ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ទីប្រជុំជនស្រុកមង្គលបូរី និងឃុំតាមបណ្តោយ ដងស្ទឹងមង្គលបូរី បានត្រូវលិចលង់ស្ទើរទាំងស្រុង ដោយទឹកជំនន់ នៅក្នុងថ្ងៃទី១៧ តុលា ២០២០ នេះ ។
លោក ដោក ជិន មេឃុំឫស្សីក្រោក បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី១៧ តុលានេះ (នៅត្រង់ទីប្រជុំជន ស្រុកមង្គលបូរី ) ថាៈ គិតត្រឹមថ្ងៃនេះ ភូមិសាស្ត្រឃុំនេះ បានរងគ្រោះលិចលង់ ស្ទើរទាំងស្រុង ដោយទឹកជំនន់ ។ ក្នុងនោះ ភូមិតាមបណ្តោយ ដងស្ទឹងមង្គលបូរី លិចលង់ ពី ០,៥ ម៉ែត្រ ទៅ ១,៥ ម៉ែត្រ ។ ឯភូមិនៅឆ្ងាយដងស្ទឹង បានលិចពី ០,១ ម៉ែត្រ ទៅ ០,៥ ម៉ែត្រ ។
រីឯលោក ពិន សេងហាប់ អភិបាលរងស្រុកមង្គលបូរី បានអោយដឹងដែរថាៈ ភូមិ ឃុំ តាមបណ្តោយដងស្ទឹងមង្គលបុរី មកទល់ពេលនេះ ត្រូវទឹកជំនន់ បង្កអោយលិចលង់ ស្ទើរទាំងស្រុង ។ ក្នុងនោះ ពលរដ្ឋរាប់ពាន់គ្រួសារ ត្រូវជម្លៀសចេញ ទៅទីទួលមានសុវត្ថិភាព ។ តែមួយចំនួនទៀត បានស៊ូទ្រាំរស់នៅ ជាមួយទឹកជំនន់សិន ។

លោកអភិបាលរងស្រុកមង្គលបូរី ក៏ដូចជា លោកមេឃុំឫស្សីក្រោក បានប្រាប់ដូច្នេះ នៅពេលប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយទឹកជំនន់ ចំនួន ៨០ គ្រួសារ បានទទួលអំណោយស្បៀងអាហារ ពីសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ នៅឃ្លាំងរបស់លោក រស់ តុង ស្ថិតក្នុងភូមិកោះកែវ ឃុំឫស្សីក្រោក កាលពីព្រឹកថ្ងៃទី១៧ តុលា ក្រោមវត្តមានលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ជ័យ ណារី អ៊ុំ រាត្រី លោក លី សារី អភិបាលរងខេត្ត លោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ ។
លោក លី សារី បានថ្លែងអំណរគុណ លោកប្រធានសាខាគយ និងរដ្ឋាករ និងមន្ត្រី សប្បុរសជន ដែលបានរៃអង្គាស បានអំណោយ ទាំងជូនពលរដ្ឋ ដែលជម្លៀសចេញពីផ្ទះសម្បែង មកស្នាក់នៅទីទួលសុវត្ថិភាពនានា៕/V

