ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រធានអង្គការ សុខភាពពិភពលោក ( WHO ) ប្រចាំកម្ពជា ទៅពិនិត្យគ្រោះមហន្តរាយ ទឹកជំនន់ទឹកភ្លៀងលិចមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ការិយាល័យស្រុកប្រតិបត្តិស្រុកថ្មពួក មណ្ឌលសុខភាពគំរូ នៅឃុំ និងស្រុកថ្មពួក ។
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី លី អាយលីន ប្រធានអង្គការសុខភាពពិភពលោក ( WHO ) ប្រចាំកម្ពុជា និងប្រតិភូ បានទៅពិនិត្យ វាយតម្លៃបន្ទាន់ ពីផលប៉ះពាល់ និងខូចខាតសម្ភារ បរិក្ខារ ឱសថ អគារនៃការិយាល័យសុខាភិបាល មន្ទីរពេទ្យស្រុក មណ្ឌលសុខភាពឃុំ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត រឿន សុធី ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានប្រាប់កាសែត រស្មីកម្ពុជាថាៈ ជំនន់ទឹកភ្លៀង ដូចផ្លេកបន្ទោរ ពីស្ទឹងថ្មពួក បានកើតឡើងភ្លាមៗ ពីម៉ោងជាង ៧ យប់ថ្ងៃទី១៧ តុលា ហើយបានហូរបុកគំហុក ចូលពន្លិចអង្គភាពខាងលើ ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបញ្ជាក់ថាៈ ចំពោះមុខ មន្ត្រីសុខាភិបាល គ្រូពេទ្យ កងកម្លាំងចម្រុះ បានជម្លៀសអ្នកជំងឺមុន បន្ទាប់មក បានព្យាយាមដឹកជញ្ជូន សម្ភារ បរិក្ខារចេញ ក៏ប៉ុន្តែការសង្គ្រោះ ធ្វើបានតិចតួចប៉ុណ្ណោះ ។ បណ្តាញអគ្គិសនី ត្រូវកាត់ផ្តាច់សិន ។ មន្ត្រីសុខាភិបាល និងគ្រូពេទ្យ បានដាក់ទីតាំងគ្រូពេទ្យចល័ត នៅមុខមន្ទីរពេទ្យ ដើម្បីបន្តប្រតិបត្តិការអន្តរាគមន៍សង្គ្រោះ និងបញ្ជូនទៅព្យាបាលពលរដ្ឋ ដែលមានជំងឺ ឬបញ្ហាសុខភាព ។ គ្រឿងអេឡិចត្រូនិក ដែលជាបរិក្ខារ ត្រួតពិនិត្យសុខភាព មានលិចលង់ជាមួយគ្រែ ឧបករណ៍ សម្ភារនានា ។ ក្នុងនោះសំខាន់ៗ មាន ម៉ាស៊ីនថតឆ្លុះអេកូ កុំព្យួទ័រ ទូវ៉ាក់សាំង ទូឯកសារ ឱសថ និងបរិក្ខារពេទ្យ មានតម្លៃ ជាច្រើនម៉ឺនដុល្លារអាម៉េរិក។

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានប្រាប់អ្នកសារព័ត៌មានថាៈ បេសកកម្មបន្ទាន់ របស់លោក និងប្រតិភូ ដើម្បីពិនិត្យ វាយតម្លៃ ផលប៉ះពាល់ និងការខូចខាត ដើម្បីត្រៀមស្តារឡើងវិញក្រោយទឹកស្រក ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្ដែងនូវការសោកស្តាយ ចំពោះគ្រោះទឹកជំនន់នេះ ហើយបានណែនាំ មន្ទីរសុខាភិបាលខេត្ត ចាត់ចែងបន្ត ឲ្យមានក្រុមគ្រូពេទ្យចល័ត និងប្រចាំការ បន្តការយកចិត្តទុកដាក់ ផ្តល់សេវាសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ និងណែនាំឲ្យរៀបចំផែនការសម្រាប់រៀបចំឡើងវិញ នូវការខូចខាតទាំងប៉ុន្មាន ក្រោយពេលទឹកស្រកទៅវិញ ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវ ឲ្យបងប្អូនប្រជាលរដ្ឋ មានការប្រុងប្រយ័ត្ន រក្សាអនាម័យដៃ និងខ្លួនប្រាណ ឲ្យបានជាប់ជាប្រចាំ អនាម័យចំណីអាហារ ពិសេសត្រូវប្រើប្រាស់ទឹកស្អាត ពិសាទឹកដាំពុះ ដើម្បីចៀសវាងជំងឺរាករូស រាកមួល ឬពុលចំណីអាហារ ប្រយ័ត្នពស់ចឹក និងសត្វអាសិរពិស ទិច ឬខាំ ការពារកូនចៅ ក្រែងលង់ទឹក និងការពារជំងឺឆ្លង ដូចជាគ្រុនផ្តាសាយធំ គ្រុនឈីក គ្រុនឈាម គ្រុនចាញ់ ជំងឺរលាកផ្លូវដង្ហើម ជំងឺកូវីដ-១៩ ជំងឺរលាកបំពង់ក កមរមាស់ជាដើម ។
ក្រោយពីបានពិនិត្យការងាររួច លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានចែកមុង នៅទីទួលសុវត្ថិភាព នៅស្រុកមង្គលបូរី ចំនួន ២០០ គ្រួសារផងដែរ ៕/V/Ha




