ដោយ: គ្រញូង / បាត់ដំបង: កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងាសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងលោកស្រី ដោយមានការចូលរួមពីលោក អ៊ុយ រី អនុប្រធានកិត្តិយសសាខា លោក លោកស្រីអនុប្រធានកិត្តិយសគណៈកម្មាធិការសាខា និងយុវជនកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១៥០គ្រួសារ រស់នៅភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សី។

ក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋ លោក អ៊ុយ រី និងលោកបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ និងចូលរួមការសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់នាពេលនេះ ព្រមទាំងបានពាំនាំសារអំពាវនាវពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់៖

១. សូមប្រុងប្រយ័ត្នពីសត្វអសិរ្ពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
២. សូមប្រជាពលរដ្ឋទាំងអស់ពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរាត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់លង់ទឹកស្លាប់នាពេលទឹកជំនន់ ដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។
៣. សូមគិតគូរពីសុខភាព និងការរក្សាអនាម័យធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាករូស ឬជំងឺរាតត្បាតនានា។
៤. នៅពេលទឹកស្រក សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងមានអនាម័យ ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
៥. សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់លាងដៃនឹងសាប៊ូនិងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងរស់នៅតាមបែបគន្លងថ្មី។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដប ក្នុងនោះសាខាបានបន្ថែមទឹកសុទ្ធវីឃែរចំណុះ១៥០០មិលី្លលីត្រចំនួន៦ដប ក្រមា១និងថវិកា១ម៉ឺនរៀល៕ ល/Ha
