បុរសចំណាស់ម្នាក់អាយុ ៧៤ ឆ្នាំដែលគេជឿថាបានដាច់ដង្ហើមស្លាប់បាត់ទៅហើយនោះ បែរជាមានជីវិតរស់ឡើងវិញស្ទើរមិនគួរឱ្យជឿនិងត្រូវបានជួយសង្គ្រោះចេញពីក្នុងមឈូសកញ្ចក់បង្កការឆោឡោ បន្ទាប់ពីគេលើកដាក់ក្នុងមឈូសអស់រយៈពេល២០ ម៉ោង។
លោក បាឡាស៊ូប្រាម៉ានៀន កុមារ ដែលធ្លាក់ខ្លួនឈឺធ្ងន់ដេកនៅតែលើគ្រែ ត្រូវបានសាច់ញាតិស្មានថាដាច់ដង្ហើមស្លាប់បាត់ទៅហើយនៅពេលគាត់លែងកម្រើកនៅផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិកាន់ដាមប៉ាតទី រដ្ឋតាម៊ឹល ណាឌូ ប្រទេសឥណ្ឌា កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។
តាមទំនៀមទម្លាប់ មឈូសកញ្ចក់ត្រូវបានបញ្ជូនទៅដាក់តម្កល់សពជនចាស់ជរា មុនពេលធ្វើពិធីសាសនា។ប៉ុន្តែនៅពេលបុគ្គលិកក្រុមហ៊ុនមឈូសកញ្ចក់ទៅដល់នៅថ្ងៃស្អែកឡើងដើម្បីយកមឈូសត្រលប់ទៅវិញ ស្រាប់តែសង្កេតឃើញបុរសចំណាស់រូបនេះកម្រើក។
នៅក្នុងឃ្លីបវីដេអូ បុរសអ្នកកាន់កាមេរ៉ាបានស្រែកឡើងភ្លាត់សំឡេងថា “មើលចុះ! ដៃរបស់គាត់នៅកម្រើកទេ ម៉េចអញ្ចឹង?”។
ពេលនោះបុរសឈ្មោះ សារ៉ាវ៉ាណាន់ ដែលជាប្អូនប្រុសរបស់សពបានឆ្លើយភ្លាមៗដោយក្ដីភ្ញាក់ផ្អើលថា “គាត់នៅរស់ទេ ព្រលឹងមិនទាន់ចេញពីរាងកាយរបស់គាត់ទេ”។
ករណីបង្កការភ្ញាក់ផ្អើលនេះ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចុះផ្សាយ ហើយល្បីសុសសាយពេញផ្ទៃប្រទេស។ ពេលនេះប៉ូលិសកំពុងបើកការស៊ើបអង្កេតលើគ្រួសារសពដែលមិនបានឱ្យគ្រូពេទ្យពិនិត្យត្រឹមត្រូវ មុននឹងប្រកាសថា លោក កុមារ ស្លាប់៕ ប្រែសម្រួល៖ខុម/sn