រដ្ឋមន្ត្រី​សង្គមកិច្ច ក្រើនរំឭក​អ្នករងគ្រោះ​ដោយ​ទឹកជំនន់ ថែរក្សា​សុខភាព និង សុវត្ថិភាព​

ដោយៈ មេសា​/ភ្នំពេញៈ នាឱកាស​នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ៣០០ គ្រួសារ​នៅក្នុង​សង្កាត់ ទៀន ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២០ នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ក្រើនរំឭក​ដល់​ប្រជាជន​ឱ្យ​យកចិត្តទុកដាក់​អំពី​សុខភាព និង សុវត្ថិភាព ថា “ មិនមែន​សម្រាប់តែ​បងប្អូន​នៅទីនេះ​ទេ គឺ​សម្រាប់​ប្រជាជន​នៅ​ទូទាំងប្រទេស ហើយក៏​មិនមែន​តែ​ក្នុងដំណាក់កាល​រងគ្រោះ​ដោយ​ទឹកជំនន់​នេះដែរ គឺ​គ្រប់​កាលទេសៈ​ទាំងអស់ បងប្អូន​នៅទីនេះ ក៏ដូចជា​ប្រជាជន កម្ពុជា គ្រប់រូប មិន​ឯកោ​ឡើយ គឺថា ទាំង​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ និង មន្ត្រី​គ្រប់លំដាប់​ថ្នាក់ និយាយ​ជារួម​គឺ​រាជរដ្ឋាភិបាល កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​នៅ​ជាមួយ​បងប្អូន​ជានិច្ច ចែករំលែក​រួមសុខ​រួមទុក្ខ ជាមួយ​បងប្អូន​គ្រប់ពេលវេលា និង គ្រប់​ទីកន្លែង ។ ប៉ុន្តែ​អ្វី​ដែលជា​កាតព្វកិច្ច​រប​ស់បង​ប្អូន ជាពិសេស​ក្នុង​ដំណាក់​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ គឺ​បងប្អូន​ត្រូវតែ​រក្សា​សុខភាព និង សុវត្ថិភាព របស់​បងប្អូន​ផ្ទាល់ខ្លួន ក៏ដូចជា​សុខភាព និង សុវត្ថិភាព គ្រួសារ​ឱ្យបាន​ល្អ “ ។

លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង មន្ត្រី​មួយចំនួន ប្រគេន ប្រគល់ នូវ​អំណោយ​ទេយ្យទាន​ដល់​ព្រះសង្ឃ វត្ត​ចំការ​ខ្សាច់ និង ប្រជាជន​ក្នុង​សង្កាត់ ទៀន ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ( រូបៈ មេសា​)


​ចំពោះ​បញ្ហា​សុខភាព លោក រដ្ឋមន្ត្រី​បាន​បន្ថែមថា គឺ​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​អនាម័យ​ចំណីអាហារ ដែល​ចម្អិន​ឱ្យបាន​ឆ្អិន​ល្អ បរិភោគ​ទឹកស្អាត ទឹក​ដាំ​ពុះ ទទួលទានដំណេក​ក្នុង​មុង ជាដើម ។


​ចំពោះ​បញ្ហា​សុវត្ថិភាព​វិញ ក្រៅពី​ក្រើនរំឭក​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ផ្សេងៗ ដូច​គ្រោះ​បាក់​ដី គ្រោះ​ទឹក​ហូរ​កួច សត្វ​អ​សិរ​ពិស ជាដើម​ទៅ លោក រដ្ឋមន្ត្រី ក៏បាន​ក្រើនរំឭក​យ៉ាងទទូច​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត និង គ្រប់ពេលវេលា​ចំពោះ​កុមារ ពីព្រោះថា មនុស្ស​ចាស់​ភ័យខ្លាច​នឹង​ទឹកជំនន់ ប៉ុន្តែ​កុមារ​មិន​ខ្លាច​ទឹកជំនន់​ទេ ថែមទាំង​សប្បាយ​នឹង​ទឹកជំនន់​ទៀតផង ហេតុនេះ មិនត្រូវ​ទុក​កុមារ​ឱ្យនៅ​ម្នាក់ឯង ឬ បណ្តោយឱ្យ​កុមារ​លេង​ទឹក​ឡើយ ហើយក៏​នៅតែ​សំខាន់​ដដែល​ដែរ គឺ​មិនត្រូវ​ភ្លេចខ្លួន​ចំពោះ​ជំងឺ​កូ​វីដ ១៩ ឡើយ ។​


​គ្រឿងឧបភោគ​បរិភោគ ដែល​ត្រូវបាន​លោក វង សូត នាំយកទៅ​ចែកជូន​នាពេលនោះ មានដូចជា អង្ករ មី ក្រមា កន្ទេល ភួយ មុង និង ថវិកា ជាដើម គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ជា​ជិត ២១ លាន​រៀល ហើយ​ក្នុងនោះ វត្ត​ចំការ​ខ្សាច់ ដែលជា​ទីតាំង នៃ ការប្រគល់ និង ទទួល​អំណោយ​ទាំងនោះ ក៏​ឯកឧត្តម រដ្ឋមន្ត្រី​បាន​ប្រគេន​នូវ​អង្ករ ០២ តោន បច្ច័យ និង ទឹក​ស៊ិ​អ៊ីវ មួយចំនួន​ដែរ ដោយ​ឯកឧត្តម បាន​លើកឡើងថា នៅពេលណា​ពុទ្ធបរិស័ទ​មាន​បញ្ហា ព្រះសង្ឃ ក៏មាន​បញ្ហា​ដែរ ហើយ​ក្នុង​វត្ត​នានា ក៏​សុទ្ធ​តែមាន​ដូនជី តាជី យុវជន និង កុមារ ទៀតផង ។​


​បន្ទាប់ពី​ពិធី​ប្រគេន ប្រគល់ និង ទទួល អំណោយ​ទាំងនោះ​ទៅ លោក រដ្ឋមន្ត្រី វង សូត និង មន្ត្រី​មួយចំនួន ដូចជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី ភ្នំពេញ ( លោកស្រី មុំ ចាន់នី ) ជាដើម ក៏បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាជន​មួយចំនួន នៅតាម​ផ្ទះ​ក្នុង​សង្កាត់ ទៀន នោះ​ដែល​កំពុង​រង​ការ​លិច​ដោយ​ទឹកជំនន់​ផងដែរ ៕ Kh

លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង មន្ត្រី​មួយចំនួន ប្រគេន ប្រគល់ នូវ​អំណោយ​ទេយ្យទាន​ដល់​ព្រះសង្ឃ វត្ត​ចំការ​ខ្សាច់ និង ប្រជាជន​ក្នុង​សង្កាត់ ទៀន ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ( រូបៈ មេសា​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular