ដោយៈ បូកគោ / កំ​ពតៈ ដោយ​ចាប់ផ្តើម​ពី​ទ្រង់ទ្រាយ​តូច រហូត​ពង្រីក​បាន លើ​ទំហំ​ផ្ទៃដី ៨ ហិកតា កសិដ្ឋាន​បូកគោ ស្ថិតនៅលើ​កំពូលភ្នំ​បូកគោ ដែលមាន​កម្ពស់ ១.០៧៧ ម៉ែត្រ កំពុង​បង្កើន​ទិន្នផល បន្លែ​សរីរាង្គ ប្រមាណ ៤០ ប្រភេទ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​។​

​លោក មុំ ដែន អ្នកគ្រប់គ្រង​កសិដ្ឋាន បន្លែ​សរីរាង្គ​បូកគោ បាន​រៀបរាប់ថាៈ រហូត មកដល់​បច្ចុប្បន្ន កសិដ្ឋាន​បូកគោ បាន​ដាំ​ដុះ​បន្លែ​សរីរាង្គ ប្រភេទ​ស្លឹក និង​ផ្លែ ចំនួន ៤០ មុខ លើ​ផ្ទៃដី ៨ ហិកតា​។ កសិដ្ឋាន នឹង​បន្ត​ពង្រីក​ទំហំ នៃ​ការផលិត​បន្ថែមទៀត ដើម្បី​ឆ្លើយតប​តម្រូវការ បញ្ជា​ទិញ​ពី​បណ្តា​ទីផ្សារ​នានា នៅ​ទូទាំងប្រទេស​។​

​អ្នកគ្រប់គ្រង បាន​បន្តថាៈ ដំបូង​ឡើយ ការដាំដុះ​បន្លែ នៅទីនេះ សម្រាប់​ផ្គត់ផ្គង់​ក្រុមហ៊ុន សុខាអូតែល និង​ភ្ញៀវ ដែល​មក​កម្សាន្ត រមណីយដ្ឋាន ឋានសួគ៌​បូកគោ​ប៉ុណ្ណោះ​។ ប៉ុន្តែ​តាមរយៈ​ការផ្សព្វផ្សាយ​បន្ត របស់​ភ្ញៀវ ស្តីអំពី​គុណភាព និង​រសជាតិ នៃ​បន្លែ​សរីរាង្គ​នេះ ទើប​មាន​ការសុំ​បញ្ជា​ទិញ ពី​ហាង​ទំនើបៗ មួយចំនួន ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។ សព្វថ្ងៃ ទិន្នផល ដែល​ផលិត​បាន មាន​ត្រឹម​ចន្លោះ ពីមួយ​តោន​កន្លះ ទៅ​ពីរ​តោន ហើយ​តទៅ កសិដ្ឋាន នឹង​បង្កើន​បរិមាណ រហូតដល់ ១០ តោន ក្នុង​មួយថ្ងៃ​។​

​ទាក់ទិន​នឹង​កិច្ចការងារ ផលិត​វិញ លោក មុំ ដែន បានបញ្ជាក់​ថាៈ ការដាំដុះ​បន្លែ នៅ​កសិដ្ឋាន​បូកគោ មាន​ភាព​ប្រឈម​ខ្លះៗ ក្នុង​ខែវស្សា ដោយសារ​ខ្វះ​ពន្លឺ គ្រប់គ្រាន់ ព្រោះ​សំណើម​ខ្លាំង បង្ក​ជា​ផ្សិត លើ​បន្លែ​មួយចំនួន ដែល​តម្រូវឱ្យ​ដក​ដំណាំ​ទាំងនោះ យកទៅ​កប់​ចោល​។ សម្រាប់​សត្វល្អិត មិនមាន​អ្វី​ចោទ​ទេ ព្រោះ​ការដាំដុះ ធ្វើឡើង​ក្នុង​រោង បិទបាំង​ជិត​ល្អ​។​

​អ្នកគ្រប់គ្រង​ដដែល បានបញ្ជាក់​ថាៈ អាយុកាល នៃ​ការ​ទទួលផល គឺ ៧៥ ថ្ងៃ អាស្រ័យ​លើ​ប្រភេទ​ដំណាំ ដូចជា បន្លែ​ស្លឹក​ខ្លះ ត្រឹម​រយៈពេល ៤០ ថ្ងៃ​។ ស្ពៃក្តោប ចន្លោះ​ពី​ទៅ ៨០ ថ្ងៃ ប៉េងប៉ោះ ត្រប់ ក៏ដូចជា បន្លែ​យក​ផ្លែ​ផ្សេងៗ​ទៀត មាន​រយៈពេល​ខុសៗ​គ្នា ទៅតាម​ប្រភេទ​ដំណាំ​។ យ៉ាងណាក៏ដោយ ទិន្នផល នៅតែ​ទទួលបាន​រាល់ថ្ងៃ ជាមួយនឹង​ការងារ​វិលជុំ ព្រោះ​ក្នុង​កសិដ្ឋាន បន្លែ​សរីរាង្គ​ទាំងមូល មាន​បុគ្គលិក កម្មករ រហូតដល់ ៧៥ នាក់​៕/V