ដោយៈ សុខុម / ស្ទឹងត្រែងៈ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀនខេត្តស្ទឹងត្រែង បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ១​នាក់ និង​ដកហូត​បាន ថ្នាំញៀនជិត ៤ គីឡូក្រាម នៅវេលា​ម៉ោង ៣​និង​៣០​នាទី រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ហើយនៅ​ថ្ងៃ​ដដែល​នេះ កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បន្ត​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួនជនសង្ស័យ ១ នាក់​ទៀត នៅ​ជិត​ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំង​ក្រៀល កម្ពុជាជាមួយនឹង​ឡាវ​។​

ជនសង្ស័យ ចំនួន ២នាក់ និង​វត្ថុតាងថ្នាំញៀន ដែលសមត្ថកិច្ច ឃាត់ខ្លួន និងដកហូតបាន

​លោក​វរសេនីយ៍ទោ ចែម ផានិត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន ទី​១- ឈ្មោះ អ៊ិន ថា ភេទ​ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង (​បាន​ត្រូវ​ចាប់ខ្លួននៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង​) ។ ទី​២.​ឈ្មោះ វ៉ាន ភូរ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង (​បាន​ត្រូវ​ចាប់ខ្លួន​នៅ​ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ ត្រពាំង​ក្រៀល កម្ពុជា ជាមួយនឹង​ឡាវ​) ។​

ជនសង្ស័យ ចំនួន ២នាក់ និង​វត្ថុតាងថ្នាំញៀន ដែលសមត្ថកិច្ច ឃាត់ខ្លួន និងដកហូតបាន

​លោក​វរសេនីយ៍ទោ បាន​ឲ្យ​ដឹង​ទៀតថាៈ ស្ថិត​ការ​ក្រោម​បញ្ជា​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អូត ស៊ីវ​ត្ថា ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល ពី​ព្រះរាជអាជ្ញា អម​សាលាដំបូងខេត្តស្ទឹងត្រែង កម្លាំង​ជំនាញ បាន​ចុះ​ដល់​ចំណុច ខាងលើ ឃាត់ខ្លួន​បានជនសង្ស័យ​ម្នាក់ ដកហូតគ្រឿងញៀន ចំនួន ៤ កញ្ចប់​ធំ ។ ក្រោយពី​បាន​សាកសួរ និង​ទទួលបាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​នោះ សមត្ថកិច្ច​ជំនាញ បាន​បន្ត​នីតិវិធី ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ទៀត នៅ​ជិត​ព្រំដែន​ឡាវ រួមជាមួយ​ថ្នាំ​គ្រវី ចំនួន ២ ថង់​តូច និង​នាំមក​កាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​សាកសួរ​។ ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ឆ្លើយ​សារភាព ចំពោះមុខ​សមត្ថកិច្ច​ថាៈ គ្រឿងញៀនខាងលើនេះ ពិតជា​របស់ខ្លួន ពិតប្រាកដ​មែន។​

​ក្រោយពី​បាន​សាកសួរ និង​ទទួលបាន​ចម្លើយសារភាព សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង រួមទាំង​វត្ថុតាង​គ្រឿងញៀន ៤ កញ្ចប់​ធំ (​ស្មើនឹង​ជិត ៤ គីឡូក្រាម​) និង​ថ្នាំ​គ្រវី ចំនួន ២ ថង់​តូច បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំងពី​រនាក់ ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​បន្តតាម​នីតិវិធី​៕​/V/Ha

ជនសង្ស័យ ចំនួន ២នាក់ និង​វត្ថុតាងថ្នាំញៀន ដែលសមត្ថកិច្ច ឃាត់ខ្លួន និងដកហូតបាន
​វត្ថុតាង​គ្រឿងញៀន ៤ កញ្ចប់​ធំ (​ស្មើនឹងជិត ៤ គីឡូក្រាម​) និង​ថ្នាំ​គ្រវី ចំនួន ២ ថង់​តូច