ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបញ្ហាមិនល្អតូចធំតែងបោលហួសឬហោះរំលងដែលលោកអ្នកមិនត្រូវឆ្លងកាត់នាំពិបាកតស៊ូទៀតផង។លោកអ្នកមានការសប្បាយចិត្តសប្បាយកាយច្រើនឡើងវិញ។បើជាអ្នកប្រកបរបររកស៊ីជួញវិញទោះលោកអ្នកជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិង ផ្អែមល្ហែមល្អ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេដូចនេះបើជួបបញ្ហាអ្វីត្រូវ ត្រៀមទប់ទល់ឱ្យបានល្អទើបគ្មានបញ្ហាមិនល្អត្រូវរែកពន់នៅគ្រាក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់កាសច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។
រីឯសេចក្តីស្នេហាកំលោះក្រមុំជួបរឿងរាវរកាំចិត្តនិងចង់ចាញ់ឈ្នះចិត្តគ្នាច្រើន៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកប្រកបការងារអ្វីត្រូវសន្សឹមៗហើយមិនត្រូវធ្វើកិច្ចការងារអ្វីសំខាន់ពេកដែរពីព្រោះថាឧបសគ្គនៅរារាំងចំពោះមុខខ្លះៗនាំជួបផលលំបាកក្នុងការរែកពន់។ទោះបីយ៉ាងណាការបំពេញការងារអ្វីក៏ដោយលោកអ្នកមិនអាចធ្វេសប្រហែសបានទេត្រូវប្រយ័ត្នប្រយែងហើយព្យាយាមឱ្យខ្លាំងទើបហុចផ្លែផ្កាដូចជាទីពេញចិត្តទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខគួរសមហើយភាពសុខដុមក៏កើតមានច្រើនដែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះវិញកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នរែកពន់ភាពទុក្ខសោកទៅវិញ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើចង់ធ្វើអ្វីក៏តែងមានការ ចម្រើនលូតលាស់និងមានជោគជ័យឆ្លើយតបមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកបើចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាឱកាសល្អប្រពៃណាស់ព្រោះថាអាចឆ្លើយតបផ្លែផ្កាដូចជាទីគាប់ចិត្តមកវិញ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ចូលស្តីដណ្តឹងគឺជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេពីព្រោះថាអាចត្រូវចៅហ្វាយនាយថាស្តីបន្ទោសឬក្រុមមនុស្សចាប់កំហុសក្នុងរឿងអ្វីមួយថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកជួបរឿងរកាំចិត្តច្រើនហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមាន ជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនព្រោះមានភាពផុយស្រួយកើតរឿងប្រេះស្រាំណាស់។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការនឿយណាយនិងអស់សង្ឃឹមច្រើនធ្វើឱ្យរកាំចិត្តចំពោះគ្នាមិនតិចដែរទេ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតជួបបញ្ហាបន្តិចបន្តួចចូលយាយី ដូចនេះត្រូវចេះអត់ធ្មត់ ទប់ចិត្តបន្តិចទើបគ្មានបញ្ហាជម្លោះកើតមានឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលាភហេងធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលហើយនៅពេលនេះបើមានក្រុម អតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកស្គាល់ចិត្ត ស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំជាគ្រូសារបំផុត៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារឃើញថាមានការចម្រើនលូតលាស់និងមានជោគមានជ័យច្រើនត្រឡប់មកវិញ។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ឡើយប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខតិចតួចណាស់ហើយមានភាពរកាំចិត្តគ្នាច្រើនទៀតផង៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីលោកអ្នកត្រូវមានចិត្តត្រជាក់ទើបមិនកើតបញ្ហាមិនល្អណាមួយឈានចូលកើត។អ្នកប្រកបរបររកស៊ីជួញដូរវិញភាពស៊យនៅតែតាមជាប់ជានិច្ចដូច្នេះ ឱ្យប្រយ័ត្នជួបគ្រោះបាត់របស់និងគ្រោះចាញ់បោកគេ។ការរស់នៅចូរប្រយ័ត្នរោគជំងឺបៀតបៀនដូចជាជំងឺចាស់លាប់ឡើងវិញព្រោះតែបញ្ហាចំណីចំណុក។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការបែកបាក់៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះកិច្ចការងារឃើញថារលូនល្អហើយពិសេសអាចសម្រេចជោគជ័យ ដូចបំណងថែមទៀត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅគ្រាន់បើ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការយល់ចិត្តគ្នាល្អម្ល៉ោះហើយជាឱកាសល្អក្នុងការដោះស្រាយជម្លោះវិវាទផង៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ នាថ្ងៃនេះលោកអ្នកធ្វើអ្វីឃើញថាជឿនលឿននិងមានភាពស្រស់ ស្រាយជានិច្ច។ លោកអ្នកអាចមានក្រុមមនុស្សជួយជ្រោមជ្រែងឱ្យរួចចាកផុតពីគ្រាលំបាកទៀតផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្ត ដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមិនត្រូវឱ្យមានអារម្មណ៍តានតឹងឡើយនោះទើបពុំកើតបញ្ហាអាក្រក់ណាមួយចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ហើយយកភាពខន្តីដាក់ក្នុងខ្លួនទើបគ្មានបញ្ហាអាក្រក់ណាមួយកើតឡើង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគឺតែងមានបញ្ហាយាយីច្រើនដូច្នេះគប្បីប្រយ័ត្នបញ្ហាចរាចរបន្តិច។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនតិចនោះឡើយ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវសុខស្រួលខ្លួនប៉ុន្មានទេគឺតែងមានរឿងរ៉ាវប្រទាំងប្រទើសនិងក្រុមមនុស្សបៀតបៀនយាយីច្រើន។លោកអ្នកមានការខ្វាយខ្វល់ហើយទោះធ្វើអ្វីៗការទើសមុខទើសមាត់ឥតឈប់ឈរទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនសឹមអនុវត្តជាក្រោយទើបអាចទទូលផលសម្រេចល្អ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នកើតរឿងឈានដល់ការបែកបាក់៕