ដោយៈ គូលែន / សៀមរាបៈ ពិព័រណ៍សត្វស្លាបកម្ពុជា លើកទី២ ក្រោមប្រធានបទ “ការមើលសត្វស្លាប ផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ” បានប្រារព្ធធ្វើ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅក្រុងសៀមរាប ដោយមានការចូលរួម ពីលោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយដ្ឋាន ចំណេះដឹង និងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរង ខេត្តសៀមរាប ។
លោក ង៉ាន់ ភិរុណ អភិបាលរង ខេត្តសៀមរាប បានបញ្ជាក់ថាៈ ខេត្តសៀមរាប គឺជាទឹកដី នៃសម្បត្តិបេតិកភណ្ឌ វប្បធម៌ពិភពលោក ដ៏មហាអស្ចារ្យ ជាស្នាដៃឯក បន្សល់ ទុកពីបុព្វបុរសខ្មែរយើង ជាទឹកដីពោរពេញ ទៅដោយរមណីយដ្ឋាន ទេសចរណ៍វប្ប ធម៌ និងប្រវត្តិសាស្ត្រ ធម្មជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជម្រុញឱ្យទឹកដី សៀមរាប-អង្គរនេះ ក្លាយជាទិសដៅទេសចរណ៍ ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ -អន្តរជាតិ គ្រប់មជ្ឈដ្ឋាន ជុំវិញពិភពលោក។

លោកបានបន្តថាៈ ជាមួយគ្នានោះ ទេសចរណ៍ធម្មជាតិ បានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាសហគមន៍ នៅក្នុងមូលដ្ឋានផ្ទាល់ និងបានរួមចំណែក ក្នុងការអភិរក្ស ធនធានធម្មជាតិ ក៏ដូចជា ការអភិវឌ្ឍសង្គមជាតិ។
លោកអភិបាលរងខេត្ត បានបន្ថែមថាៈ ប្រទេសកម្ពុជាយើង មានតំបន់ការពារធម្មជាតិជាច្រើន ដែលមានសក្តានុពលយ៉ាងខ្លាំង ក្នុងការប្រែក្លាយ ទៅជាតំបន់ទេសចរណ៍ សត្វស្លាប ដែលអាចបង្កើន ចំណាប់អារម្មណ៍បន្ថែម សម្រាប់អ្នកទេសចរ ដើម្បីមកកម្សាន្ត និងស្វែងយល់ ពីការរស់នៅរបស់សត្វស្លាប ដែលមានវត្តមាន នៅក្នុងតំបន់ទាំងនោះ។
លោក បានបន្ថែមថាៈ ការពិព័រណ៍សត្វស្លាបកម្ពុជា លើកទី២ ក្រោមប្រធានបទ “ការមើលសត្វស្លាប ផ្សារភ្ជាប់ជាមួយ ទេសចរណ៍ធម្មជាតិ” ដែលបានប្រារព្ធឡើងនេះ បានសបញ្ជាក់ឲ្យឃើញថា នៅប្រទេសកម្ពុជាយើង គឺមានវត្តមានសត្វស្លាប ជាច្រើនប្រភេទ និងមានរបៀបរស់នៅ ជាច្រើនសណ្ឋានផ្សេងៗគ្នា នៅតាមតំបន់ការពារធម្ម ជាតិនានា នៅទូទាំងប្រទេសកម្ពុជា។

លោកបានបញ្ជាក់ថាៈ ការពិព័រណ៍សត្វស្លាបកម្ពុជា តាមរយៈការរៀបចំដាក់បង្ហាញរូបភាព នាថ្ងៃនេះ គឺជាការផ្សព្វផ្សាយ ពីសក្តានុពល សត្វស្លាបកម្ពុជា នៅតាមតំបន់ ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជា ដល់សាធារណជន ក៏ដូចជា បង្កើននូវចំណេះដឹង ដល់សាធារណជន អំពីសារៈសំខាន់ នៃសត្វស្លាប និងការងារអភិរក្ស នៅកម្ពុជា តាមរយៈការធ្វើបទបង្ហាញ ជាសាធារណៈពីអ្នកជំនាញ សត្វស្លាប និងអ្នកអនុវត្ត ការងារផ្ទាល់ ព្រមទាំងបណ្តុះទឹកចិត្តស្រឡាញ់ និងការចូលរួម ពីសាធារណជន ជាពិសេស ក្នុងស្រទាប់យុវជន ក្នុងការថែរក្សា និងអភិរក្សសត្វស្លាប នៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញ ដល់វិស័យទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ ដោយរួមបញ្ចូលសកម្មភាព មើលសត្វស្លាប និងចូលរួមចំណែក ក្នុងការលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាសហគមន៍៕/V


