ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ បានបង់សំណាញ់ នៅក្នុងប្រឡាយមួយកន្លែង មិនបានត្រី បែរជាបានម៉ូតូស្កុបពី ១គ្រឿង ហើយបានយកទៅប្រគល់ ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំពន្លៃ ស្រុកបរិបូរណ៌ ដើម្បីស្រាវជ្រាវ រកម្ចាស់។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៥ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
សមត្ថកិច្ច បាននិយាយឲ្យដឹងថាៈ ម៉ូតូដែលប្រជាពលរដ្ឋ បង់សំណាញ់បាននេះ ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HI-8790 ផលិតនៅឆ្នាំ២០១៩ ។ ក្រោយពីបង់សំណាញ់បាន ម៉ូតូខាងលើនេះ ប្រជាពលរដ្ឋរូបនោះ បានទំនាក់ទំនងប្រាប់ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យមកពិនិត្យ ហើយប្រកាសរកម្ចាស់ ។
ប្រភពពីប្រជាពលរដ្ឋ អ្នកបង់សំណាញ់នេះ បានឱ្យដឹងទៀតថាៈ ពេលដែលគាត់បានបង់សំណាញ់ ចូលទៅក្នុងទឹក ហើយនៅពេលស្រាវ សំណាញ់មកវិញ មិនរួច គាត់នឹកស្មានថា សំណាញ់ជាប់ថ្ម ក៏បានចុះទៅដោះសំណាញ់ ក្នុងទឹក ហើយក៏បានប្រទះឃើញម៉ូតូ ដែលមានភិនភាគ ដូចខាងលើនេះ ជាប់សំណាញ់របស់គាត់។ នៅពេលនោះ គាត់ក៏បានទូរស័ព្ទ ទៅជម្រាបលោក ដែលជានាយប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃផ្ទាល់ ដើម្បីចុះទៅពិនិត្យមើល នៅទីតាំងកន្លែងកើតហេតុ។
នគរបាលប៉ុស្តិ៍រដ្ឋបាលពន្លៃ បានប្រាប់ថាៈ ក្រោយពីប្រកាស តាមបណ្តាញសង្គម និងប្រាប់តៗគ្នា តាមភូមិ ដើម្បីរកម្ចាស់រួចមក នៅវេលាម៉ោង ប្រមាណ ៤និង៣០នាទី រសៀល សមត្ថកិច្ច ក៏បានស្វែងរកម្ចាស់ឃើញ ។ ម្ចាស់ម៉ូតូ រស់នៅក្នុងភូមិពោធិ៍ម្រះ ឃុំពន្លៃ ស្រុកបរិបូណ៌ បានមកអះអាងថា គឺជាម៉ូតូរបស់គាត់ ដែលកូនរបស់គាត់ជិះ មកពីភ្នំពេញ យប់មិញ ហើយស្រវឹងស្រា ទើបបើកធ្លាក់ចូលទៅក្នុងប្រឡាយទឹកនេះ ប៉ុន្តែនៅពេលដែលសមត្ថកិច្ច បានឲ្យយកកាតគ្រីម៉ូតូ និងឯកសារ ដែលពាក់ព័ន្ធជាមួយនឹងម៉ូតូ ខាងលើនេះ មកបង្ហាញសមត្ថកិច្ច ដើម្បីផ្ទៀងផ្ទាត់សិន ទើបសមត្ថកិច្ចប្រគល់ម៉ូតូ ទៅឱ្យម្ចាស់វិញ ៕/V