រថយន្តបុក​កង់​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​

107
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ជិះ​កង់​សុខៗ ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ប៉ើង​ជាង​១០​ម៉ែត្រ ខ្ទាត​ទៅលើ​ផ្លូវ​រថភ្លើង កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​សៅរ៍ ទី​១៧ ខែតុលា ឆ្នាំ​២០២០ ត្រង់ចំណុច​ផ្លូវ​រថភ្លើង ខាងលិច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កា​កាប​ទី​២ ប្រមាណ​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ដោយ​ស្លៀកពាក់​ខោខ្លី​ត្រឹម​ជង្គុង ពណ៌​បៃតង ពាក់​អាវយឺត ពណ៌​ខ្មៅ ពាក់​ស្បែកជើងផ្ទាត់​ពណ៌​ខៀវ សម្បុរ​ខ្មៅ​ស្រអែម កម្ពស់​១​ម៉ែត្រ​៦០ អាយុ​ប្រហាក់ ប្រហែល​៣០​ជាង ដោយ​ជិះ​កង់​ពណ៌​ខៀវ មាន​កាបូបស្ពាយ​មួយ មាន​អាយកូម​មួយគ្រឿង​ទៀត​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ បុរសរងគ្រោះ​ខាងលើ​ជិះ​កង់​តាម​បណ្ដោយ​ផ្លូវ​បេតុង ទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​កំពុងតែ​ជិះ​សុខៗ​ក៏​ស្រាប់​តែមាន​រថយន្ត មិន​ស្គាល់​ម៉ាក​មកពី​ខាងក្រោយ​បើក​យ៉ាង​លឿន មក​បុក​ពេញទំហឹង​ប៉ើង​ជាង​១០​ម៉ែត្រ ខ្ទាត​ទៅលើ​ផ្លូវ​រទេះភ្លើង​ស្លាប់​មួយ​រំពេច ហើយ​រថយន្ត​ក៏បាន​បន្ថែម​ល្បឿន បើក​រត់​បាត់ស្រមោល​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ចុះមក​វាស់វែង យក​កង់​ទៅ​រក្សាទុក​រង់ចាំ​សាច់ញាតិ​មក​ទទួលយក ចំណែក សាកសព​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច ប្រគល់​ឲ្យ​រថយន្ត​ដឹក​សព​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម