ដោយ: គូលែន / សៀមរាប: នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤និងទី៥ បានចុះពិនិត្យដល់កម្លាំងនគរបាលប្រចាំទិសភូមិភាគទី៥ ដើម្បីបញ្ជាឱ្យកំលាំងនគរបាលការពារព្រំដែន ត្រៀមបង្ការសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងដោយប្រការផ្សេងៗ។

នាយឧត្តមសេនីយ៍បានចុះពង្រឹងកម្លាំងនគរបាលជាតិទិសភូមិភាគទី៤និងទី៥ បានធ្វើឡើងនៅថ្ងៃទី១៧ និង១៨ ខែតុលា ឆ្នាំ២០២០នេះ នៅទីបញ្ជាការនគរបាលជាតិប្រចាំទីសទី៥ ដោយនាយឧត្តមសេនីយ៍បញ្ហារឱ្យកម្លាំងត្រៀម២៤ម៉ោងលើ២៤ម៉ោង ព្រោះថា គ្រោះមហន្តរាយកើតមានមិនឱ្យយើងដឹងមុនឡើយ។ នាយឧត្តមសេនីយ៍ ក៏បានឲ្យត្រៀមកម្លាំងនគរបាលជាតិការពារព្រំដែន ត្រូវមានមុខ២៤ម៉ោង នៅប្រចាំនៅគ្រប់ទីបញ្ជាការដែលកម្លាំងបានឈរជើង។
នាយឧត្តមសេនីយ៍ ខេង សុមេធ ដែលជាមេបញ្ជាការនគរបាលជាតិប្រចាំភូមិភាគ៤និង៥ ក៏បានបញ្ជាកម្លាំងនគរបាលជាតិដែរ ឈរជើងនៅព្រំដែន ជាពិសេសគោលដៅត្រៀមបង្ការសង្គ្រោះប្រជាពលរដ្ឋខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តពោធិសាត់ ខេត្តប៉ៃលិននិងខេត្តឧត្តរមានជ័យ ធ្វើយ៉ាងណាឱ្យការពារនៅកំរិតខ្ពស់មួយ ហើយតាមដានរាល់សភាពការណ៌ដែលកើតឡើងនៅចំពោះមុខ។

ក្នុងថ្ងៃទី១៧ ខែតុលានោះដែរនាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានជួយឧបត្ថម្ភថវិកាចំនួន២៥០០០ដុល្លារអាមេរិក សម្រាប់ឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីយកទៅដោះស្រាយទិញគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ផងដែរ។
ដោយឡែកថវិកាមួយចំនួនទៀតបានចែកជូនដល់កម្លាំងសម្រាប់នគរបាលជាតិប្រចាំទិសទី៥ ដើម្បីទុកត្រៀមបង្ការដោះស្រាយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ផងដែរ៕ ល
