អ៊ីរ៉ង់បាននិយាយថា ការដាក់ទណ្ឌកម្មរបស់អ.ស.បជាយូរមកហើយស្តីពីការទិញដូរអាវុធទៅមកពីសាធារណរដ្ឋអ៊ីស្លាមមួយនេះបានផុតកំណត់កាលពីថ្ងៃអាទិត្យទី១៨តុលាស្របតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់ក្នុងឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោក ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញនោះ។
ទោះយ៉ាងណា ខណៈដែលតេហេរ៉ង់អបអររឿងនេះ ទីក្រុងវ៉ាស៊ីនតោនបានអះអាងថាការលក់អាវុធឱ្យទៅអ៊ីរ៉ង់នឹងនៅតែរំលោភលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនិងគំរាមដាក់ទណ្ឌកម្មលើនរណាដែលហ៊ានលក់ឱ្យប្រទេសនេះ។
អ៊ីរ៉ង់បានសាទរចំពោះការផុតកំណត់នេះថាជាជ័យជម្នះខាងការទូតចំពោះសត្រូវដ៏សំខាន់របស់ខ្លួនគឺសហរដ្ឋអាម៉េរិក ដោយបើកផ្លូវយ៉ាងចំហដើម្បីទិញអាវុធពីរុស្ស៊ីចិននិងកន្លែងផ្សេងទៀត។
ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គិតត្រឹមថ្ងៃនេះ រាល់ការរឹតត្បិតលើការផ្ទេរអាវុធ សកម្មភាពពាក់ព័ន្ធនិង សេវាកម្មហិរញ្ញវត្ថុទៅនិងមកពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់…ត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិ”។
ការដាក់ទណ្ឌកម្មលើការលក់អាវុធធម្មតាឱ្យទៅអ៊ីរ៉ង់គឺត្រូវចាប់ផ្តើមផុតកំណត់ជាបណ្តើរៗចាប់ពីថ្ងៃទី ១៨ ខែតុលាក្រោមលក្ខខណ្ឌនៃសេចក្តីសម្រេចចិត្តរបស់អ.ស.បដែលបានបញ្ជាក់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងទីក្រុងតេហេរ៉ង់និងមហាអំណាចពិភពលោក។
ក្រសួងបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍នៅលើធ្វីតធឺថា “គិតត្រឹមថ្ងៃនេះ សាធារណរដ្ឋអ៊ីស្លាមនឹងអាចទិញសព្វាវុធនិងឧបករណ៍ចាំបាច់ណាមួយពីប្រភពណាមួយដោយគ្មានការរឹតត្បិតផ្នែកច្បាប់និងផ្អែកតែលើតម្រូវការការពាររបស់ខ្លួន”។
ក្រសួងបានទទូចថា នៅក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានធ្វើឡើងជាមួយសហរដ្ឋអាម៉េរិកចិនអង់គ្លេសបារាំងអាល្លឺម៉ង់និងរុស្ស៊ី “ការដកចេញនូវការរឹតបន្តឹងអាវុធនិងការហាមឃាត់ការធ្វើដំណើរត្រូវបានរៀបចំឡើងដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានសកម្មភាពផ្សេងទៀតទេ”។
ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបានដកប្រទេសរបស់ខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងឆ្នាំ ២០១៨ ហើយបានចាប់ផ្តើមដាក់ទណ្ឌកម្មជាឯកតោភាគីលើអ៊ីរ៉ង់៕ ដោយ ៖ កញ្ញាដាលីស