បាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់បានមកជួបជុំគ្នាដល់ថ្ងៃទី៤នៅក្រុងបាងកក កាលពីថ្ងៃសៅរ៍ទី១៧តុលាដោយផ្គើននឹងច្បាប់គ្រាអាសន្ននិងការបង្ក្រាបរបស់ប៉ូលិសកាលពីមួយថ្ងៃមុន។ពួកគេចោទរដ្ឋាភិបាលថា ប្រើអំពើហិង្សាហួសហេតុនិងទាមទារអោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន អូចា ចុះចេញពីតំណែង។
មិនដូចការជួបជុំកាលពីថ្ងៃសុក្រទេពេលប៉ូលិសប្រើឡានបាញ់ទឹកលាយសារធាតុគីមីអោយផ្សាភ្នែកដាក់បាតុករមុនរុលចូលហ្វូងមនុស្សដោយប្រើខែលនិងដំបង។ វត្តមានរបស់កម្លាំងសន្តិសុខតិចតួចកាលពីថ្ងៃសៅរ៍ ចំណែកបាតុកម្មក៏បានបញ្ចប់ដោយអហិង្សាក្រោយការជួបជុំបានប៉ុន្មានម៉ោង។
នេះជាការជួបជុំដល់ថ្ងៃទី៤ជាប់គ្នា ទោះជារដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន អូចាបានប្រកាសប្រើច្បាប់គ្រាអាសន្ននៅក្នុងក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ដែលហាមការជួបជុំនយោបាយចាប់ពីមនុស្ស៥នាក់ឡើង។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន អូចា បានការពារការបង្ក្រាបរបស់ប៉ូលិសកាលពីថ្ងៃសុក្រនៅផ្លូវបំបែកមួយក្នុងក្រុងបាងកក។អ្នកនាំពាក្យលោក អានូចា បាននិយាយថា« រដ្ឋាភិបាលបើកប្រតិបត្តិការស្របតាមច្បាប់ដើម្បីបញ្ចប់ការតវ៉ា។វាមិនប៉ះពាល់សិទ្ធិនិងសេរីភាពរបស់ក្រុមមនុស្សណាមួយទេ។លោកនាយករដ្ឋមន្ត្រីបានស្នើសុំអោយប្រជាជនរួមដៃគ្នាជៀសវាងការប្រឆាំងតវ៉ានិងអំពើហិង្សាខុសច្បាប់ណាមួយ»។
យោងតាមក្រុមមេធាវីសិទ្ធិមនុស្សថៃ មនុស្សយ៉ាងតិច៧២នាក់ត្រូវបានចាប់ខ្លួនក្នុងការតវ៉ាប្រឆាំងចាប់តាំងពីថ្ងៃអង្គារមក។
កាលពីថ្ងៃសៅរ៍ ប៉ូលិសបានបិទផ្លូវរថភ្លើងអគ្គិសនីមួយក្នុងបំណងរារាំងកុំអោយអ្នកប្រឆាំងតវ៉ាកុំអោយមកប្រមូលផ្តុំគ្នា។ជាការឆ្លើយតបពួកបាតុករបាននាំគ្នាដើរឬជិះយានទុកទុកទៅកាន់កន្លែងធ្វើបាតុកម្ម៕ប្រែសម្រួល៖វាសនា

បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យបន្តជួបជុំប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃ១៧តុលា