Home ព័ត៌មានជាតិ សង្គម លោក ស សុខា ប្...

លោក ស សុខា ប្រកាស សេចក្តីសម្រេចស្តីពី ការកែ សម្រួលសមាសភាពក្រុមការងារអភិវឌ្ឍយុវជន ស្រុក ក្រុងទាំង១៣ នៃខេត្តព្រៃវែង

ដោយ:មុនីរ័ត្ន/ភ្នំពេញ ៖ លោក ស សុខា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាពក្រុមការងារអភិវឌ្ឍយុវជន ស្រុក ក្រុងទាំង១៣ នៃខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ដោយមានការចូលរួមពី លោក-លោកស្រី អនុប្រធានសមាជិក សមាជិកា ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង សរុបប្រមាណ ២៣០នាក់។

បណ្ឌិត ងិន បាណាល់ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអានរបាយការណ៍ស្ដីពី ក្រុមការងារអភិវឌ្ឍយុវជនស្រុក ក្រុង ទាំង១៣ នៃខេត្តព្រៃវែង ថា សកម្មភាពក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង មានដូចជា ក្រុមការងារបានសម្របសម្រួលគាំទ្រ និង ឧបត្ថម្ភជួយសកម្មភាពនានារបស់គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។ 

លោកបន្ដថា ក្រុមការងារយុវជនខេត្តព្រៃវែង ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ជារបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ហើយក្រុមការងារនេះ ត្រូវបានប្ដូរឈ្មោះទៅជាក្រុមការងារអភិវឌ្ន៍ឍយុវជន ខេត្តព្រៃវែង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ដើម្បីឲ្យស្របតាមតម្រូវការអនុវត្តជាក់ស្ដែង។

លោកបន្ថែមថា ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង មានរចនាសម្ព័ន្ធដូចជា ថ្នាក់ខេត្តមានប្រធាន ចំនួន១រូប, អនុប្រធានចំនួន១១រូប, សមាជិក៩៣រូប រួមទាំង ប្រធានគណៈកម្មាធិការគណបក្ស ស្រុក ក្រុង, ប្រធានក្រុមការងារយុវជនគណបក្ស ស្រុក ក្រុង និងប្រធានគណៈកម្មាធិការ គ២-៧៨ (ស.ស.យ.ក) ស្រុក ក្រុង។ ហើយមានការិយាល័យចំណុះ ចំនួន៦ដែលមានសមាជិក សមាជិកា ចំនួន៣៦នាក់ និងក្រុមការងារថ្នាក់ ក្រុង ស្រុក ដែលក្នុងមួយ ក្រុងស្រុក មានប្រធានចំនួន១រូប អនុប្រធានមួយចំនួន និងសមាជិក សមាជិកា សរុបទាំងអស់ចំនួន១៨៨នាក់។ 

អង្គពិធីបានប្រកាសសេចក្ដីសម្រេចស្ដីពី ការកែសម្រួលសមាសភាពក្រុមការងារអភិវឌ្ឍយុវជនស្រុក ស្រុក ដែលអានដោយ ឯកឧត្តម ឈុនលី ភីរុណ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។

លោក ស សុខា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានមានមតិផ្ដាំផ្ញើដល់ក្រុមការងារអភិវឌ្ឍន៍យុវជនគណបក្សខេត្តព្រៃវែងថា ក្រុមការងារធ្វើយ៉ាងណាត្រូវយកចិត្តទុកចិត្តឲ្យបានខ្ពស់បំផុតជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ 

លោកបន្ដ ថា តាំងនាមឲ្យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តព្រៃវែង និងបាត់ដំបង សូមថ្លែងអំណរគុណចំពោះក្រុមការងារអភិវឌ្ឍយុវជន ដែលបានលះបង់ធនធាន និងថវិការបស់ខ្លួនទាំងពេលវេលា និងកម្លាំងកាយ និងកម្លាំងចិត្ត ជាពិសេស ប្រមែប្រមូលធនធានពាក់ព័ន្ធដើម្បីចូលរួមសម្រាលទុករបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស វិស័យយុវជន។

លោកបន្ថែមថា ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង មានតួនាទីជាច្រើន ក្នុងនោះ សំខាន់ជាងគេ ធ្វើផែនការមេដើម្បីដាក់ជូនថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើការងារបន្ដទៀត។

ក្នុងឱកាសនោះផងដែរ លោកហោ សំអាត ក៏ត្រូវបានប្រកាសជាប្រធានក្រុមការងារអភិវឌ្ឍន៍យុវជន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងរួមទាំងសមាជិក សមាជិកា ចំនួន៣១រូបផងដែរ។

បញ្ចប់ពីធី ប្រកាសសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាព ក្រុមការងារអភិវឌ្ឍយុវជនស្រុក ក្រុងទាំង១៣ នៃខេត្តព្រៃវែង ឯកឧត្តម ហោ សំអាត ក៏បានឧបត្ថម្ភអង្ករ១០តោន ជូនឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ផងដែរ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular