ដោយ​កាំ​ពី​/​ក្រចេះ​៖​កាលពី​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០​ដោយមាន​ការបញ្ជា​ពី​លោក​ទ្រី​សុ​ភក្តិ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តក្រចេះ​មន្ត្រីជលផល​ដឹកនាំ​ដោយ​លោក​ម៉ុក​ពន្លក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ​។​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ចុះបង្ក្រាប​បទល្មើស​ជលផល​នៅ​បឹង​ប្រាំង​ឃុំ​កញ្ជរ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​ដោយ​រឹបអូស​បាន​វត្ថុតាង​មួយចំនួនធំ​។​

​លោក​ម៉ុក​ពន្លក​បានឱ្យដឹងថាៈ​ការបង្ក្រាប​បទល្មើស​នរ​សាទ​នេះ​គឺ​បាន​រុះរើ​និង​ដកហូត​បាន​របាំង​ស្បៃ​មុង​ចំនួន​២១​ខ្សែ ប្រវែង​ប្រមាណ​ជា​១.៣០០​ម​,​លូ​ស្បៃ​មុង​ចំនួន ២១​មាត់​លូ​, របាំង​សាច់​អួន​នីឡុង​ក្រលា​ញឹក ៣​ខ្សែ ប្រវែង​ប្រមាណ​ជា​២០០​ម​, លប​សាច់​អួន​ក្រលា​ញឹក​ចំនួន ៣​គ្រឿង​, បង្គោល​ចម្រឹង​ឫស្សី ៣១៥​ដើម​, ចាក់​លែង​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​ប្រមាណ ៧០​គ​ក្រ​។​

​លោកនាយ​ខណ្ឌ​បានបញ្ជាក់​ទៀតថាៈ​វត្ថុតាង​មួយចំនួន​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​បំផ្លាញចោល​នៅ​និង​កន្លែង​។​ដោយឡែក​របាំង​ស្បៃ​មុង​និង​សាច់​អួន​ក្រឡា​ញឹក​បាន​ដឹក​យកទៅ​ថែរក្សា​ទុក​នៅ​ផ្នែករ​ជ​ផ ព្រែក​ប្រសព្វ ដើម្បី​ទុក​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់​ក្នុង​ការងារ​កសិកម្ម នៅពេល​មានការ​ស្នើសុំ​។​

​លោកនាយ​ខណ្ឌ​បាន​អំពាវនាវ​និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​សុំឱ្យ​ចូលរួម​គ្នា​ឱ្យមាន​ការចូលរួម​ដើម្បី​ថែរក្សា​ការពារ​នូវ​ធនធាន​ជលផល​ទាំងអស់គ្នា​។​ជាពិសេស​មិនត្រូវ​យក​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​ច្បាប់​ស្ដីពី​ជលផល​បានធ្វើការ​ហាមឃាត់ៈ​ដូចជា​ឧបករណ៍​ឆក់​ត្រី​និង​ឧបករណ៍​នេសាទ​ស្បៃ​ម៉ុង ជា​ឧបករណ៍​នេសាទ​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ​។​កុំ​យកមក​ធ្វើការ​នេសាទ​ក្នុង​ដែនដី​នេសាទ ទាំង​បឹង​,​ទន្លេ​,​ព្រែក​, ស្ទឹង និង​អូរ ព្រោះថា​ឧបករណ៍​ទាំងនេះ​បាន​បំផ្លិចបំផ្លាញ​ទាំង​ត្រី​មេ​ពូជ និង​កូន​ត្រី​តូចៗ សូម្បីតែ​កូន​កំ​ពិស​ក៏​មិន​សេសសល់​ដែរ​៕S/