បើករថយន្ត​លឿន​ក៏​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​២​កង់​

119
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​រួម​ដំណើរ​ប្រពន្ធ និង​កូន បាន​បើករថយន្ត​ម៉ាក​ស៊ីណា​មួយគ្រឿង ក្នុង​ល្បឿន​លឿន ក៏​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ដៃ បណ្ដាល​ឲ្យ​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​២​កង់ ឯ​រថយន្ត​ខ្ទាត ជិត​៣០ ម៉ែត្រ​ចូលទៅក្នុង​សួនច្បារ តែ​សំណាងល្អ​មិន​ធ្លាក់ចូល​ឡាយ បណ្តាល​ឲ្យ​ឪពុក​និង​កូនរង​របួសស្រាល​។ ហេតុការណ៍​នេះ កើតឡើង​កាលពី វេលា​ម៉ោង ១០ យប់​ថ្ងៃ​សៅរ៍ ទី​១៧ ខែតុលា​ឆ្នាំ ២០២០ នៅ​ចំណុច​មុខ មន្ទីរ​សម្រាក​ព្យាបាល​ស័​ង្ក​ម៉ា​រី ជាប់​របង​ព្រលានយន្តហោះ​ពោធិ៍ចិនតុង តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​អ្នកបើកបរ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ បាន​បើករថយន្ត​ម៉ាក ស៊ីណា ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BD 7837 លក្ខណៈ​គ្រួសារ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​ពី​នាក់​ប្តី​ប្រពន្ធ រួម​ដំណើរ​ជាមួយ​កូនស្រី​អាយុប្រមាណ​ជា​៣​ឆ្នាំ​ម្នាក់ទៀត បាន​បើករថយន្ត​ស៊ីណា ដោយ​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​រ៉េ​ចង្កូតរថយន្ត មក​ខាងឆ្វេង​ដៃ បណ្ដាល​ឲ្យ​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បាក់​អស់​ចំនួន​២​កង់ ឯ​១​កង់​ខ្ទាត​មក​កណ្តាលផ្លូវ​ម្ខាំ​ង ចំណែក​រថយន្ត​បង្ក​ខ្ទាត​មក​ចិញ្ចើម​ឡើងលើ​សួនច្បារ​ខូចខាត​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង​ទៅមុខ​លែងរួច​។ ចំណែក​ឪពុក​និង​កូន​បាន​ចេញពី​រថយន្ត​រង​របួស​បែកក្បាល​បន្តិច​បន្តួច រួចហើយ​បាន​ហៅ​ម៉ូតូ​ជិះ​ទៅ​ព្យាបាល​របួស​ដោយ​ខ្លួនឯង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម