Home ព័ត៌មានជាតិ សង្គម ដាក់តាំងពិព័រ...

ដាក់តាំងពិព័រណ៍សត្វស្លាបកម្ពុជា លើកទី២ ក្រោមប្រធានបទ «ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ»

  

ដាក់តាំងពិព័រណ៍សត្វស្លាបកម្ពុជា លើកទី២ ក្រោមប្រធានបទ «ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ»  

ដោយៈមូលសម្បត្តិ/ភ្នំពេញៈកាលពីថ្ងៃទី១៧ ខែតុលាអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានសហការជាមួយសមាគមមគ្គុទេ្ទសក៏សត្វស្លាបកម្ពុជា និងមានការគាំទ្រពីគម្រោងព្រៃឡង់បៃតង បានរៀបចំការតាំងពិព័រណ៌សត្វស្លាបកម្ពុជា ជាលើកទី២ ក្រោមប្រធានបទ «ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ»  ក្រោមការដឹកនាំដោយលោកជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន ជាតំណាងលោកសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពី លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្ត លោក អ៊ុន ចក្រី អ្នកតំណាងនៃគម្រោង USAID ព្រៃឡង់ មន្ទីរបរិស្ថានខេត្តអង្គការដៃគូជាតិ-អន្តរជាតិ ស្ថាប័នពាក់ព័ន្ធផ្សេងៗ យុវជនកាកបាទក្រហម យុវជនសសយក ក្រុមកាយរិទ្ធ សិស្សានុសិស្ស ប្រជាសហគមន៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្រុមអ្នកថតរូបសត្វស្លាប និងធម្មជាតិ ប្រមាណជ២០០នាក់។ 

គោលបំណងនៃការរៀបចំពិព័រណ៌៍សត្វស្លាបនេះ គឺ ១.ផ្សព្វផ្សាយពីសក្តានុពលសត្វស្លាបកម្ពុជានៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាដល់សាធារណជន ។២.បង្កើនចំណេះដឹងដល់សាធារណជនអំពីសារសំខាន់នៃសត្វស្លាប និងការងារអភិរក្សនៅកម្ពុជា។៣.បណ្តុះចិត្តស្រឡាញ់និងការចូលរួមពីសាធារណជន ជាពិសេសយុជន ក្នុងការថែរក្សា និងអភិរក្សសត្វស្លាបនៅកម្ពុជា ។៤.ទាក់ទាញដល់វិស័យទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ ដោយរួមបញ្ចូលសកម្មភាពមើលសត្វស្លាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍។

លោក អ៊ុន ចក្រី តំណាងគម្រោងUSAID ព្រៃឡង់បៃតង បានមានប្រសាសន៍ថា ការអភិរក្សជីវៈចម្រុះ ដូចជាព្រៃឈើ សត្វព្រៃ និងសត្វស្លាបជាដើមនេះ គឺជាផ្នែកមួយស្ថិតក្នុងគោលដៅអភិរក្សរបស់គម្រោង USAID ព្រៃឡង់ ដែលផ្តោតទៅលើការការពារ និងអភិក្សធនធានធម្មជាតិផ្សេងៗនៅក្នុងតំបន់ទេសភាពព្រៃឡង់។ ថ្មីៗនេះ គម្រោងបានដាក់ប្រព័ន្ធកាមេរ៉ា ដើម្បីចាប់រូបភាពតាមដានអំពីប្រភេទសត្វស្លាបដែលមាននៅក្នុងព្រៃនៃតំបន់ការពារធនធានធម្មជាតិ ហើយជាលទ្ធផលយើងទទួលបានវត្តមាននៃប្រភេទសត្វស្លាបកម្រមួយចំនួន ដូចជា ត្រយ៉ងយក្ខ ត្រយ៉ងចង្រ្កមពណ៌ស ទាព្រៃស្លាបស ត្មាតជាដើម..។ 

ក្នុងឱកាសនោះ លោក ជួប ប៉ារីស៍ បានមានប្រសាសន៍ថា «ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងបរិបទសង្គម យើងចាំបាច់ត្រូវគិតគូរអំពីសសរស្តម ៣យ៉ាង គឺ ទី១.កត្តាសេដ្ឋកិច្ច ។ទី២.កត្តាសន្តិសុខ និងសុខុមាលភាពសង្គម និងទី៣.កត្តាបរិស្ថាន»។ លោកបានបន្ថែមទៀតថា  «ទេសចរណ៍ធម្មជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងបានរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាការអភិវឌ្ឍន៍សង្គមជាតិ ហើយនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា មានសក្តានុពលយ៉ាងខ្លាំងក្នុងការប្រែក្លាយទៅជាតំបន់ទេសចរណ៍សត្វស្លាប ដែលអាចទាកទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្ត និងសិក្សាស្វែងយល់ពីការរស់នៅរបស់សត្វស្លាប។ កំណើននៃចំនួនភ្ញៀវទេសចរណ៍នេះ បានជួួយបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍ និងជាពិសេសបានលើកទឹកចិត្តសហគមន៍ក្នុងការចូលរួមថែរក្សា និងអភិរក្សសត្វស្លាបផងដែរ»។ 

គួរបញ្ជាក់ថាកម្មវិធីពិព័រណ៍សត្វស្លាបនេះ រៀបចំឡើងចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ខែតុលានៅតាមបណ្តោយសួនច្បារមាត់ស្ទឹង នៃទីរួមខេត្តសៀមរាប ដោយមានស្តង់សម្រាប់ដាក់តាំងបង្ហាញនូវរូបភាពនៃប្រភេទសត្វស្លាបជាច្រើនប្រភេទ សៀវភៅគំនូរ សៀវភៅផ្សព្វផ្សាយអំពីបរិស្ថានផ្សេងៗ សមិទ្ធផល និងផលិតផលរបស់ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ការពារនិងអភិរក្សធនធានធម្មជាតិ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular