Home ព័ត៌មានអន្តរជាតិ អ៊ីស្រាអែលនិង...

អ៊ីស្រាអែលនិងបារ៉ែនចុះហត្ថលេខាបង្គ្រប់កិច្ចដើម្បីធ្វើទំនាក់ទំនងការទូតឡើងវិញ

អ៊ីស្រាអែលនិងបារ៉ែនបានពង្រឹងកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងជាផ្លូវការហើយបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន ៧ កាលពីថ្ងៃអាទិត្យទី១៨តុលា ដោយបើកថែមទៀតនូវតំបន់ឈូងសមុទ្រពែក្សដ៏មានស្តុកស្តម្ភចំពោះរដ្ឋជ្វីហ្វមួយនេះ។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ AFP បាននិយាយថា ឯកសារនេះត្រូវបានចុះហត្ថលេខានៅឯពិធីមួយដោយមានវត្តមានឥស្សរជនអន្តរជាតិនិងអ្នកយកព័ត៌មានអន្តរជាតិជាច្រើន ដោយបំពេញសព្វគ្រប់លើកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាម៉េរិក ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នានៅឯសេតវិមានកាលពីថ្ងៃទី ១៥ ខែកញ្ញា។

គណៈប្រតិភូអ៊ីស្រាអែលដឹកនាំដោយប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ លោក មៀរ បិន សាបាប បានធ្វើដំណើរទៅកាន់ទីក្រុងម៉ាណាម៉ាពីទីក្រុងតែលអាល់វីវក្នុងការហោះហើរត្រង់លើកដំបូងរវាងប្រទេសទាំងពីរ។

រដ្ឋមន្រ្តីក្រសួងរតនាគារអាម៉េរិកលោក ស្តេហ្វិន មេនូជីន និងជំនួយការពិសេសរបស់ប្រធានាធិបតីដូណាល់ ត្រាំសម្រាប់ការចរចាអន្តរជាតិលោក អាវី បឺកូវីត បានធ្វើដំណើរទៅកាន់ទីក្រុងតែលអាល់វីវ មុនពេលចូលរួមក្នុងដំណើររបស់គណៈប្រតិភូអ៊ីស្រាអែលទៅកាន់ទីក្រុងម៉ាណាម៉ា។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP បាននិយាយថា ប៉ុន្តែស្តេចហាម៉ាដ ប៊ីន អាសា អាល់ ខាលីហ្វា របស់បារ៉ែនក៏ដូចជាព្រះអង្គម្ចាស់ និង នាយករដ្ឋមន្រ្តីបានអវត្តមានពីពិធីនេះ។

ក្រសួងការបរទេសអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃអាទិត្យ ក្រុមមន្ត្រីនៃប្រទេសទាំងពីរបានព្រមព្រៀងបង្កើតទំនាក់ទំនងការទូតដោយសន្តិវិធីនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចអាកាសចរណ៍ស៊ីវិលហិរញ្ញវត្ថុគមនាគមន៍និងកសិកម្ម។

ក្រសួងក៏និយាយផងដែរថាខ្លួននឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេសបារ៉ែននិងកត់សម្គាល់ថាប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យលើការលើកលែងនូវតម្រូវការទិដ្ឋាការសម្រាប់អ្នកការទូត។

រដ្ឋមន្រ្តីការបរទេសរបស់បារ៉ែនលោក អាប់ឌូឡាទីហ្វ អាល់ហ្សាយ៉ានី និយាយថា ការសម្រេចចិត្តដើម្បីធ្វើឱ្យមានប្រក្រតីភាពចំណងការទូតគឺកើតចេញពី “ជំនឿលើតម្លៃនៃការអត់ឱ្យអធ្យាស្រ័យ…នៅក្នុងតំបន់មួយដែលប្រជាជនបានទទួលរងពីសង្គ្រាមនិងជម្លោះ”។

លោកបឺកូវីតនិយាយថា ភាគីទាំងពីរនឹងមានសេរីភាពក្នុងការបើកស្ថានទូតនៅក្នុងប្រទេសនីមួយៗបន្ទាប់ពីពិធីនេះ។ លោកបានបន្ថែមថាស្ថានទូតអ៊ីស្រាអែលនៅទីក្រុងម៉ាណាម៉ាអាចបើកក្នុងរយៈពេលប៉ុន្មានខែទៀត។

ជ័យជម្នះការទូតក្នុងចំណោមសម្ព័ន្ធមិត្តក្នុងតំបន់សំខាន់ៗមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោនបានធ្វើឱ្យលោកត្រាំឈ្នះខាងនយោបាយការបរទេសដ៏សំខាន់នៅពេលដែលគាត់ធ្វើយុទ្ធនាការដើម្បីជាប់ឆ្នោតឡើងវិញមុនការបោះឆ្នោតនៅខែវិច្ឆិកា៕ ដោយ ៖ កញ្ញាដាលីស

រដ្ឋមន្រ្តីក្រសួងរតនាគារអាម៉េរិកលោក ស្តេហ្វិន (ស្តាំ) មេនូជីន និងជំនួយការពិសេសរបស់ប្រធានាធិបតីដូណាល់ ត្រាំសម្រាប់ការចរចាអន្តរជាតិលោក អាវី បឺកូវីត មកដល់ទីក្រុងម៉ាណាម៉ាកាលពីថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular