ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈតំបន់តូចៗខ្លះស្រុកពីរនៃខេត្តមណ្ឌលគិរីបានរងការលិចលង់តិចតួចដែរបើទោះបីជាខេត្តនេះស្ថិតនៅក្នុងតំបន់ខ្ពង់រាបដែលមានរយៈកម្ពស់ជាងគេក្នុងប្រទេសកម្ពុជានោះក្តី។តែកម្រិតនៃការលិចលង់ បានស្រកទៅវិញភ្លាមៗ ក្រោយលិចបានមួយអន្លើ។
ក្នុងករណីគ្មានការលិចលង់ធ្ងន់ធ្ងរយ៉ាងណាក៏ដោយនោះ ខេត្តមណ្ឌលគិរី ក៏ត្រូវគេរាយការណ៍ថា អភិបាលខេត្តនិងមន្ត្រីចំណុះគ្រប់អង្គភាពបាននិងកំពុងត្រៀមបង្ការនិងដោះស្រាយទាន់ពេលវេលាក្នុងករណីមានជំនន់ទឹកភ្លៀងបន្ថែមទៀតដែរ។
លោកអភិបាលខេត្តមណ្ឌលគិរី,លោកឧត្តមសេនីយ៍ទោឡោសុខាស្នងការនគរបាលខេត្ត,រួមទាំងមន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានកាលពីថ្ងៃទី១៨ខែតុលាឆ្នាំ២០២០បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំណងឃីលិក និងឃុំរយ៉ ក្នុងស្រុកកោះញែក។ដើម្បីត្រៀមកម្លាំងការពារ ទុកជាមុននូវគ្រោះមហន្តរាយ ដែលអាចកើតឡើងនៅតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ដោយជាយថាហេតុដូចបណ្តាខេត្តផ្សេងៗ។
លោកស្វាយ សំអ៊ាងអភិបាលខេត្ត បានឱ្យដឹងថា ក្នុងស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នា នៅខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ បានរងផលប៉ះពាល់ផ្លូវ និងផ្ទះសម្បែងមួយចំនួន នៅឃុំចំនួនបី គឺឃុំណង់ឃីលិក និងឃុំរយ៉ ក្នុងស្រុកកោះញែក ។ក្នុងនោះឃុំមេម៉ង់ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី តែមិនបណ្តាលឱ្យបាត់បង់ដល់អាយុជីវិត និងខូចខាតដល់លំនៅស្ថាន រួមទាំងដំណាំប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ។ ដោយឡែក ស្ថានភាពទឹកដែលឡើងនៅតំបន់ទាំងនោះ គឺមានការស្រកចុះទៅវិញហើយ។
លោកបញ្ជាក់ថា បើទោះបីជានៅតាមឃុំ/ស្រុក ដែលនៅតាមបណ្តោយអូរ ឫទន្លេ ក៏ដូចជាខេត្តទាំងមូល មិនទាន់ជួបបញ្ហាប្រឈមនូវគ្រោះទឹកជំនន់ ដូចបណ្តារាជធានីខេត្តផ្សេងៗក៏ពិតមែន តែយើងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។លោកអភិបាលខេត្ត បានបន្ថែមថា ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះ អាជ្ញាធរខេត្ត ក៏បានត្រៀមកម្លាំងចំនួនពីរក្រុម ។
កម្លាំងស្នងការនគរបាលខេត្ត កម្លាំងអធិការស្រុក ប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារចំនួន ៦០នាក់ ប្រចាំការ នៅឃុំណង់ឃីលិក ស្រុកកោះញែក និងកម្លាំងស្នងការនគរបាលខេត្តចំនួន ២០នាក់ កម្លាំងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ចំនួន១០នាក់ ប្រចាំការ ដើម្បីត្រៀមចុះជួយអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីទឹកជំនន់ ដែលអាចកើតឡើង៕S/