សម្តេច​ប្រធានរដ្ឋសភា​ប្រគល់​អំណោយ​ដល់​តំណាងរាស្ត្រ​សម្រាប់​យកទៅ​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

113
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០​នេះ បានប្រគល់​អំណោយ​ជា​អង្ករ​ចំនួន ២០០​តោន មី​ចំនួន ២៨០៨​កេស ទឹក​សុទ្ធ​ចំនួន ១៤០០​កេស និង​ត្រីខ​ចំនួន ១០០​កេស ដល់​តំណាងរាស្ត្រ ដើម្បី​យក​ចែកជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន ជាដើម​។​

​អំណោយ​ទាំងអស់នេះ ជាការ​ចូលរួមចំណែក​រំលែក​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​សម្តេច​ប្រធានរដ្ឋសភា និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង​សំរិន ព្រមទាំង​ទទួលបាន​ពី​សប្បុរសជន​ផ្សេងទៀត​។​
​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សម្តែង​ការសោកស្តាយ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​អាយុជីវិត ខូចខាត​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ និង​ជាពិសេស​សម្តេច​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​បាត់បង់​អាយុជីវិត​ដោយសារ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​នេះ​។

​សម្តេច​ប្រធានរដ្ឋសភា បាន​អរគុណ និង​កោតសរសើរ​ដល់​តំណាងរាស្ត្រ​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។
​ក្នុងនាម​រដ្ឋសភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​បាន​ឧបត្ថម្ភ​ដល់​រាជរដ្ឋាភិបាល ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​យើង ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​សម្តេច​បាន​លើកឡើងថា “​កាយវិការ​ដ៏​ប្រពៃ​ទាំងនោះ​បានបង្ហាញ​ពី​វប្បធម៌​ចែករំលែក សាមគ្គីភាព និង​ការរួបរួម​គ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង ដែលជា​និច្ចកាល​តែងតែ​ជួយ​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​កាលៈទេសៈ ជាពិសេស​ក្នុងពេល​យើង​ជួប​គ្រោះអាសន្ន ដូចជា​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ជាដើម​”​។

​សូមជម្រាបថា ចាប់ពី​ពេលដែល​ខេត្ត​ក្រុង​មួយ​ចំនូ​ន​របស់​កម្ពុជា ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ សមាជិក​សមាជិកា​រដ្ឋ​សភា បាន​ចុះជួយ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​ចេញពី​តំបន់​រងគ្រោះ​ទៅកាន់​ទៅ​ទីទួល​សុវត្ថិភាព ព្រមទាំង​ធ្វើ​សកម្មភាព​មនុស្សធម៌ ចែក​នូវ​អំណោយ​សង្គ្រោះបន្ទាន់​ដល់​ពលរដ្ឋ នៅតាម​មណ្ឌល​ខេត្ត​ក្រុង​ដែល​ជួប​គ្រោះធម្មជាតិ​នេះ បន្តបន្ទាប់​ផងដែរ​។

​នៅក្នុង​ពិធី​ប្រគល់​អំណោយ​ដល់​តំណាងរាស្ត្រ​រាស្ត្រ​នៅឯ​គេហដ្ឋាន​របស់​សម្តេច​ក្នុង​រាជធានី​ភ្នំពេញ​នេះ សម្តេច​ប្រធានរដ្ឋសភា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ខ្ពស់​ថែមទៀត ជាពិសេស​ត្រូវ​ថែទាំ និង​យកចិត្តទុកដាក់​លើ​កុមារ និង​ក្មេង​តូចៗ ដើម្បី​ជៀសផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ជាពិសេស ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ថែមទៀត លើ​កុមារ និង​ក្មេង​តូចៗ ដើម្បី​ជៀសផុត​ពី​ការបាត់បង់​អាយុជីវិត​។​

​ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​លើកទឹកចិត្ត ដល់ តំណាងរាស្ត្រ​ទាំងអស់​បន្ដ​យកចិត្តទុកដាក់ តាមដាន ដំណើរ​វិវត្តន៍​នៃ​ចរន្ដទឹក សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច សំដៅ​ធ្វើយ៉ាងណា​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​ដែល​រងគ្រោះ​។
​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​លើកទឹកចិត្ត​ផងដែរ ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ទាំង​ទាហាន នគរបាល កងរាជអាវុធហត្ថ ប្រជា​ការពារ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​យក​ចិ​ត្ដ​ទុកដាក់​ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ ដែល​ត្រូវ​ជម្លៀស​មក​ទីទួល​សុវត្ថិភាព​។ ចំណែក​ក្រុមគ្រូពេទ្យ ត្រូវ​បន្ត​តាមដាន និង​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​សុខភាព​នៅពេលនេះ​ឲ្យ​បានល្អ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម