ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសជូនដំណឹង ដោយឱ្យផ្អាកចរាចរណ៍ រថយន្តធំឆ្លងកាត់ផ្លូវជាតិលេខ៥៦ និងផ្លូវខេត្តលេខ ២៥៦៣ នៅទីរួមស្រុកថ្មពួក ដែលស្ថិតនៅឃុំថ្មពួក និង ឃុំគំរូ ដោយសារទឹកជំនន់ហូរកាត់ផ្លូវ ។
លោកវរសេនីយ៍ សៅ សាវឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹង នៅល្ងាច ថ្ងៃទី១៨ ខែតុលា នេះថាៈ កំណាត់ផ្លូវជាតិ និងផ្លូវខេត្តខាងលើ បានរងគ្រោះលិច ហើយហូរកាត់ពីលើផ្លូវ កម្ពស់ពី ០,២ ម៉ែត្រ ទៅ ០,៦ ម៉ែត្រ ប្រវែងប្រមាណ ២០០ ម៉ែត្រ នៅសងខាងស្ពានថ្ម អាម៉េរិកាំងនៃស្ទឹងថ្មពួក ។
លោកអធិការនគរបាល ស្រុកថ្មពួក បានបញ្ជាក់ថាៈ ការលិចលង់នោះ បណ្តាលមកពីជំនន់ទឹកភ្លៀងផង និងជំនន់ទឹកធ្លាក់ពីព្រំដែនកម្ពុជា ថៃ និងទឹកបង្ហូរពីអាងទឹក នៃប្រទេសថៃ ។ ហេតុនេះ កំណាត់ផ្លូវ ដែលទឹកលិចនោះ ត្រូវផ្អាកបណ្តោះអាសន្ន ចរាចរណ៍រថយន្តធំធុនធ្ងន់ ។
ដោយឡែក នៅចំណុចនោះ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននឹងកំពុងបោះបង្គោល ការពារគ្រឹះស្ពាន និងផ្លូវ ហើយចងខ្សែ និងដាក់សញ្ញាព្រមាន បង្ការគ្រោះថ្នាក់ទឹកច្រោះ ទឹកជ្រៅហូរឆ្លងកាត់ផ្លូវ ៕/V/Ha