ដោយៈ សរិទ្ធ / ភ្នំពេញៈ នៅព្រលប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ តុលាការ បានសម្រេចឃុំខ្លួន ពេទ្យធ្មេញ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សម្នាក់ ស្លាប់ និងម្នាក់ទៀត រងរបួស។ ការសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ចោទប្រកាន់ពេទ្យធ្មេញ រូបនេះ ពីបទ «ឃាតកម្ម» តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការបើកឡាន បុកម៉ូតូមួយគ្រឿង ហើយថែមទាំងថយ កិនបន្ថែមទៀត រហូតដល់ជនរងគ្រោះ ស្លាប់យ៉ាងអាណោចអាធ័ម ។

បទ «ឃាតកម្ម» ចែងថា «អំពើសម្លាប់មនុស្ស ដោយចេតនា ដោយប្រើអាវុធ ឬ មិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ ណាមួយ ដូចបានកំណត់ ក្នុងមាត្រា ២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា ២០៥ (បទឃាតកម្ម ដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម ។ ឃាតកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១០ឆ្នាំ ទៅ១៥ឆ្នាំ ។
គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍ ឈានដល់ការអំពើឃាតកម្មនេះ កើតឡើង កាលពីវេលាម៉ោង ១១ និង៣០នាទី យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៧៣ កែងផ្លូវលេខ ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង នគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកចរាចរណ៍ បានថ្លែងថាៈ ជនបង្កឈ្មោះ យ៉ាន់ ណាលីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ ៥អឹម ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បើករថយន្ដ ម៉ាក Lexus NX200T ស្លាកលេខភ្នំពេញ 2BH-8494 ។

ចំណែកជនរងគ្រោះ ឈ្មោះ ខុន តុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាកម្មករសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងអ្នករួមដំណើរ ឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ រត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសធ្ងន់ ។
តាមរយៈវីដេអូ ដែលបានចែកចាយ លើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញថា ជនបង្ក ពិតជាមាន ចរិកសាហាវឃោឃៅ ព្រៃផ្សៃណាស់ ដោយបន្ទាប់ពីបុក ជនរងគ្រោះ ពីក្រោយពេញទំហឹងហើយ ជនបង្ក បានបើកថយក្រោយ កិនជនរងគ្រោះបន្ថែម រហូតដល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ៕/V
