តបន្ទាយមានជ័យ ៤. ភ្នំពេញ ៥. ខេត្តបាត់ដំបង ៦. ខេត្តស្វាយរៀង ៧. ខេត្ត​ឧ​ត្ត​រ​មានជ័យ ៨. ខេត្តសៀមរាប ៩. ខេត្តតាកែវ ១០. ខេត្តកំពង់ស្ពឺ ១១. ខេត្តមណ្ឌលគិរី ១២. ខេត្ត​ព្រះសីហនុ ១៣. ខេត្តកោះកុង ១៤. ខេត្តព្រះវិហារ​១៥. ខេ​ត្រ​ស្ទឹងត្រែង ១៦. ខេត្តកំពង់ចាម ១៧. ខេត្តកណ្តាល ១៨. ខេត្តកំពង់ឆ្នាំង ១៩. ខេត្តកំពង់ធំ​៕/V

ប្រជាពលរដ្ឋ​រងគ្រោះ ​ដោយ​ជំនន់​ទឹកភ្លៀង​
ប្រជាពលរដ្ឋ​រងគ្រោះ ​ដោយ​ជំនន់​ទឹកភ្លៀង​
លោកទេសរដ្ឋមន្ត្រី គន់ គីម ចុះជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋ​រងគ្រោះ ​ដោយ​ជំនន់​ទឹកភ្លៀង​
លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក អ៊ុំ រាត្រី បានចុះពិនិត្យស្ថានភាពទឹក​ជំនន់​ទឹកភ្លៀង​

ទីតាំងផ្សាយពាណិជ្ជកម្ម