​ភរិយា​មេទ័ព ហ៊ុន ម៉ា​ណែ​ត ចុះសួរសុខទុក្ខ និង​ចែក​អំណោយ ដល់​ប្រជាពលរដ្ឋ នៅ​ខេត្តពោធិសាត់​

227
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ដោយ​មើលឃើញ នៅ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង នៅក្នុង​ខេត្តពោធិសាត់ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា នេះ លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ចុះ​សួរ​សុខទ​ក្ខ និង​នាំយក​អំណោយ មនុស្សធម៌​ជាច្រើន ជូន​ដល់​ប្រជាពលរដ្ឋ រងគ្រោះ ចំនួន ១.៣០០ គ្រួសារ មកពី ៨ ឃុំ ស្ថិតនៅ​ក្នុងស្រុក​កណ្តៀង ខេត្តពោធិសាត់ ដោយ​ក្នុងនោះ ចែកចេញជា ៣ ទីតាំង ដើម្បី​ជាការ​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល និង​ជួយ​គ្នា ក្នុង​គ្រា​មាន​អាសន្ន ។

លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ចុះសួរសុខទុក្ខ និង​ចែក​អំណោយ ដល់​ប្រជាពលរដ្ឋ នៅ​ខេត្តពោធិសាត់​

​ក្នុងឱកាស​ជួប​សំណេះសំណាល លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ម្ចាស់​អំណោយ​ទាំងអស់ ដែល​បាន​នាំយក​អំណោយ​ទាំងនេះ មក​ឧបត្ថម្ភ​ដល់ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ ដើម្បី​បន្ត​ចែកជូន ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ជាពិសេស ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​គ្រោះទឹកជំនន់ នៅតាម​បណ្តា​ខេត្ត​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុជា​។ ទាក់ទង​នឹង​គ្រោះទឹកជំនន់ ដែល​កំពុង​យាយី នាពេល​បច្ចុប្បន្ននេះ លោកស្រី​បាន​ថ្លែង​អំណរ គុណ​ដល់​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ បាននិងកំពុង​ប្រើប្រាស់ នូវ​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ជួយសង្គ្រោះ ប្រជាពលរដ្ឋ ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់ និង​ទៅដល់​ទីទួល​សុវត្ថិភាព​។

លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ចុះសួរសុខទុក្ខ និង​ចែក​អំណោយ ដល់​ប្រជាពលរដ្ឋ នៅ​ខេត្តពោធិសាត់​

​ក្រៅពី​ការជួយ​សង្គ្រោះ ប្រជាពលរដ្ឋ ដល់​ទីទួល​សុវត្ថិភាព មាន​កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ ដល់​ពលរដ្ឋ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​រស់​នៅមាន​អនាម័យ​ស្អាត បរិភោគ​ទឹក​ឆ្អិន ឬ​អាហារ ដែល​ចម្អិន​បានល្អ ចៀសវាង​ជំងឺ​រាតត្បាត​នានា ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន ពី​សត្វ​អាសិរពិស គ្រប់​ប្រភេទ ។ សូម​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះថ្នាក់​លង់ទឹក ជាពិសេស​កុមារៗ ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ និង​សូម​បន្ត​ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ដោយ​អនុវត្តតាម​វិធានការ​នានា របស់​ក្រសួងសុខាភិបាល និង​ទម្លាប់​រស់នៅ តាមបែប​គន្លង​ថ្មី សូម​ប្រុងប្រយ័ត្ន និង​ការពារ កុំឱ្យ​កើតមាន​ជំងឺគ្រុនឈាម និង​គ្រុន​ឈី​ក​។​

​ប្រជាពលរដ្ឋ ដែល​ទទួលបាន​នូវ អំណោយ​មនុស្សធម៌​ទាំងនេះ ម្នាក់ៗ​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​ម្ចាស់​អំណោយ ដែល​បាន​ជួយ​សម្រាល ក្នុង​ជីវភាព​របស់​ពួកគាត់ ដែល​កំពុង​តែមាន ការលិចលង់​ពី​គ្រោះទឹកជំនន់​នេះ​។​

លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ចុះសួរសុខទុក្ខ និង​ចែក​អំណោយ ដល់​ប្រជាពលរដ្ឋ នៅ​ខេត្តពោធិសាត់​

​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ បាន​ថ្លែងអំណរគុណ ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ ដ៏​ថ្លៃថ្លា​នេះ ស្តែង​ឲ្យ​ឃើញ​អំពី​ការជួយ​គិតគូរ និង​ក្តី​អាណិត​ស្រលាញ់ ចំពោះ​ប្រជាពលរដ្ឋ ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី ជួយ​គ្នា​ទៅវិញទៅមក នៅក្នុង​កាលៈទេសៈ ដែល​ប្រទេសជាតិ​បាន និង​កំពុង​ជួបប្រទះ នូវ​គ្រោះធម្មជាតិ​។​

​ជាមួយគ្នានេះ លោក ឆាយ គឹម​ម៉ុង អភិបាលស្រុក​កណ្តៀង បានអោយដឹងថាៈ ក្នុងស្រុក​កណ្តៀង​នេះ មាន​៩ ឃុំ ក្នុងនោះ ៨ ឃុំ បាន​លិចលង់ ដែល​ធ្វើអោយប៉ះពាល់ ដល់​លំនៅដ្ឋាន​របស់ ប្រជាពលរដ្ឋ​រហូតដល់ ១០.៦៣៤ គ្រួសារ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​មួយចំនួន​។​

​សូម​ជម្រាប​ផងដែរ​ថា នៅក្នុង​ឱកាស​នោះ លោកជំទាវ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​មនុស្សធម៌​ជាច្រើន ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ចំនួន ១.៣០០ គ្រួសារ រួមមាន អង្ករ​២៥​គីឡូក្រាម​, ទឹកបរិសុទ្ធ​២​កេស​, ត្រីខ​២០​កំប៉ុង ភួយ​១ សារុង​១ ថ្នាំពេទ្យ​១​កញ្ចប់ និង​ថវិកា ១០ ម៉ឺន​រៀល ។ ព្រមទាំង​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ មក​ពិនិត្យ​ពិគ្រោះ​ជំងឺ​ទូទៅ និង​ផ្តល់​ថ្នាំ​ព្យាបាល​ជំងឺ​ស្រាលៗ ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ផងដែរ​។ លើសពីនោះ បើ​ប្រពល​រដ្ឋ​ណា មាន​ជំងឺ​ធ្ងន់ធ្ងរ ក្រុមការងារ នឹង​ទទួល​យកមក​ព្យាបាល​ជូន នៅ​ភ្នំពេញ ដោយ​អត់​គិតថ្លៃ​៕​/V

លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ចុះសួរសុខទុក្ខ និង​ចែក​អំណោយ ដល់​ប្រជាពលរដ្ឋ នៅ​ខេត្តពោធិសាត់​
លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ចុះសួរសុខទុក្ខ និង​ចែក​អំណោយ ដល់​ប្រជាពលរដ្ឋ នៅ​ខេត្តពោធិសាត់​
លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ចុះសួរសុខទុក្ខ និង​ចែក​អំណោយ ដល់​ប្រជាពលរដ្ឋ នៅ​ខេត្តពោធិសាត់​

ទីតាំងផ្សាយពាណិជ្ជកម្ម