ជាអ្នកដែលធ្លាប់ធ្វើការជាមួយសុនខឃ្វាលចៀម (sheepdog) តាំងពីនៅតូច អ្នកស្រី ដូនណា ចនស៍ (Donna Jones) អាចមើលដឹងថាសុនខណាពូកែខាងឃ្វាលចៀម។ដូចនេះ នៅពេលគាត់ប្រទះឃើញសុនខក្មេងដ៏គួរឱ្យចាប់អារម្មណ៍មួយក្បាលដែលកំពូលអ្នកបង្កាត់ពូជនៅអង់គ្លេស ប្រកាសលក់តាមអ៊ីនធឺណិត ស្ត្រីជាកសិករនៅជើងភ្នំរូបនេះក៏បានប្ដេជ្ញាថានឹងទិញយកវាឱ្យបាន។
ប៉ុន្តែអ្នកផ្សេងៗទៀតក៏បានមើលឃើញសក្ដានុពលរបស់សុនខញី ដែលមានឈ្មោះ ហេនណា (Henna) ខាងលើនេះដែរទើបមានការប្រជែងគ្នាដេញថ្លៃរហូតធ្វើឱ្យវាឡើងតម្លៃខ្លួនដល់ទៅ ២៦.០០០ ដុល្លារដែលជាតម្លៃខ្ពស់បំផុតក្នុងពិភពលោកសម្រាប់សុនខឃ្វាលចៀម។
ដ្បិតតែតម្លៃនេះខ្ពស់ជាងការរំពឹងទុក ក៏ស្ត្រីកូន៣ វ័យ៤១ ឆ្នាំដែលគ្រប់គ្រងកសិដ្ឋានជាមួយស្វាមី ហ្គារ៉េត (Gareth) វ័យ ៤៤ ឆ្នាំរូបនេះនៅតែមានជំនឿចិត្តថាតម្លៃនេះពិតជាស័ក្ដិសមសម្រាប់សុនខដែលពូកែឃ្វាលចៀមដូចវា។
គាត់បានសន្សំលុយមួយរយៈពេលហើយ ដើម្បីទិញសុនខហ្វឹកហាត់ថ្មីមួយក្បាលឱ្យជួយគ្រប់គ្រងចៀមប្រមាណ ៧៥០ ក្បាលនៅកសិដ្ឋានរបស់គាត់ក្នុងភូមិ Llanbedr នៅជួរភ្នំខ្មៅ (Black Mountains) វ៉េលស៍ ភាគខាងត្បូង។
គាត់និយាយថា គ្រាន់តែឃើញសុនខ ហេនណា មានសម្បុរ ៣ ដូចសុនខចាស់របស់គាត់ឈ្មោះ ធីកកា (Tikka) ភ្លាម គាត់ក៏នឹកក្នុងចិត្តស្រេចថា ត្រូវទិញយកវាឱ្យបាន ហើយទីបំផុតក៏ទិញបានមែន៕ប្រែសម្រួល៖ខុម/sn