ប្រព័ន្ធ​ស្រោចស្រព «​វ៉ៃ​កូ​» បូម​យក​ទឹក​ពី​ទន្លេមេគង្គ​ស្ថាបនា​រួចរាល់​១០០​ភាគរយ​

249
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: នៅក្នុង​ដំណើរ​ដឹកនាំ​មន្ត្រីរាជការ​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​សំណង់​ព័ន្ធ​ស្រោចស្រព​ឈ្មោះ​«​វ៉ៃ​កូ​»​ជា​ជំនួយ​របស់​ប្រទេស​ចិន ដើម្បី​បូម​យក​ទឹក​ពី​ទន្លេមេគង្គ បម្រើឱ្យ​ការស្រោចស្រព​ដល់​ដំណាំ​កសិកម្ម​ខេត្ត​ចំនួន បួន នោះ គឺ​បច្ចុប្បន្ន​បាន​ស្ថាបនា​រួចរាល់ ១០០ ភាគរយ​ហើយ​។​

​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ដែល​បានរួម​ដំណើរ​ជាមួយ​អភិបាលខេត្ត​កំពង់ចាម​នៅ​ថ្ងៃទី ១៧ តុលា​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា តំណាង​ក្រុមហ៊ុន​សាងសង់​ឈ្មោះ​«​ហ្គា​ង​ដុង ហ្វ​រេ​ន ខន​ស្ក្រា​ក់សិន ខូ អិ​ល​ធី​ឌី និង​ហ្គា​ង​ដុង យេន​ធាង អេ​ន​ជី​នា​រីង ខូ អិ​ល​ធី​ឌី​( THE CONSORTIUM OF GUANGDONG FORERING CONSTRUCTION CO.,LTD. & GUANGDONG YUANTIAN ENGINEERING CO., LTD)»​បាន​ប្រាប់​ក្រុម​ប្រតិភូ​ថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព​«​វ៉ៃ​កូ​»​ជំហាន​១ និង​ជំហាន​២ ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​ហើយ​។​

​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​បានឱ្យដឹង​ទៀតថា កាលពី​សប្តាហ៍​កន្លងទៅ​ខាង​ក្រុមហ៊ុន​បានធ្វើ​តេស្ត​សាកល្បង​ម៉ូ​ទ័​រ​បូមទឹក​ឡើង​ពី​ទន្លេមេគង្គ​ទាំង ប្រាំបួន គ្រឿង គឺ​ដំណើរការ​ទាំងអស់ គ្មាន​ការរអាក់រអួល​។ ប៉ុន្តែ​លោក​ពុំបាន​ចាំ​ប្រវែង​ប្រឡាយ​របស់​ប្រព័ន្ធធារាសាស្ត្រ​ឆ្លងកាត់​ខេត្ត​ទាំង​បួន និង​មាន​សមត្ថភាព​បូមទឹក​ការស្រោចស្រព​ដល់​ដំណាំ​ស្រូវ​ប៉ុន្មាន ហិកតា​នោះដែរ​? ក៏​នៅ​ពុំទាន់​ដឹង​ពី​កាលបរិច្ឆេទ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅពេលណា​ដែរ​? និង​ចំណាយ​ទឹកប្រាក់​អស់​ប៉ុន្មាន​ក្នុងការ​សាងសង់​ដែរ​?

​គួរ​បញ្ជាក់ថា ទីតាំង​របស់​ស្ថានីយ៍​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព​«​វ៉ៃ​កូ​» ដែលមាន​ក្រសួង​ធនធាន​ទឹកជា​ម្ចាស់​គម្រោង គឺ​ស្ថិតនៅ​ភូមិ​រកា​កោង ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម