ដោយៈ គូលែន / សៀមរាបៈ ការងារ​ផ្តិត​សិលាចារឹក មិន​តម្រូវ​ទាល់តែ ជា​អ្នកបច្ចេកទេស បុរាណវិទ្យា អ្នកប្រវត្តិសាស្ត្រ ឬ អក្សរសាស្ត្រ ទើប​អាច​ផ្តិត​បាន​នោះឡើយ​។ វា​អាស្រ័យ​លើ​អ្នក ដែលមាន​ចិត្ត​អំណត់ និង​ប្រុងប្រយ័ត្ន ដ្បិតអី ត្រូវ​ចំណាយពេល​យូរ និង​ដំណើរការ ក៏​ច្រើន​ដំណាក់កាល មួយទៀត​សោត ក្រដាសផ្តិត​ស្តើង ពេល​ត្រូវ​ទឹក ផុយ​ងាយ​រហែក​ណាស់​។ នេះ​គឺជា​ការបញ្ជាក់ អោយដឹងពី​លោក វិទូ ភិរម្យ បុរាណ​វិទូ នៃ​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ នេះ​។​

​លោក វិទូ ភិរម្យ បុរាណ​វិទូ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ត្រូវ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ អាជ្ញាធរ​ជាតិ​អប្សរា ដកស្រង់​ប្រសាសន៍ យកមក​ផ្សព្វផ្សាយ អោយដឹងថាៈ សម្ភារ​សំខាន់ៗ សម្រាប់​ផ្តិត និង​សម្អាត​សិលាចារឹក មានដូចជា ច្រាស​មាន​ដង ច្រាស​ដុសធ្មេញ ចង្កាក់​ឈើ ដប​បាញ់​ទឹក ជក់​ធំ កំណាត់​ក្រាស់​រមូរ​ជា​ដុំ (​សម្រាប់​តប់​ដេញ​ខ្យល់​) ស្កុ​ត​ក្រដាស ទឹកខ្មៅ​ប្រអប់ ទឹកខ្មៅ​ដប ប៉ុង​កំណាត់​បី​ខ្នាត សម្រាប់​តប់​ទឹក​ថ្នាំ ក្រដាសផ្តិត​២​ប្រភេទ គឺ​ក្រាស់​និង​ស្តើង​។​

​លោក​បាន​បន្តថាៈ ទាក់ទង​នឹង​បច្ចេកទេស នៃ​ការ​ផ្តិត​សិលាចារឹក គឺ​អាស្រ័យ​នឹង​ស្ថានភាព ទីតាំង និង​ទំហំ​នៃ​សិលា​រឹក​។ ដូច្នោះ យើង​ត្រូវ​ស្វែងយល់ ពី​ល័ក្ខខ័ណ្ឌ​ទាំងអស់នេះ​សិន មុននឹង​ចុះទៅ​ផ្តិត ថា​សិលាចារឹក​នោះ ជា​ថ្មគោល ឬ​ស្ថិតនៅលើ​មេ​ទ្វារ​ប្រាសាទ ជា​ប្រភេទ អក្សរ​ជ្រៅ ឬ រាក់ ដែល​អាចឱ្យ​យើង ងាយ​ត្រៀម​ប្រភេទ និង​ទំហំ​ក្រដាស ជាដើម​។​

​លោក​បាន​បន្តទៀតថាៈ មុនពេល​ផ្តិត យើង​ត្រូវ​មើល​ពី​ស្ថានភាព នៃ​ថ្ម​ចារឹក ថា​តើ​មាន​ជាប់​ដី ឬ មាន​ស្លែ​ដុះ ជាហេតុ​នាំឱ្យ​រហែក និង​ប្រឡាក់​ក្រដាស​។ ប្រសិនបើ​មាន​ករណីនេះ​មែន ត្រូវ​សម្អាត ដោយ​ប្រើ​ទឹកស្អាត ប្រើ​ច្រាស​ទន់​ដុស​ថ្នមៗ លើ​ផ្ទៃ​អក្សរ និង​ប្រើ​ចង្កាក់​ឫស្សី ឆ្កឹះ​កំណ​កដី ឬ ស្លែ ដែល​ជាប់​ក្នុង​តួអក្សរ បើ​មាន​។ បន្ថែម​ពី​នោះ ក្រោយពេល​សម្អាត រួចរាល់​ហើយ ត្រូវ​ទុកឱ្យ​ថ្ម​ស្ងួត​បន្តិច​សិន ទើប​យើង​រៀបចំ​បិទ ក្រដាសផ្តិត ទៅលើ​ផ្ទៃ ដែលមាន​អក្សរ ដោយ​ប្រើ​ស្កុ​ត​ក្រដាស ហើយ​ក្រដាស ដែល​ប្រើ គឺ​អាស្រ័យ​នឹង​ប្រភេទ​អក្សរ​ចារឹក បើ​អក្សរ​ជ្រៅ ប្រើ​ក្រដាស​ក្រាស់ តែបើ​រាក់ ប្រើ​ក្រដាស​ស្តើង​។​

របៀប​ផ្តិត និង​សម្អាត​សិលាចារឹក (​រូប​ថ​តៈ អាជ្ញាធរ​ជាតិ​អប្សរា​)​

​លោក​បាន​បញ្ជាក់ថាៈ ក្រដាស​ត្រូវ​លាត​ឱ្យ​ធឹង​ល្អ​សិន មុននឹង​បិទ​ទៅនឹង​ថ្ម ធ្វើបែបនេះ ទើប​មិនមាន​ខ្យល់​ច្រើន នៅក្នុង​ក្រដាស ពេល​យើង​បាញ់​ទឹក លើ​ក្រដាស​នោះ​។ ក្រោយពេល​បាញ់​ទឹក សព្វ​ទាំង​ផ្ទៃ​ក្រដាស​ហើយ យើង​នឹង​ឃើញថា ក្រដាស​នឹង​ចាប់​រាប​ជាប់ ទៅនឹង​សាច់​ថ្ម ហើយ​នៅលើ​កន្លែង​ខ្លះទៀត ពុំ​ជាប់ ដោយសារ​តែមាន​ខ្យល់ នៅក្នុង​នោះ​។ ហេតុដូច្នេះ ត្រូវយក​ខ្យល់​ចេញ​ឱ្យ​អស់ពី​ក្រដាស ព្រោះ​ខ្យល់​នេះហើយ ជាហេតុ​ធ្វើឱ្យរ​ហែកក្រដាស ពេល​យើង​វាយ​ក្រដាស បញ្ចូល​ក្នុង​តួអក្សរ ដោយ​ប្រើ​ច្រាស​។ ឆ្លៀត​ពេលដែល​យើង កំពុង​រៀបចំ​ក្រដាស យើង​ត្រូវ​ត្រៀម​ទឹកខ្មៅ ក្នុង​ប្រអប់​យកទៅ​ហាលថ្ងៃ ឱ្យ​ស្រេច លុះដល់​ក្រដាស​រួចរាល់ ទឹកខ្មៅ ក៏​រាវ​ល្មម អាច​ផ្តិត​បាន​។

របៀប​ផ្តិត និង​សម្អាត​សិលាចារឹក (​រូប​ថ​តៈ អាជ្ញាធរ​ជាតិ​អប្សរា​)​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថាៈ ចំពោះ​របៀប​យក​ខ្យល់​ចេញ ពី​ក្រដាស​វិញ យើង​អាច​ប្រើ​ឧបករណ៍ ពីរ​ប្រភេទ​ទីមួយ ជក់​ធំ និង​ទី​ពីរ គឺ​កំណាត់ ដែល​រមូរ​ជា​ដុំ​។ យើង​ប្រើ​ជក់​ទៅ​គោះ​ដេញ​តិចៗ នៅ​កន្លែង​ដែលមាន​ខ្យល់ គោះ​ដេញ​ពី​ផ្នែក​កណ្តាល ទៅ​គែម​សងខាង​នៃ​ថ្ម ត្រូវ​គោះ​ដោយ ប្រុងប្រយ័ត្ន​បំផុត ព្រោះ​ក្រដាស​សើម ងាយ​នឹង​រហែក ឬ​ច្ប​ត់​មាន​ស្នាម​។ បន្ទាប់មក ប្រើ​ផ្ទៃរាប​ទាំងសងខាង នៃ​កំណាត់​រមូរ ទៅ​តប់​ពង្រាប​ក្រដាស មួយលើកទៀត ជាការ​ស្រេច​។ ការងារ​បន្ទាប់មកទៀត គឺ​ប្រើ​ច្រាស​ដង​វែង វាយ​ផ្ទៃ​ក្រដាស ដោយ​ផ្តោត​សំខាន់ ត្រង់​កន្លែង​ដែលមាន​អក្សរ ឬ​ស្លាកស្នាម​គូសវាស ផ្សេងៗ​។ ការធ្វើ​បែបនេះ ក្នុង​គោលបំណង ឱ្យ​សាច់​ក្រដាស លិច​ចូលទៅក្នុង​ប្រឡោះ​អក្សរ ឱ្យបាន​សព្វ​ល្អ លុះ​ពេល​ផ្តិត ទឹកខ្មៅ​ទៅ គឺ​ជាប់​តែ​ផ្ទៃ​ខាងលើ នៃ​ក្រដាស​ប៉ុណ្ណោះ រីឯ​អក្សរ​វិញ គឺ​ពណ៌ ស មិន​ប្រឡាក់​ទឹក​ថ្នាំ​ឡើយ​។ ក្រោយពេល​វាយ ក្រដាស​ចូល ក្នុង​ប្រឡោះ​អក្សរ សព្វ​ហើយ ត្រូវ​ទុក​ក្រដាស​ឱ្យ​ស្រពាប់​បន្តិច (​មិនឱ្យ​ស្ងួត​ខ្លាំង​ទេ​) ទើប​អាច​ផ្តិត​បាន ព្រោះ​បើ​សើម​ពេក ធ្វើឱ្យ​ទឹក​ថ្នាំ​រាច តែបើ​ស្ងួត​ពេក ក្រដាស​នឹង​ហើប​ចេញ ពី​សាច់​ថ្ម​មកវិញ​។​

របៀប​ផ្តិត និង​សម្អាត​សិលាចារឹក (​រូប​ថ​តៈ អាជ្ញាធរ​ជាតិ​អប្សរា​)​

​លោក​បាន​បន្តថាៈ បន្ទាប់មកទៀត ត្រូវ​រៀបចំ​សម្អាត ប៉ុង​កំណាត់​ផ្តិត និង​ជ្រើស​ខ្នាត​ក្រដាស តាម​ទំហំ​សិលាចារឹក ជាក់ស្តែង ហើយ​ប្រើ​ប៉ុង​កំណាត់ ផ្តិត​លើទឹក​ខ្មៅ និង​ប្រើ​ប៉ុង​មួយទៀត មក​វី​គ្នា ឱ្យ​សព្វ​សាច់​ល្អ ហើយ​ទើប​អាច​ផ្តិត​បាន ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ ពេល​ផ្តិត​ទៅនឹង​ចេញ​ស្នា​មដុំៗ មិន​ស្មើ​សាច់​ល្អ​ទេ​។ យើង​ត្រូវ​ផ្តិត​ពីស្តាំ មក​ឆ្វេង ឬ​ពីឆ្វេង​មក​ស្តាំ និង​ពីលើ​ចុះក្រោម ទៅតាម​ទំនោរ​អ្នក​ផ្តិត ។ ត្រូវ​ផ្តិត​ថ្នមៗ ដោយ​រលាស់​ប៉ុង​តិចៗ​ផង ពេល​ផ្តិត ទើប​វា​ស្មើ​សាច់​ល្អ​។ អនុវត្ត​វិធី​ខាងលើ ម្តង​ហើយ ម្តងទៀត រហូត​ឃើញថា ផ្ទៃ​ក្រដាស​ខ្មៅ សព្វ​ល្អ តែ​មិន​ខ្មៅ​ពេក ដែលជា​ហេតុ អាច​ប្រឡាក់ ដល់​ក្នុង​អក្សរ​។ លុះ​រួចរាល់​ហើយ ទុក​ក្រដាស​ឱ្យ​ស្ងួត​បន្តិច ទើប​អាច​បក​បាន តែ​មិនឱ្យ​ស្ងួត​ពេក​ទេ ព្រោះ​អាចធ្វើឱ្យ​ក្រដាស ស្អិត​ជាប់​នឹង​ថ្ម នាំឱ្យ​រហែក ពេល​យើង​បក​ចេញ​។ ពេល​បក​ចេញ​មកហើយ ក្រដាស​ត្រូវ​យកទៅ​ហាលថ្ងៃ នៅលើ​ផ្ទៃ​រាបស្មើ ឱ្យ​ស្ងួត​ល្អ​។ បន្ទាប់មក ត្រូវ​ពិនិត្យ​លើ​ផ្ទៃ​ថ្ម សិលាចារឹក​ម្តងទៀត ថា​មាន​ប្រឡាក់​ទឹកខ្មៅ ឬ​អត់ បើ​មាន​ត្រូវយក​ច្រាស ដុសធ្មេញ មក​ដុស​សម្អាត​ថ្នមៗ និង​បាញ់​ជម្រះ ដោយ​ប្រើ​ទឹកស្អាត​។ ការងារ​ចុងក្រោយ​គេ គឺ​ចុះ​លេខ K. ឈ្មោះ ទីតាំង ថ្ងៃខែ និង​ក្រុមការងារ​ផ្តិត នៅ​ខាងស្តាំ ផ្នែក​ខាងក្រោម នៃ​ក្រដាសផ្តិត​៕/V

របៀប​ផ្តិត និង​សម្អាត​សិលាចារឹក (​រូប​ថ​តៈ អាជ្ញាធរ​ជាតិ​អប្សរា​)​