ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំជ្រៃបាក់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង ១និង១៥នាទី រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីក្មេងស្ទាវម្នាក់នេះ បានកាប់សាជី ដាក់បំភ្លឺផ្លូវ នៅក្នុងបរិវេណការដ្ឋាន របស់ក្រុមហ៊ុនស្ថាបនាផ្លូវវាង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលមូលដ្ឋាន បានឲ្យដឹងថាៈ ជនសង្ស័យ ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាននោះ មានឈ្មោះ កាំង កាន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិអូរកណ្ដុរ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងទៀតថាៈ នៅវេលាម៉ោង ៥ ល្ងាច ថ្ងៃទី១៦ តុលា នៅកំណាត់ផ្លូវជាតិលេខ ៥ វាងក្រុង ដែលកំពុងស្ថាបនា ដោយក្រុមហ៊ុនជប៉ុន នៅចំណុចភូមិឃុំ ស្រុក ខាងលើ ជនសង្ស័យម្នាក់នេះ បានយកកាំបិត ដើរកាប់សាជី ដាក់បំភ្លឺផ្លូវ នៅក្នុងការដ្ឋានស្ថាបនា ចោលអស់ចំនួន ១៥ សាជី ដោយមិនដឹងពីមូលហេតុ ។ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនបន្តទៅ អធិការដ្ឋាននគរបាល ស្រុករលាប្អៀរ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕/V

