ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ក្រុងប៉ោយប៉ែត ទើបចាប់ផ្តើមលិចលង់ ផ្ទះពលរដ្ឋជាង ១៦០ ខ្នង ដោយសារទឹកជំនន់ទឹកភ្លៀង នៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ ដែលអាជ្ញាធរថៃ ទើបតែប្រកាសអាសន្ន ពីទឹកជំនន់ នៅថ្ងៃទី១៨ តុលា នេះដែរ។
ផ្ទះ និងជម្រកពលរដ្ឋ ដែលលិចលង់ ដោយទឹកជំនន់នោះ មាននៅចំណុចទំនាបមាត់អូរព្រំដែន កម្ពុជា ថៃ ក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ហើយពលរដ្ឋមួយចំនួន បានត្រូវជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព។ ចំពោះ ធារទឹកអូរជ្រៅ ជាអូរព្រំដែនកម្ពុជា ថៃ បានហក់ឡើងយឺតៗ ។ ឯទឹកនៅចំណុចស្ពានឡាន មិត្តភាពកម្ពុជា ថៃ និងស្ពានដែក មិនទាន់ឡើងនៅឡើយ ។
ទោះយ៉ាងណា មន្ត្រីការិយាល័យ ទំនាក់ទំនងព្រំដែន កម្ពុជា ថៃ បានអោយដឹងថាៈ ភាគីថៃ នៅស្រុកអារញ្ញប្រាថេត បានចេញប្រកាសអាសន្ន ពីជំនន់ទឹកភ្លៀង និងលទ្ធភាពបើកទ្វារទឹក អាងធារាស្ត្រ មួយចំនួន ដែលទឹកនឹងធ្លាក់មកភូមិសាស្ត្រស្រុកនោះ និងអាចមកដល៉ព្រំដែនកម្ពុជា និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ៕/V



