ដោយ:លី ម៉េងហួរ / ភ្នំពេញ: កាលពីថ្ងៃទី១១ ខែតុលា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអញ្ជើញមកបំពេញទស្សនកិច្ចពីរថ្ងៃ នៅកម្ពុជា។ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា លោក វ៉ាង យី បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សាការងារ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី កម្ពុជា និងលោក វ៉ាង យី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខារវាងកម្ពុជា និងចិន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងលិខិតប្ដូរសារសំខាន់ៗផ្សេងទៀត។ នៅក្នុងកិច្ចព្រមព្រៀង និងលិខិតប្ដូរសារ ដែលចុះហត្ថលេខានេះ ក៏មានជំនួយឥតសំណង និងឥណទានមានការប្រាក់ទាប ពីសាធារណរដ្ឋប្រជាមានិតចិន ជូនដល់កម្ពុជា ចំនួន ៩៥៩ លានយ័ន ស្មើនឹងប្រមាណ ១៤០ លានដុល្លារអាម៉េរិក។
ជំនន់ទឹកភ្លៀង បានកើតឡើង នៅក្នុងប្រទេសកម្ពុជាយើង ចាប់តាំងពីសប្តាហ៍មុន។ គិតមកដល់ថ្ងៃចន្ទ ទី១២តុលា ជំនន់ទឹកភ្លៀង បានជន់លិច នៅ ១៧រាជធានីខេត្ត ហើយក្នុងនោះ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន រងគ្រោះធ្ងន់ធ្ងរជាងគេ។ គ្រោះមហន្តរាយធម្មជាតិនេះ គិតត្រឹមតែថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១០ម៉ឺននាក់ និងបណ្តាលឲ្យមនុស្សយ៉ាងតិច ១០នាក់ បានបាត់បង់ជីវិត។
គិតត្រឹមរសៀលថ្ងៃទី១៣ ខែតុលា ទឹកជំនន់ បង្កដោយទឹកភ្លៀង តាមស្ទឹងព្រែកត្នោត បានជន់លិចតំបន់មួយ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ភ្លាមៗ ប្រជាពលរដ្ឋចំនួន ៧៧១គ្រួសារ នៅខណ្ឌដង្កោ បានរងផលប៉ះពាល់ ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត។
វិធានការចំពោះមុខស្ថានភាពជន់លិចនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឲ្យចាក់ដីទប់តាមសណ្ដរស្ទឹងព្រែកត្នោត ជាបណ្ដោះអាសន្នសិន និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមស្ទឹងព្រែកត្នោត ក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកស្ទឹងព្រែកត្នោត កាន់តែហក់ឡើងខ្ពស់ពីមួយនាទី ទៅមួយនាទី មិនទាន់ថយចុះឡើយ។
កាលពីថ្ងៃទី១៣ ខែតុលា ក្រសួងធនធានទឹក និងឧតុនិយម បានបន្តប្រកាស អំពាវនាវ អោយប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ស្របពេលអាកាសធាតុ មានការប្រែប្រួលជាបន្តបន្ទាប់ ដែលអាចបង្កអោយមានភ្លៀងធ្លាក់ច្រើន ស្ទើរពាសពេញផ្ទៃប្រទេស និងមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាដើម។ តាមសេចក្តីប្រកាស ប្រទេសកម្ពុជាយើង នឹងបន្តទទួលរងឥទ្ធិពលខ្យល់ព្យុះ ដែលបង្កជាភ្លៀងផ្គរ ហើយក៏អាចបង្កជាជំនន់ទឹកភ្លៀង រហូតដល់ថ្ងៃទី២០ ខែតុលា។
គិតត្រឹមដើមសប្តាហ៍នេះ ផ្លូវនៅក្នុងខេត្តចំនួន១៣ បានរងផលប៉ះពាល់ និងជន់លិច ដោយសារជំនន់ទឹកភ្លៀង ដែលមានចំនួន ៨៧ខ្សែផ្លូវ ស្មើនឹង ១៩៩កំណាត់ មានប្រវែងសរុបប្រមាណ ២៤៥គីឡូម៉ែត្រ។ នេះបើតាមការឲ្យដឹងពីលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ជាវិធានការដោះស្រាយចំពោះមុខ លោករដ្ឋមន្ត្រី បានបញ្ជាឲ្យយកគ្រឿងចក្រមកស្តារប្រឡាយបើកផ្លូវទឹកនៅតំបន់ជន់លិចខ្លាំង ហើយបើសិននៅមិនអាចគ្រប់គ្រងបាន អាចនឹងកាត់ផ្លូវ ដើម្បីរំដោះទឹកតែម្តង។
កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាប្រធាន បានប្រកាសថា កាកបាទក្រហមកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ ទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ក្នុងការធ្វើកិច្ចសហការជាមួយអាជ្ញាធរ ដើម្បីចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ចាប់តាំងពីយប់ថ្ងៃទី១៣ ខែតុលា ប្រតិបត្តិការចុះជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ ក្នុងខណ្ឌដង្កោ ដែលទទួលរងនូវការលិចលង់ ដោយទឹកជំនន់ស្ទឹងព្រែកត្នោត មកកាន់ទីទួលមានសុវត្ថិភាព នៅតែបន្ត។ សង្កាត់ចំនួន៥ នៅខណ្ឌដង្កោ រួមមាន សង្កាត់ព្រែកកំពឹស សង្កាត់រលួស សង្កាត់សាក់សំពៅ សង្កាត់គងនយ និងសង្កាត់ស្ពានថ្ម ត្រូវបានទឹកជំនន់ស្ទឹងព្រែកត្នោត វាយប្រហារ។
អាជ្ញាធររាជធានីភ្នំពេញ ក៏បន្តអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយសណ្តរទំនប់ស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោម អោយបន្តការប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:បន្ថែម ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ជាយថាហេតុ ពីជំនន់ទឹកភ្លៀងនេះ។
កាលពីថ្ងៃទី១៥ ខែតុលា ក្នុងឱកាសគម្រប់ខួប ៨ ឆ្នាំនៃការយាងសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ប្រជាពលរដ្ឋខ្មែរ បានបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ និងវត្ថុស័ក្តិសិទ្ធនៅក្នុងលោក តាមជួយឃុំគ្រងបីបាច់ថែរក្សាប្រទេសកម្ពុជា ឲ្យរួចចាកផុតពីទុក្ខលំបាកនៃគ្រោះមហន្តរាយជំនន់ទឹកភ្លៀង។
ក្រៅពីនេះ ប្រជាពលរដ្ឋ ក៏ជំរុញ លើកទឹកចិត្តឲ្យអាជ្ញាធរ ចុះជួយដោះស្រាយអ្នករងគ្រោះ តាមលទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីរំដោះទឹកចេញពីខ្នងផ្ទះរបស់ពួកគាត់ផងដែរ។
ក្នុងអំឡុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែតុលា សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី កម្ពុជា បានប្រកាស ដាក់ចេញនូវបទបញ្ជាឲ្យអាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ នៅទូទាំងប្រទេស ត្រូវជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ជាអាទិភាពពីជំនន់ទឹកភ្លៀង ដោយជម្លៀស មកកាន់ទីទួលមានសុវត្តិភាព ផ្តល់អាហារ និងការថែទាំសុខភាព។ ក្នុងនោះ អាជ្ញាធរសមត្ថកិច្ច ក៏ត្រូវជួយស្តារការខួចខាតរបស់ពលរដ្ឋឡើងវិញ ក្រោយទឹកជំនន់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា កម្ពុជានឹងជម្នះបានការលំបាកលើកនេះ តាមរយៈកម្លាំងសាមគ្គី ដោយរួមគ្នា ដៃម្ខាងប្រយុទ្ធនឹងកូវីដ១៩ និងជំនន់ទឹកភ្លៀង ហើយដៃម្ខាងទៀត រួមគ្នា ស្តារប្រទេសឡើងវិញពីវិបត្តិចំពោះមុខទាំងពីរនេះ។
កាលពីថ្ងៃទី១៦ ខែតុលា អាជ្ញាធរនៅតែបន្តអន្តរាគមន៍ ជម្លៀសប្រជាពលរដ្ឋពីតំបន់រងគ្រោះមួយចំនួន ដោយទឹកជំនន់ ស្ទឹងព្រែកត្នោត មកកាន់ទីទួលសុវត្ថិភាព។ ការសម្រេចចិត្តចាកចេញពីផ្ទះសម្បែង នាពេលនេះ ត្រូវបានប្រជាពលរដ្ឋ មើលឃើញថា ស្ថានភាពទឹកនៅតែបន្តកើនឡើង និងដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។
បន្ទាប់ពីជួយសង្គ្រោះជម្លៀសប្រជាពលរដ្ឋពីភូមិឋាន ដែលលិចលង់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត អាជ្ញាធរសមត្ថកិច្ច បានរៀបចំឲ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ ស្នាក់នៅបណ្តោះអាសន្ន នៅទីទួលមានសុវត្ថិភាព។ មកដល់ទីទួលសុវត្ថិភាព ប្រជាពលរដ្ឋ ទទួលបានការផ្គត់ផ្គង់ស្បៀងអាហារ ការថែទាំរក្សាអនាម័យសុខភាព និងការព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជាដើម។
គិតត្រឹមថ្ងៃទី១៦ ខែតុលា ជំនន់ទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណមួយសប្ដាហ៍មកនេះ បានធ្វើការិយាល័យបោះឆ្នោតមួយចំនួន ក្នុងរាជធានី៤ ត្រូវបិទទ្វារជាបណ្ដោះអាសន្ន ទោះបីជាមន្ត្រីចុះឈ្មោះ បានព្យាយាមចល័តទីតាំង ពីមួយកន្លែងទៅមួយកន្លែងក៏ដោយ។ ការិយាល័យទាំងនោះ មាននៅភ្នំពេញ ពោធិ៍សាត់ បាត់ដំបង និងកំពង់ចាម។ នេះបើតាមសមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ថា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរងគ្រោះ កើនឡើងដល់ប្រមាណ ៦១ ៣៥៧ គ្រួសារ ស្មើប្រមាណ ២៤៥ ៤២៨ នាក់។ ក្នុងនោះ ប្រជាពលរដ្ឋជម្លៀសពីផ្ទះលិចទឹក ទៅទួលសុវត្ថិភាព មាន ៧ ៩៩៧ គ្រួសារ ស្មើប្រមាណ ២៦ ៦០៨នាក់។ ចំណែកប្រជាជនស្លាប់ ដោយលង់ទឹក មកដល់ព្រឹកថ្ងៃទី១៧ ខែតុលានេះ បានកើនឡើងដល់ ២៤ នាក់ ដោយមានក្មេង ៨នាក់។
ជំនន់ទឹកភ្លៀង ប៉ះពាល់ ១៩រាជធានីខេត្ត ស្មើ ៧១ ក្រុងស្រុកខណ្ឌ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ។
ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា នាប៉ុន្មានថ្ងៃកន្លងមក មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅក្នុងប្រទេសកម្ពុជាទេ។ ក្នុងនោះ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត។ នោះគឺបុរសជនជាតិបារាំង និងស្ត្រីជនជាតិឥណ្ឌា។
សេចក្តីប្រកាស បង្ហាញថា បុរសជនជាតិបារាំង អាយុ ២៧ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បានបន្តជើងហោះហើរ នៅប្រទេសសឹង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ១៩ ចំនួនពីរដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
រីឯស្ត្រីជនជាតិឥណ្ឌា អាយុ ៣៤ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ក៏ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួនពីរដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានប្រកាសថា គិតមកដល់ម៉ោង ៧ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨៣នាក់។ ក្នុងនោះ ២៨០នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៣នាក់ កំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ( បុរសជនជាតិឥណ្ឌូនេស៊ី បុរសជនជាតិខ្មែរ និងស្ត្រីជនជាតិបារាំង )៕ ល